វាគ្មិនល្បីៗចែករំលែកនូវបទពិសោធន៍ល្អៗនិងបង្ហាញពីការអនុវត្តផ្ទាល់ខ្លួនក្នុងការកែប្រែជីវិតឱ្យបានភាពជោគជ័យ

សង្គម​និង​សេដ្ឋកិច្ច

វាគ្មិនកិត្តិយសទាំងបីរូបនោះគឺលោកស្រី ស មុន្នីរ័ត្ន និស្សិតអាហារូបករណ៍ថ្នាក់បណ្ឌិត បច្ចុប្បន្នកំពុងបន្តសិក្សាជំនាញអភិវឌ្ឍការអប់រំ នៅសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា​ នៃប្រទេសជប៉ុន លោក ជិន លីសុធីនី អតីតនិស្សិតអាហារូបករណ៍ ថ្នាក់អនុបណ្ឌិត ជំនាញ Maritime and Air Transport Management នៅសាកលវិទ្យាល័យ Antwerb នៃប្រទេសប៊ែលហ្សិក និងកញ្ញា ចាប ច័ន្ទចំរើនរក្សា សាស្រ្តាចារ្យភាសាអង់គ្លេសនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន រួមគ្នាចែករំលែកបទពិសោធន៍ល្អៗតាមអនឡាញក្រោមប្រធានបទ “គន្លឹះកសាងខ្លួនជានិស្សិតឆ្នើម” ជូននិស្សិតជំនាន់ទី១ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣១ ខែកក្កដាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសិក្ខាសាលាដែលរៀបចំឡើងតាមរយៈកម្មវិធី (Microsoft Team) ជូននិស្សិតជំនាន់ទី១ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន លោកស្រី ស មុន្នីរ័ត្ន លើកប្រធានបទ “វិធីសាស្រ្តនៃការសិក្សាប្រកបដោយប្រសិទ្ធិភាព” សម្រាប់លោក ជិន លីសុធីនី វិញ លើកយកប្រធានបទ “គន្លឹះនៃការកសាងខ្លួនជានិស្សិតឆ្នើម” ខណៈកញ្ញា ចាប ច័ន្ទចំរើនរក្សា នឹងវែកញ៉ែកលើប្រធានបទ៖ “ទម្លាប់ និងវិន័យនៃការរៀនសូត្រឱ្យក្លាយខ្លួនជានិស្សិតឆ្នើម”។

ថ្លែងនៅក្នុងអង្គសិក្ខាសាលាវាគ្មិនកិត្តិយសទាំងបីរូបបានចែករំលែកនូវបទពិសោធន៍ល្អៗជាច្រើន និងបង្ហាញពីការអនុវត្តផ្ទាល់ខ្លួន ដែលធ្វើឱ្យទទួលបាននូវភាពជោគជ័យ ក៏ដូចជាការកែប្រែជីវិតរហូតមក ដែលសិស្ស-និស្សិត គួរសិក្សារៀនសូត្របាននូវមេរៀនល្អៗ ដូចជា៖ ការតាំងចិត្តមិនបណ្តែតបណ្តោយខ្លួន តាមភាពខ្ជិលច្រអូស យកលេសពន្យារពេលធ្វើកិច្ចការសាលា ឬ ការដើរលេងកម្សាន្ត ដែលមិនមានប្រយោជន៍ មកជាការសិក្សាប្រកបដោយភាពឆ្លាតវៃ (do not only study harder, but study smarter), ការចេះរៀបចំគ្រប់គ្រងពេលសិក្សាឱ្យបានល្អ ទាំងនៅមុន-កំពុង- និងក្រោយម៉ោងសិក្សា, ការទម្លាប់ខ្លួនល្អ និងវិន័យក្នុងកិច្ចឧស្សាហ៍ព្យាយាមចំពោះការសិក្សា, ការស្វែងយល់ពីបរិយាកាសសមស្របសម្រាប់សិក្សា ផ្ទាល់ខ្លួន, ការចេះរៀបចំបញ្ជីសកម្មភាពផ្ទាល់ខ្លួន(To Do List), ការចេះលើកទឹកចិត្តដល់ខ្លួនឯង តាមរយៈការជូនកាដូដល់ខ្លួនឯង អនុវត្តតាមពាក្យស្លោកល្អៗ និងបុគ្គលគំរូ និងការបង្កើតទំនាក់ទំនងល្អ ក្នុងសង្គម និងការធ្វើការងារស្ម័គ្រចិត្ត ឬចូលរួមសកម្មភាពសង្គម និងការប្រកួតប្រជែងនានា ជាដើម ដែលទាំងអស់នេះ ជាគន្លឹះសំខាន់ៗ សម្រាប់ធ្វើខ្លួនឱ្យក្លាយជានិស្សិតឆ្នើម។

“យើងសង្ឃឹមថា ក្រោយពីបញ្ចប់សិក្ខាសាលានេះនិសិ្សតអាច ស្វែងយល់ពីវិធីសាស្ត្រនៃការសិក្សាប្រកបដោយប្រសិទ្ធភាព ស្វែងយល់ពីសារៈសំខាន់នៃការបង្កើតទម្លាប់ល្អៗក្នុងសិក្សា និងស្វែងយល់ពីវិធីសាស្រ្តក្នុងការកសាងខ្លួនឱ្យជាក្លាយជានិសិ្សតឆ្នើម តាៗរយៈការចែករំលែកបទពិសោធន៍ល្អៗ របស់វាគ្មិនកិតិ្តយស”។ នេះបើតាមការលើកឡើងរបស់នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន លោក ហឿន សំនៀង ក្រោយបិទបញ្ចប់សិក្ខាសាលា។

លោក ហឿន សំនៀង ក៏បានផ្តល់អនុសាសន៍ដាស់តឿន និងលើកទឹកចិត្តដល់សិស្ស-និស្សិត ឱ្យខិតខំសិក្សារៀនសូត្រ ជាពិសេស ត្រូវត្រៀមសិក្សាស្វែងយល់ពីការចែករំលែកបទពិសោធន៍ល្អៗពីរៀមច្បង ដែលជាវាគ្មិនកិត្តិយស នាពេលនេះ ដើម្បីប្រែក្លាយខ្លួនជានិស្សិតឆ្នើមផងដែរ។

ទន្ទឹមនឹងនោះនិស្សិតក៏បានថ្លែងអំណរគុណជូនចំពោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានផ្តួចផ្តើម និងបង្កើតឱ្យមានវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននេះឡើង ដើម្បីអភិវឌ្ឍធនធានមនុស្ស លើវិស័យសាធារណការ និងដឹកជញ្ជូន ផ្តល់ឱកាសឱ្យនិស្សិតបានសិក្សាយកជំនាញនានា និងបានរៀបចំ ឱ្យមានសិក្ខាសាលាចែករំលែកបទពិសោធន៍បែបនេះឡើង និងសំណូមពរឱ្យមានការរៀបចំសិក្ខាសាលា ចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្សេងៗជាបន្តទៀត។

ក្នុងនាមវិទ្យាស្ថានតេជោសែន លោក ហឿន សំនៀង បានប្តេជ្ញាចិត្តថា នឹងរៀបចំ ឱ្យមានកម្មវិធីចែករំលែក និងកម្មវិធីផ្សេងៗទៀត តាមសំណូមព​ររបស់និស្សិត ក្នុងគោលដៅធ្វើយ៉ាងណា ឱ្យនិស្សិតក្លាយជាធនធានមនុស្សដ៏មានសក្តានុពលនាពេលអនាគត ដែលមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងសីលធម៌ អត្តចរិត ចរិយាសម្បត្តិត្រឹមត្រូវថ្លៃថ្នូរ សាកសមជាអ្នកបន្តវេន និង ជាប្រតិភូតំណាងជាតិ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន របស់កម្ពុជា៕