ក្រុមហ៊ុន​ទូរសព្ទស្មាត បំភ្លឺរឿងហេតុកាត់លេខទូរសព្ទ​អតិថិជន​ រហូត​ដល់ក្រសួងប្រៃសណីយ៍​ចេញ​សេចក្តីព្រមាន

ព័ត៌មានថ្មីៗ សង្គម​និង​សេដ្ឋកិច្ច

នៅ​មុននេះបន្តិច​ ក្រុមហ៊ុន​បណ្តាញ​ទូរសព្ទ​ស្មាត បានធ្វើការស្រាយ​បំភ្លឺ ក្រោយ​មានការ​​ព្រមាន​ពីក្រសួងប្រៃសនីយ៍​និង​ទូរគមនាគមន៍ លើករណីកាត់លេខទូរសព្ទអតិថិជន​ខុស​គោលការណ៍​ច្បាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Smart បាន​ធ្វើការបញ្ជាក់នៅលើផេក​ផ្លូវការ​នៅព្រឹកនេះ​ថា ក្រោយកើតហេតុ​ ក្រុមហ៊ុន Smart បានចាត់វិធានការចាំបាច់នានាភ្លាមៗ ដើម្បីកែតម្រូវចំពោះបញ្ហានេះ ។ នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ 2021 ក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីទទួលបានពាក្យបណ្ដឹង លេខទូរសព្ទដែលជាកម្មវត្ថុនៃពាក្យបណ្តឹងនេះត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន នៅមុនពេលធ្វើការប្រគល់​ត្រលប់ ជូនទៅម្ចាស់កម្មសិទ្ធិស្របច្បាប់វិញ។

នៅថ្ងៃទី៩ខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុន Smart បានពិភាក្សា និងផ្តល់ព័ត៌មានលំអិតអំពីករណីនេះទៅនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) និងស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានទទួលពាក្យបណ្តឹងពីអតិថិជននោះ។ ក្រុមហ៊ុនបានទាក់ទងជាមួយអតិថិជនដែលរងការប៉ះពាល់ និងស្នើផ្តល់ជាដំណោះស្រាយ ក៏ប៉ុន្តែសំណើនោះត្រូវបានបដិសេធ។ ក្រុមហ៊ុននៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ ដ៏សមស្របមួយ។

យោងតាមការត្រួតពិនិត្យផ្ទៃក្នុង ក្រុមហ៊ុនរកឃើញកំហុសរបស់បុគ្គលិកមួយរូប ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ ក៏​ត្រូវបានព្យួរពីការងារ និង ទទួលទណ្ឌកម្មវិន័យនានាតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនមិនលើកលែងចំពោះសកម្មភាពដែលផ្ទុយពីតុណតម្លៃ គោលការណ៍ ឬនីតិវិធី របស់ក្រុមហ៊ុនដែលទាំងអស់នេះត្រូវបានរៀបចំឡើងដើម្បីធានាថាអតិថិជនទាំងអស់ ទទួលបាននូវសេវាកម្មមួយដ៏ល្អ និងអាចទុកចិត្តបាន។ ក្នុងនាមក្រុមហ៊ុន ដែលបានប្តេជ្ញាផ្តល់តម្លៃលើភាពស្មោះត្រង់ សមធម៌ និងគោរពសិទ្ធិអ្នកប្រើប្រាស់ ក្រុមហ៊ុនមិនគាំទ្រជាដាច់ខាតចំពោះទង្វើរបស់បុគ្គលិករូបនេះ និងសូមបញ្ជាក់ជាសាធារណៈថា បុគ្គលិករូបនោះពិតជាបានប្រព្រឹត្តផ្ទុយស្រឡះពីការទទួលខុសត្រូវ ស្របទៅតាមស្តង់ដារក្រមសីលធម៌ វិជ្ជាជីវៈរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនក៏បាន ពង្រឹងនីតិវិធីផ្ទៃក្នុង ហើយបានដាក់ចេញនូវវិធានការបន្ថែមនានា ដើម្បីធានាមិនឱ្យឧប្បត្តិហេតុដដែលនេះកើតឡើងសារជាថ្មីទៀតឡើយ។

យោងទៅលើគោលការណ៍ និងនីតិវិធីប្រតិបត្តិរបស់ក្រុមហ៊ុន បុគ្គលិកទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យលក់ ឬផ្ទេរសិទ្ធិកម្មសិទ្ធិលេខទូរស័ព្ទណាមួយដែលកំពុង ដំណើរការទៅឱ្យអតិថិជនថ្មី ដោយគ្មានវត្តមាន និងការយល់ព្រមដោយជាក់លាក់ពីអតិថិជនចាស់ និងអតិថិជនថ្មីឡើយ។

ស្របតាមលក្ខខណ្ឌនៃការប្រើប្រាស់លេខទូរស័ព្ទ Prepaid របស់ក្រុមហ៊ុន Smart ក្រុមហ៊ុន​បាន​បញ្ជាក់ថា រាល់​លេខទូរស័ព្ទ Prepaid ដែលត្រូវបានលក់ជូនទៅអ្នកប្រើប្រាស់ អាចនៅជាកម្មសិទ្ធិក្នុងរយៈពេល ៩០ ថ្ងៃ ចាប់ពីថ្ងៃចុងក្រោយនៃការបញ្ចូលលុយ។ បន្ទាប់ពី រយៈពេល ៩០ ថ្ងៃកន្លងផុត ក្រុមហ៊ុនមានសិទ្ធិបញ្ឈប់ការប្រើប្រាស់លេខទូរស័ព្ទ Prepaid នោះ ហើយលក់លេខនេះទៅអតិថិជនថ្មីទៀត ។ ដើម្បីជាការក្រើន រំលឹកមុន​រយៈពេល ៩០ ថ្ងៃមកដល់ ក្រុមហ៊ុនតែងតែជូនដំណឹងដល់អ្នកប្រើប្រាស់តាមរយៈសារ (SMS) ជាច្រើនលើកផងដែរថា «លេខទូរស័ព្ទនឹងត្រូវធ្វើការដាក់លក់ឡើងវិញ ប្រសិនបើមិនបានធ្វើការបញ្ចូលលុយតាមកាលកំណត់»។

ក្រុមហ៊ុនយើងខ្ញុំសូមស្នើសុំ និងធ្វើសេចក្តីណែនាំដល់អតិថិជន Smart ទាំងអស់ ឱ្យធ្វើបច្ចុប្បន្នភាពការចុះឈ្មោះលេខទូរស័ព្ទឱ្យបានត្រឹមត្រូវគ្រប់ពេលវេលា។ លោកអ្នក អាចធ្វើការចុះឈ្មោះលេខទូរស័ព្ទតាមរយៈ www.smart.com.kh/support/sim-teg ឬតាមរយៈ Smart Shop ណាមួយដែលមាននៅទូទាំងប្រទេស៕