អតីតជំនួយការ​សម្តេចតេជោ​ ហ៊ុន សែន នាយឧត្តមសេនីយ៍ សៅ សុខា ជានរណា?

សង្គម​និង​សេដ្ឋកិច្ច

អតីតបេសកជនអ្នកនាំសារមេបញ្ជាការអង្គភាព៥៧៨ ដែលស្មោះត្រង់បំពេញ​ភារកិច្ច មានការទទួលខុសត្រូវរហូត​ទទួល​បាន​តំណែង​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​កងរាជអាវុធហត្ថ ហើយ​ចុងក្រោយ​បាន​ក្លាយទៅជា​មេដឹកនាំ​កំពូល​នៃ​កង​យោធពល​ខេមរភូមិន្ទដែលជាឥស្សរជនដ៏ឆ្នើមជាមួយនឹងស្នាដៃកិត្តិនាមល្បាញល្បីនៅពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
(Photo by – / AFP)

ក្រៅពីជាឥស្សរជនដ៏ឆ្នើមក្នុងជួរកងកម្លាំង នាយឧត្តមសេនីយ៍ សៅ សុខា គឺជាបុគ្គលម្នាក់ដែលបានចូលរួមយ៉ាងសកម្មក្នុងការកែទម្រង់វិស័យកីឡាបាល់ទាត់នៅប្រទេសកម្ពុជា ក្នុងតួនាទីជាប្រធានសហព័ន្ធកីឡាបាល់ទាត់ រយៈពេលជាង១០ឆ្នាំកន្លងមក បានធ្វើឱ្យកីឡាបាល់ទាត់កម្ពុជា មានការរីកចម្រើនទាំងបរិមាណ និងគុណភាព ជាអាទិ៍សមត្ថភាពកីឡាករ គ្រូបង្វឹក មន្ត្រី អាជ្ញាកណ្តាល និងក្លិបបាល់ទាត់អាជីពនានា មានសមត្ថភាព និងមានលទ្ធភាពចូលរួមការប្រកួតប្រជែងជាលក្ខណៈតំបន់ និងអន្តរជាតិ ជាពិសេសនៅក្នុងការប្រកួតនាពេលកន្លងមក ការខិតខំប្រកួត និងបច្ចេកទេសលេងបាល់ របស់កីឡាករបាល់ទាត់កម្ពុជា បានទាក់ទាញទស្សនិកជន ឱ្យចូលរួមទស្សនាផ្ទាល់ និងទស្សនាតាមអនឡាញ ភ្លូកទឹកភ្លូកដី។ 

ក្រោមការដឹកនាំ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធានសហព័ន្ធ ការលេងកីឡាបាល់ទាត់ មានសកម្មភាព យ៉ាងផុលផុសក្នុងស្រទាប់យុវវ័យ នៅគ្រប់ទីកន្លែងនៅកម្ពុជា។

តើ​នាយឧត្តមសេនីយ៍ សៅ សុខា ​មាន​ប្រវត្តិ​បែប​ណា? សូមតាមដានជាមួយឧកញ៉ាញូស៍ដូចតទៅ៖

អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា កើត​នៅ​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ១៩៦១ នៅ​ខេត្ត​ស្វាយរៀង។ លោក​មាន​បងប្អូន​បង្កើត​ចំនួន ៥​នាក់ ប៉ុន្តែ​ត្រូវ​ទាហាន​ខ្មែរក្រហម​សម្លាប់​ទាំងអស់។

ថ្ងៃទី២១ ខែកក្កដា កាលពីឆ្នាំ ១៩៧៨ ពោល​គឺ​កាលពី ៤៣ឆ្នាំមុន ជា​ថ្ងៃ​ដែល​យុទ្ធជន សៅ សុខា ចូល​បម្រើក្នុងជួរកងទ័ព។ មុនបានដំណែងកំពូលក្នុងជួរកងកម្លាំងនៃក្រសួងការពារជាតិ លោកធ្លាប់មាន​ប្រវត្តិ​​ធ្វើ​ជំនួយការ​សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ៧០​។

លោកត្រូវបានគេចាត់ថាជា អ្នកនារសារមេបញ្ជាការអង្គភាព៥៧៨ ក្រោយមកដោយសារការប្រតិបត្តិតួនាទី ភារកិច្ច មានការទទួលខុសត្រូវ ស្មោះត្រង់ សម្រេចកិច្ចការងារធំៗ ត្រូវបានតែងតាំងមុខដំណែងជាបន្តបន្ទាប់ ហើយក៏ត្រូវបានចាត់តាំងឱ្យទៅបណ្តុះបណ្តាលសិក្សានៅប្រទេសវៀតណាម ទៅសហភាពសូវៀត ផ្នែកវិទ្យាសាស្ត្រនយោបាយនិងរដ្ឋបាលសាធារណៈផងដែរ។ នេះបើតាមការអះអាងពីឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាពេលកន្លងទៅ។

លោក អេង ហុី ថា៖ «គាត់ជាប្រធានមន្ទីរយុវជនក្នុងកងទ័ព ស្នងការចាត់តាំង អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនបដិវត្តន៍កម្ពុជា ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៩។ ហើយពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ គាត់ត្រូវបានប្រគល់មុខដំណែងដ៏សំខាន់មួយ ធ្វើកិច្ចការងារជាមួយបរទេស ចូលរួមអនុវត្តកិច្ចព្រមព្រៀងប៉ារីសស្តីពីកម្ពុជា គឺមានមុខតំណែងជាប្រធានក្រុមយោធាចម្រុះ ភាគីរដ្ឋកម្ពុជា ប្រចាំទិសខេត្តកំពង់ធំ»។

លោក សៅ សុខា ត្រូវ​បាន​ផ្ដល់​តំណែង​ឲ្យ​គ្រប់គ្រង កងរាជអាវុធហត្ថ​ដែល​ទើបបាន​បង្កើត​ឡើង កាលខែ​វិច្ឆិកា ឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៩ ជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមកដល់បច្ចុប្បន្ន និងជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា។

នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តល់អនុសាសន៍ថា៖ តាមទស្សនៈរបស់ខ្ញុំផ្ទាល់ ចាត់ទុកឧបសគ្គគឺជាសាលារៀន ចាត់ទុកការលំបាកគឺជាឪកាស។ ខ្ញុំខ្លាចតែ ៣ចំណុចគឺ ១ ខ្លាចគ្មានឆន្ទៈ ២ ខ្លាចភាពខ្ជិលច្រអូស មិនតស៊ូ ខ្វះភាពព្យាយាម និងអំណត់អត់ធ្មត់ និង៣ ខ្លាចគ្មានសេចក្តីក្លាហាន៕