ក្រសួងប្រៃសណីយ៍​​ឲ្យ​ក្រុមហ៊ុន​ស្មាត សុំទោស​អតិថិជន ថែម​សងសំណង​ខូចខាត​ថែម​ទៀត

ទាន់​ហេតុការណ៍ សង្គម​និង​សេដ្ឋកិច្ច
352 Shares

ថ្មីៗនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរកឃើញថា ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart Axiata Co., Ltd.) បានអនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរសព្ទដោយបានកាត់ផ្តាច់លេខទូរសព្ទ របស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឱ្យអតិថិជនថ្មីដោយគ្មានការយល់ព្រមពីម្ចាស់ដើម។

ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់សេវាទូរសព្ទចល័ត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តម្រូវ​ឲ្យ​ក្រុមហ៊ុន ស្មាត ត្រូវធ្វើការសុំទោសជាសាធារណៈ ដោយចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួន និងសន្យាមិនឱ្យមានហេតុការណ៍ខាងលើកើតមានសារជាថ្មីម្តងទៀត។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុនត្រូវផ្តល់សំណងនៃការខូចខាតដល់ម្ចាស់ដើមចំពោះការប្រព្រឹត្តខុសនឹងនីតិវិធីក្នុងការបិទលេខទូរសព្ទពីអតិថិជនដែលកំពុងប្រើប្រាស់ និង​ត្រូវ​បើក​លេខ​ឲ្យ​ម្ចាស់ដើមមានសិទ្ធិទទួល​គ្រប់​គ្រង​វិញ។

បន្ថែម​ពីនេះ ក្រសួង​ក៏​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​វែក​មុខ​រក​បុគ្គលដែល​ពាក់ព័ន្ធ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

គួរ​បញ្ជាក់​ថា​ កន្លង​ទៅ​ថ្មីៗនេះ មាន​អតិថិជនប្រេីប្រាស់សេវាកម្មទូរស័ព្ទក្រុមហ៊ុន​ SMART ​ម្នាក់បានដាក់ពាក្យប្តឹងទៅ​នាយកដ្ឋាន​ប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការនគបាលជាតិ​ ដោយចោទប្រកាន់ក្រុមហ៊ុនស្មាត (SMART) បានលួចលក់លេខទូរស័ព្ទរបស់​ខ្លួន ដែលកំពុងប្រើប្រាស់រាល់ថ្ងៃឲ្យទៅបុគ្គលផ្សេងទៀតយកទៅប្រើប្រាស់ផ្ទុយពីច្បាប់។

បុរស​ជា​អតិថិជន​នោះ​មាន​ឈ្មោះ​លោកស៊ុន សុភ័ន្ត មុខ​របរ​ជា​បុគ្គលិកក្រុមហ៊ុន​ ខេ.​ អ​. អិន.​ អេ​ រចនា​ ប្រដាក់​ ឯ.ក​ (កាវវិទ្យាសាស្រ្ត)​ តួនាទី​ជាប្រធានផ្នែកទីផ្សារ​​។ បើតាម​បុរស​រូប​នេះ​បាន​បញ្ជាក់​ថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោកបានចេញទៅបើកលុយតាមប្រព័ន្ធវីង ប៉ុន្តែបែរជាម្ចាស់វីង​ប្រាប់ថាមិនអាចដកលុយបាន ដោយ​លេខទូរស័ព្ទរបស់គាត់ ត្រូវបានផ្តាច់ចេញពីស៊ីមកាត ឆែកមិនចេញលេខ។ ភ្លាមៗបុរស​រូប​នោះ​ ក៏បានទូរស័ព្ទទៅប្រាប់ឲ្យម្ចាស់លុយដែលផ្ញើរមកប្រញាប់ទៅដកលុយចេញវិញ ពីព្រោះ​​ខ្លាច​មានជនខិលខូចលួចលេខទូរស័ព្ទរបស់គាត់ ទៅប្រើប្រាស់ខុសផ្លូវច្បាប់​ ខណៈ​លេខទូរស័ព្ទនេះ​ គឺគាត់បានយកអត្តសញ្ញាណប័ណ្ណរបស់គាត់ភ្ជាប់ជាមួយ​ ទេីប​អាចទិញលេខនេះបាន។

បន្ទាប់​ពីមានករណីនេះភ្លាម​ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១​ បុរស​ជាអតិថិជន​បានទៅដល់ក្រុមហ៊ុនស្មាត ( SMART) ដើម្បីឲ្យក្រុមហ៊ុនឆែកមើលលេខទូរស័ព្ទរបស់ខ្លួន ដោយសារតែគាត់ឆ្ងល់ថា​ ហេតុអ្វីបានជាក្រុមហ៊ុនផ្តាច់លេខទូរស័ព្ទរបស់គាត់ ខណៈដែលលេខទូរស័ព្ទមួយនេះគាត់កំពុងប្រើប្រាស់រាល់ថ្ងៃ ហើយបែរជាមានអ្នកផ្សេងប្រើប្រាស់លេខនេះទៅវិញ។

ជាមួយ​គ្នា​នេះ បុរស​ជា​អតិថិជនក៏បានទៅដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការនគបាលជាតិ​ ដើម្បីឲ្យសមត្ថកិច្ច​​ជំនាញជួយស្រាវជ្រាវ និងមានវិធានការចំពោះបុគ្គលិក និងក្រុមហ៊ុនស្មាត(SMART) ដែលបានធ្វើសកម្មភាពទាំងនេះតាមច្បាប់ជាធរមាន។

ក្រសួងប្រៃសណីយ៍​​ឲ្យ​ក្រុមហ៊ុន​ស្មាត សុំទោស​អតិថិជន ថែម​សងសំណង​ខូចខាត​ថែម​ទៀត
352 Shares