ធុរជន និងវិនិយោគិនកម្ពុជា-រុស្ស៉ីនឹងសិក្សាពីលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជំរុញ និង លើកកម្ពស់គម្រោងរួមគ្នារវាងប្រទេសទាំងពីរ

សង្គម​និង​សេដ្ឋកិច្ច

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ចូលរួមថ្លែងសន្ទរកថាអំពី “កាលានុវត្តភាពវិនិយោគនៅកម្ពុជា” ក្នុងឱកាសនៃបេសកកម្មធុរកិច្ចលើកទីមួយរបស់រុស្ស៊ីមកកម្ពុជា តាមប្រព័ន្ធអនឡាញ នារសៀលថ្ងៃទី៣០ ខែកក្កដា ម្សិលមិញ។ កម្មវិធីនេះ មានការចូលរួមពី ធុរជន និងវិនិយោគិនប្រទេសទាំងពីរ និងតំណាងពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រមាណ២៥០នាក់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

អ្នកឧកញ៉ាបានថ្លែងថា ប្រទេសទាំងពីរ គឺជាដៃគូយូរអង្វែង និងមានចំណងទាក់ទងជាមិត្តភាពជិតស្និទ្ធតាំងពីយូរលង់ណាស់មកហើយ។ ទំនាក់ទំនងទ្វេភាគីត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកត់ក្តៅចំពោះធុរជន និងវិនិយោគិនរុស្ស៉ីទាំងអស់ ក្នុងការស្វែងរកឪកាសវិនិយោគនៅកម្ពុជា។

គួរជម្រាបជូនថា កម្មវីធីនេះ ប្រព្រឹត្តទៅស្របពេលនឹងការប្រារព្ធខួបលើកទី ៦៥ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី។ មូលបទនៃកិច្ចពិភាក្សា ផ្តោតលើវិស័យសំខាន់ៗបី គឺ វិស័យបច្ចេកវិទ្យាព័ត៌មាន សុវត្ថិភាពប្រព័ន្ធអ៊ីនធឺណែត បច្ចេកវិទ្យាឌីជីថល វិស័យឧស្សាហកម្ម និងវិស័យថាមពល។ ធុរជនប្រទេសទាំងពីរ នឹងសិក្សាពីលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជំរុញ និង លើកកម្ពស់គម្រោងរួមគ្នារវាងប្រទេសទាំងពីរ។

បន្ថែមពីនេះ សភាពាណិជ្ជកម្មកម្ពុជា បាននឹងកំពុងសហការជាមួយភាគីរុស្ស៉ី ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ រហូតមកដល់នេះសភាពាណិជ្ជកម្មបានរៀបចំជំនួបពាណិជ្ជកម្ម និងកម្មវិធីជំរុញការវិនិយោគជាមួយប្រទេសរុស្ស៉ីក្នុងវិស័យផ្សេងៗជាច្រើន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយមូលនិធិ Roscongress ឆ្នាំ២០១៨ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៉ី នៅឆ្នាំ២០១៦ និងអនុស្សារណៈយោគយល់ជាមួយសមាគមស៉ីប៊េរី សម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ច និងវប្បធម៌ នៅឆ្នាំ២០១៥។

យោងតាមរបាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ ឆ្នាំ​២០២០ និ​ងទិសដៅការងារ​ពាណិជ្ជកម្ម ឆ្នាំ​​២០២១ របស់​ក្រសួង​ពាណិជ្ជកម្ម បានឱ្យដឹង​ថា ទំហំ​ពាណិជ្ជកម្មធ្វើឱ្យកម្ពុជាសម្រេចបាន៣៥ ៨០៥,៨៥លា​នដុល្លារអាមេរិក កើនឡើង ២,៥៤% ដែលក្នុងនោះ ការ​នាំចេញមាន​ចំនួន១៧ ២១៥,៣៧លាន​ដុល្លារ​អាមេរិក ពោល​មានការកើនឡើង ១៦,៧២% ។

ចំណែកការនាំចូលមាន១៨ ៥៩០,៤៨លានដុល្លារអាមេរិក ពោលគឺ​​មានការថយចុះ ៧,៨៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩៕