មេរៀនវិនិយោគគួររៀនពីមហាសេដ្ឋីប្រាក់លាន ឡេង ណាវ៉ាត្រា

ជុំវិញ​ឧកញ៉ា
859 Shares

នៅប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើឲ្យកក្រើកផ្អើលនៅប្រទេសកម្ពុជាទាំងសកម្មភាពការវិនិយោគ និងកិច្ចការមនុស្សធម៌ដោយបានបរិច្ចាគធនធានសម្ភារៈ និងថវិកាវ៉ាល់លានដុល្លារក្នុងការចូលរួមលើកស្ទួយសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យសុខាភិបាល។

បន្ថែមពីនេះពាណិជ្ជករខ្មែរ ឡេង ណាវ៉ាត្រា ក៏មានការចាប់អារម្មណ៍កោតសរសើរយ៉ាងខ្លាំងពីថ្នាក់ដឹកនាំកំពូលៗ មន្រ្តីរាជការ អ្នកវិនិយោគ ដូចប្រិយមិត្តបានដឹងគ្រប់គ្នាហើយថា លោកធ្លាប់ធ្វើជាពលករនៅក្រៅប្រទេសអស់ជាច្រើនឆ្នាំទម្រាំមានថ្ងៃនេះ។ លោកត្រូវបានចាត់ថា ជាមនុស្សមានការតស៊ូជំនះរាល់ឧបសគ្គរាប់ម៉ឺនជំពូក ប្រែក្លាយមកជាពាណិជ្ជករជោគជ័យទាំងនៅវ័យក្មេង ត្រឹមរយៈពេលខ្លី ខណៈលោកមានប្រវត្តិជាកូនអ្នកក្រីក្ររស់នៅទីជនបទលំបាកលំប៉ិនរកតែអង្ករច្រកឆ្នាំពុំមានផងនោះ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនក្លាយជាមហាសេដ្ឋីវ័យក្មេង លោកមានប្រវត្តិជូរជត់ខ្លាំង ដោយធ្លាប់អូសរទះលក់បុកល្ហុក លក់មីឆាតាមដងផ្លូវ លក់ហ្គាស់ជាមួយបងប្អូនដើម្បីដោះស្រាយជីវភាព។ ការប្រកបមុខរបរនៅពេលនោះគឺសម្រាប់តែរស់មួយគ្រាៗតែប៉ុណ្ណោះ។ ការមករស់នៅភ្នំពេញរបស់កូនអ្នកខេត្តព្រៃវែងរូបនេះ បានបង្រៀនឲ្យលោកចេះតស៊ូ មានឆន្ទៈ នឹងមហិច្ឆតាធំ ព្រោះតែឃើញគេមានបាន។

ស្របពេលសេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងមានការរីកចំរើន និងមានទំនាក់ទំនល្អជាមួយបណ្តាលប្រទេសក្នុងពិភពលោកផងនោះ លោកក៏សំឡឹងឃើញគោលដៅសម្រាប់ជីវិតខ្លួនឯងមួយបន្ថែមទៀត គឺធ្វើការជាពលករនៅក្រៅប្រទេស ហើយលោកក៏សម្រេចចិត្តចូលរៀនភាសាកូរ៉េ ក្រោយមកលោកបានប្រឡងជាប់ទៅធ្វើការនៅប្រទេសកូរ៉េដែលនេះជាឪកាសឲ្យលោកឃើញពន្លឺថ្មីស្គាល់រសជាតិរស់នៅស្រុកគេ។

ដោយសំឡឹងឃើញឪកាសមាសនៅស្រុកខ្មែរ ក្នុងពេលកំពុងធ្វើជាពលករនៅប្រទេសកូរ៉េអស់ជាច្រើនឆ្នាំលោកក៏សម្រេចចិត្តមកមាតុភូមិវិញ ដើម្បីវិនិយោគវិស័យអចលនទ្រព្យ ខណៈវិស័យមួយនេះកំពុងមានតម្រូវការខ្លាំង ព្រោះមានអ្នកវិនិយោគិនបរទេសមកបណ្តាក់ទុនច្រើននៅប្រទេសកម្ពុជា។

បន្ទាប់ពីប្រឡូកក្នុងវិស័យអចលនទ្រព្យលោកទទួលបានជោគជ័យបង្កើតទ្រព្យសម្បត្តិសាងភាពល្បីល្បាញត្រឹមពេលមួយពព្រិចភ្នែក។ មុខជំនួញចេះកាប់កប់រីកដុះដាលឡើង លោកតែងតែបរិច្ចាគធនធានសម្ភារៈ និងថវិកាដល់រាជរដ្ឋាភិបាលវ៉ាល់លានដុល្លារជាហេតុបណ្តាលឲ្យលោកទទួលបានគោរមងារជាឧកញ៉ានៅក្នុងឆ្នាំ២០១៨ ហើយក្នុងឆ្នាំ២០២១នេះ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ប្រាស់ព្រះរាជទានគោរមងារជាអ្នកឧកញ៉ាបន្ថែម។

ទន្ទឹមនឹងនេះ សកម្មភាពរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារត្រកូល “ឡេង” ត្រូវបានមហាជន និងថ្នាក់ដឹកនាំស្ងប់ស្ងែងកោតសរសើរមិនដាច់ពីមាត់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម។

ឧកញ៉ាញូស៍ សូមបង្ហាញសកម្មភាពការវិនិយោគដែលយើងគួររៀនសូត្រតាម ស្របពេលមុខជំនួញនិមួយៗរបស់លោកមានការគិតគូរច្បាស់លាស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងត្រូវតាមស្ថានភាពសង្គមនាពេលបច្ចុប្បន្ន មិនតែប៉ុណ្ណោះ គ្រប់សកម្មភាពជុំវិញការវិនិយោគតែងផ្សារភ្ជាប់ជាមួយនឹងបេះដូងមនុស្សធម៌ជានិច្ច។

១.វិស័យអចលនទ្រព្យ៖ ស្របពេលដែលទីផ្សារអចលនទ្រព្យកំពុងតែរីកចម្រើនខ្លាំង និងមានការចាប់អាម្មណ៍ខ្លាំងពីសំណាក់ប្រជាជនក្នុងស្រុក និងវិនិយោគិនពីក្រៅស្រុក។ លោកបានចាប់ឪកាសបើកអភិវឌ្ឍន៍គម្រោងថ្មីៗបន្តបន្ទាប់ដោយឈរលើតម្លៃទាបបំផុតក្នុងតំបន់។ ខណៈដែលអ្នកជំនួញរូបនេះ ត្រូវបានចាត់ថា ជាមនុស្សដែលតែងតែបង្កើតឪកាសវិនិយោគថ្មីៗ ហើយទៅវិនិយោគដល់កន្លែងណាផ្អើលគេឯងនៅកន្លែងទីនោះ ដូចជាគម្រោងដីឡូតិ៍នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប គម្រោង​ទីក្រុង​រណប China Poipet Satellite City​​ និងគម្រោង​រមណីយដ្ឋាន​សិប្បនិមិត្ត​លើ​ផ្ទៃ​ដី ៥០០ហិចតាជាដើម។

នៅចុងខែកក្កដានេះលោកបានធ្វើឲ្យមហាជន អ្នកវិនិយោគភ្ញាក់ផ្អើលក្រោយប្រកាសកំពូលភូមិគ្រឹះមានតែ ១ស្រុកខ្មែរ ប្រណីតញាក់សាច់ គឺវិមាន Privacy ជាស្ដេចវិឡាដ៏មានកិត្យានុភាព ប្រណិតភាព ឧត្ដមភាពនៃភាពអស្ចារ្យ ការរស់នៅវិមានឯកជន ក្នុងកំពូលភូមិគ្រឹះ ដ៏ល្អឯកគ្មានគូប្រៀប ដែលមានតម្លៃ បីលានកៅសិបប្រាំមឺនដុល្លរ ស្ថិតតាមបណ្ដោយផ្លូវជាតិ6A។

២.ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា៖ នេះជាជំហានថ្មីមួយទៀតរបស់លោក​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាមួយ​បន្លែ​គុណភាព​ខ្ពស់ ធម្មជាតិ​ពិត​ៗ។

“គោលដៅរបស់​យើង គឺ ​​ចង់​លើកស្ទួយ​ផលិត​ផល​ខ្មែរ​ក្នុង​ស្រុក ដោយ​ការ​ប្រមូល​ទិញ​រាល់​ផលិតផល​កសិករ​ខ្មែរ​ ដែល​ដាំដុះ​ដោយ​ធម្មជាតិ ពី​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស”។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ពេលកន្លងទៅ​។

៣.ផលិតកម្មចម្រៀង៖ ក្រៅពីរមានមុខជំនាញប្រាក់លាននៅក្នុងដៃ លោកជាមនុស្សម្នាក់ដែលស្រឡាញ់និងចូលចិត្តវិស័យសិល្បៈខ្លាំង ដោយកន្លងទៅលោកធ្លាប់បានបោះទុនវិនិយោគលើការផលិតរឿង និងផលិតបទចម្រៀងរាប់រយបទដើម្បីបំពេញតម្រូវការទស្សនិកជន។

អ្វីដែលមហាសេដ្ឋី ឡេង ណាវ៉ាត្រា ធ្វើឲ្យផ្អើលប្រទេសមួយទៀត គឺនៅគ្រាតារាចម្រៀងកំពូលលំដាប់ប្រទេស ព្រាប សុវត្ថិ បានសម្រេចចិត្តមករួមដំណើរជាមួយលោក ខណៈដែលលោក ព្រាប សុវត្ថិ រួម​រស់​ជាមួយ​ផលិតកម្ម​ហង្សមាស​ជាង​ ២៣ ឆ្នាំមកហើយ​។

មាន​ការ​​​លើក​ឡើង​ថា ការ​ចេញ​ពី​ទ្រនំ ហង្ស​មាស មក​ចូល​ក្នុង​ផលិតកម្ម​ Galaxy Navatra របស់​មហាសេដ្ឋី​ ឡេង ណាវ៉ាត្រា តារា​ចម្រៀង​រូប​នេះ បាន​ទទួល​​កញ្ចប់​៣០ម៉ឺន​ដុល្លារ ជា​មួយ​នឹង​ប្រាក់​ខែ ប្រចាំ​ខែ​៨ពាន់​ដុល្លារ​ក្នុង​១ខែ ប៉ុន្តែ​ការ​លើក​ឡើង​នេះ ត្រូវ​បាន តារា​កំពូល​តារា​ចម្រៀង​រូប​នេះ ក៏​ដូច​ជាម្ចាស់ផលិតកម្មអ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ច្រាន​ចោល ដោយ​អ្នក​ទាំង​ពីរ​បញ្ជាក់​ស្រដៀង​គ្នា​ថា ធ្វើ​ឡើង​ដោយ​​បេះ​ដូង ដើម្បី​ស្វែង​រក​​បទពិសោធន៍​ថ្មី​ ដោយ​ការ​រាប់អាន ​មាន​ឆន្ទៈ​ជាមួយ​សិល្បៈ​ពិតប្រាកដ​ ធ្វើ​ការងារ​ដោយ​សប្បាយចិត្ត​រួម​ដំណើរ​ជាមួយ​គ្នា ជោគជ័យ​ជា​មួយ​គ្នា។

ជា​មធ្យម​​អ្នកឧកញ៉ា ​តែង​តែ​ដក​ប្រាក់​​ចំណេញ​ពី​វិស័យ​អចលនទ្រព្យ​ពី​​២០ ទៅ៣០% មក​វិនិយោគ​លើ សិល្បៈ​នេះ។

៤.វិស័យធនាគារ និងហិរញ្ញវត្ថុ៖ បន្ទាប់​ពី​ទទួល​បាននូវភាពជោគជ័យខ្លាំង​ក្នុង​វិស័យ​អចលនទ្រព្យ​​ មហាសេដ្ឋី​វ័យ​ក្មេង ឡេង ណាវ៉ាត្រា​ បាន​ចាប់​ផ្ដើម​​​បោះ​ទុន​វិនិយោគ​​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​បន្ថែម។ គ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ ដែល​គ្រោង​ដំណើរ​ការ​នេះ មាន​ឈ្មោះ​ថា ឡេង ណាវ៉ា​ត្រា ឃែភីថល ម.ក ដែល​មាន​​ទី​ស្នាក់​ការ​កណ្ដាល​ស្ថិត​នៅ​លើ​អាគារ​លេខ H07 B នៃ​មហាវិថី​ អូស៊ី​ អាយ​ស៊ី​ ភូមិ គៀន​ឃ្លាំង​ សង្កាត់​ជ្រោយ​ចង្វា​ខណ្ឌ​ជ្រោយ​ចង្វា​ រាជ​ធានី​ភ្នំពេញ។​

អ្នក​ឧកញ៉ា ឡេង ​ណាវ៉ាត្រា​ បាន​ថ្លែង​ថា៖ “គោល​ដៅ​របស់​ខ្ញុំ​គឺ​ត្រូវ​សាង​សង់​គម្រោង​លំនៅឋាន​តម្លៃ​ ក្រោម​មធ្យម​នៅ​​ ​២៥ខេត្ត​ក្រុង​។ ដូច្នេះ​ហើយ​យើង​បង្កើត​គ្រឹះ​ស្ថាន មីក្រូហិរញ្ញវត្ថុ​នេះ​ ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ ដែល​ត្រូវ​បង់​រំលស់​រយៈ​ពេល​វែង​”​​។

៥.ក្នុងឆ្នាំ២០២១នេះស្ថានភាពជំងឺកូវីដ១៩រាតត្បាតនៅប្រទេសកម្ពុជា រាជរដ្ឋាភិបាលប្រកាសបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីជួយសម្រួលដល់បងប្អូនជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាស​លក់​អង្ករ​ខាត ៤០​ដុល្លារ​ក្នុង​១​តោន ជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ដំណាក់​កាល​លំបាក​ ហើយទទួលបានការចាប់ជាខ្លាំងពីប្រជាពលរដ្ឋ។

សរុបជារួម សកម្មភាពការវិនិយោគរបស់លោកត្រូវបានគេមើលឃើញថា គាត់គឺជាមនុស្សដែលមានភាពវ៉ៃឆ្លាត ចេះបង្កើតឪកាស មើលស្ថានភាពសង្គម វ៉ៃលុកទីផ្សារចាប់យកគោលដៅអតិថិជនជាអ្នកមានកម្រិតជីវភាពធម្យមក្នុងការប្រកាសគម្រោងនិមួយៗ។ លោកឲ្យតំបូន្មានថា៖ យើងអាចងាកក្រោយញញឹមបាននៅពេលដែលដើរវង្វេងក្រឡេកមើលស្តាំឆ្វេងបត់បែនតាមកាលៈទេសៈ ហើយក៏គ្មានការជោគជ័យណាដែលបានកស្រួលដោយគ្មានការព្យាយាមនោះទេ

លោកបន្តថា៖ ក្រុមហ៊ុនទាំងមូលអាចខ្លាំងបានត្រូវមានអ្នកដឹកនាំខ្លាំងយល់គ្រប់កាល:ទេស: ហ៊ានវះកាត់សម្រេចចិត្តដោយមិនស្ទាក់ស្ទើរ នឹងបែងចែកកាងារទៅតាមជំនាញដែលចេះពិតប្រាកដ៕

មេរៀនវិនិយោគគួររៀនពីមហាសេដ្ឋីប្រាក់លាន ឡេង ណាវ៉ាត្រា
859 Shares