គ្រប់គ្នាចង់ក្លាយជាសេដ្ឋីមកអានគន្លឹះទាំង ៤ ឧកញ៉ា ផន វណ្ណិត ទម្លាយឲ្យដឹងនូវទ្រឹស្តីក្នុងព្រះពុទ្ធសាសនា

ជុំវិញ​ឧកញ៉ា

មានមនុស្សមិនតិចទេដែលចង់ក្លាយជាសេដ្ឋីមានទ្រព្យស្តុកស្តម្ភ ខណៈដែលនៅលើពិភពលោក ឬប្រទេសកម្ពុជាពេលបច្ចុប្បន្នមានឧកញ៉ា មហាសេដ្ឋីនិងអ្នកមានជាច្រើននាក់ បាននឹងកំពុងសាងភាពល្បីល្បាញរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីជោគជ័យពិតណាស់ថាអ្នកគួររៀនពីអ្នកជោគជ័យ ហើយដើម្បីក្លាយជាសេដ្ឋីឬអ្នកមាន អ្នកក៏គួរតែត្រូវរៀនពីអ្នកមាន ឬមហាសេដ្ឋីផងដែរ។ នេះជាការលើកឡើងរបស់ឯកឧត្តមឧកញ៉ា ផន វណ្ណិត អ្នកវិនិយោគដីធ្លី និងជាគ្រូបណ្តុះបណ្តាលផ្នត់គំនិតជោគជ័យ​មួយ​រូប ដែលបានបោះជំហានលើវិថីជំនួញនៅក្នុងប្រទេសកម្ពុជា។

ក្រៅពីមានងារជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ​ គ្រី គណៈធម្មយុត្តិកនិកាយ និងសម្តេចព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាលព្រះសីហមុនីរាជា លោកក៏ជាអ្នករកស៊ីដែលមានចក្ខុវិស័យវែងឆ្ងាយផងដែរ។ លោកបានចែករំលែកនូវ ៤ចំណុចដែលជាវិថី ឬកត្តាដែលនាំអ្នកឲ្យក្លាយជាសេដ្ឋីមានស្តុកស្ដម្ភ តាមរយៈទស្សនៈរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។ តើមានអ្វីខ្លះ?

១- ឧដ្ឋានសម្បទា៖ ដល់ព្រមដោយការប្រឹងប្រែង ព្យាយាម គឺការក្រោកឈរដោយស្មារតីតស៊ូមិនខ្លាចហត់នឿយក្នុងមុខរបរស្វែងរកទ្រព្យដែលជាមុខរបរ សុចរិតជាមុខរបរ ថ្លៃថ្នូរ ស្របតាមកាលៈទេសៈនៃសង្គមបច្ចុប្បន្ន។

២- អារក្ខ សម្បទា៖ ដល់ព្រមដោយការរក្សា គឺចេះគ្រប់គ្រង ថែរក្សាសន្សំសំចៃមិនខ្ជះខ្ជាយនូវទ្រព្យសម្បត្តិ ដែលខ្លួនខំប្រឹងប្រែងរកបានមកមិនឲ្យបាត់បង់ទៅដោយឥតប្រយោជន៍ឡើយ ។

៣- កល្យាណមិត្តតា៖ គប់រកមនុស្សល្អជាមិត្តមិនប្រព្រឹត្តតាម បុគ្គលណាដែលដើរក្នុងផ្លូវខុស គឺសេពគប់មនុស្សណា ដែលចេះដឹង ទ្រទ្រង់នូវគុណធម៌ជាបុគ្គលគួរគោរពរាប់អានជាអ្នកណែនាំក្នុងផ្លូវល្អ ផ្លូវចម្រើន មកជាមិត្តដើម្បីចម្រើនក្នុងការងាររស់នៅជាសុខក្សេមក្សាន្ត ។

៤- សមជីវិតា៖ ចិញ្ចឹមជីវិតដោយស្មើ គឺ ចេះកំណត់ដឹងនូវ ចំណូលនិង ចំណាយរស់នៅឲ្យល្មមនឹងទ្រព្យដែលជា ចំណូលមិនមែនចេះតែ ចង់ហ៊ឺហាឡូយឆាយហើយទូលាយ ដោយការចាយវាយនោះឡើយតែក៏មិនត្រូវកំណាញ់ពេកដែរ។

ឯកឧត្តមឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា បានថ្លែងបញ្ជាក់ប្រាប់គេហទំព័រឧកញ៉ាញូស៍ថា វិថី ឬកត្តាដែលជាហេតុនាំយើងឲ្យក្លាយជាសេដ្ឋីមានទ្រព្យហូរហែលទាំង ៤ ចំណុចខាងលើនេះ លោកបានស្រាវជ្រាវឯកសារជាច្រើននាពេលកន្លងទៅ ក្នុងនោះលោកក៏សម្រេចយកទ្រឹស្តីរបស់ព្រះសម្ពុទ្ធដែលជាគ្រូនៃមនុស្ស និងទេពតាទាំង ៤វិថីមកចែករំលែកដល់យុវជនជំនាន់ក្រោយឲ្យក្លាយជាសេដ្ឋីគ្រប់គ្នាៗ៕