សម្ដេច ហ៊ុន សែន ប្រាប់​ចិន​ថា សេដ្ឋកិច្ច​កម្ពុជា​មិន​ពឹង​ផ្អែកលើ​កាស៊ីណូ​អន​ឡាញ​នោះ​ទេ

សង្គម​និង​សេដ្ឋកិច្ច
0 Shares

កម្ពុជា​ប្រកាន់យក​សេដ្ឋកិច្ច​ទីផ្សារសេរី ប៉ុន្តែ​មិន​ពឹង​ផ្អែកលើ​កាស៊ីណូ​អន​ឡាញ​នោះទេ​។ នេះ​ជា​ការ​បញ្ជាក់​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្រាប់​គណៈប្រតិភូ​សមាគម​ត្រកូល ហ៊ុន នៃ​ប្រទេស​ចិន កាល​​ព្រឹក​​មិញ​នវ អំពី​មូលហេតុ​នៃ​ការ​បិទ​កាស៊ីណូ​អន​ឡាញ​នៅ​កម្ពុជា​។

នៅ​​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយគណៈប្រតិភូសមាគមត្រកូល ហ៊ុន នៃប្រទេសចិន ជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន​បាន​ស្វាគមន៍ដល់សមាជិកទាំងអស់ដែល​បានអញ្ជើញចូល​រួមនៅព្រឹកនេះ។ អ្វី​ដែល ចំណុច​សំខាន់​ដែល​​​អ្នក​វិនិយោគ​ចិន​ចង់​ដឹង​នោះ គឺ​online casino ដោយ​សម្ដេច​បាន​ប្រាប់​ទៅ​ចិន​ថា ​កម្ពុជា​ប្រកាន់យក​សេដ្ឋកិច្ច​ទីផ្សារសេរី ប៉ុន្តែ​មិន​ពឹង​ផ្អែកលើ​កាស៊ីណូ​អន​ឡាញ​នោះ​ទេ​។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍រៀបរាប់អំពីទំនាក់ទំនងដែលមានជាយូរលង់ណាស់មកហើយរវាងកម្ពុជា និងចិន ជាពិសេសសម្ដេចបានមានប្រសាសន៍​គូសបញ្ជាក់អំពីសារៈ​សំខាន់​នៃការប្រកាន់យកនយោបាយចិនតែមួយ ដែលគោលនយោបាយចិនតែមួយនេះ គឺ​កម្ពុជា​បាន​ចាប់​ផ្តើមតាំងពីសម័យសម្ដេចព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្ដម សីហនុ មកម្លេះ ។

ក្នុងកិច្ចប្រជុំនេះគឺសហគ្រិនដែលមកពីប្រទេសចិនគឺមកពីបណ្ដាខេត្តផ្សេងៗនៃប្រទេសចិនសុទ្ធតែអ្នកវិនិយោគសំខាន់ៗ ដែលគាត់មកសិក្សាអំពីសក្តានុពល និងឱកាសវិនិយោគ​នៅក្នុងប្រទេ​ស​កម្ពុជា​។ សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែលពាក់ព័ន្ធនឹងអ្វីដែលកន្លងមកនេះ សម្ដេច​បានស្នើទៅ​ថ្នាក់​ដឹកនាំចិន ជាពិសេសឯកឧត្តមប្រធានាធិបតីចិន ស៊ី​ ជីនពីង និងនាយករដ្ឋមន្ត្រីចិន លឺ ខឺឈាង ឈាង​ នៅក្នុង៣ចំណុចសំខាន់ ៖

ទី១)​ សូមឲ្យក្រុមហ៊ុនចិនដែលកំពុងដាក់ទុននៅកម្ពុជាបន្ត​ វិនិយោគនៅកម្ពុជា ទោះ​បី​ជាមាន​ការ​បញ្ហាអ្វី​ក៏ដោយ ជាពិសេសការដក EBA ពីកម្ពុជាក៏ដោយ គឺសម្ដេច​ស្នើសុំ​ឲ្យចិន​នៅតែបន្តធ្វើការ​វិនិយោគ​នៅ​ក្នុងប្រទេសកម្ពុជាជាបន្តទៀត។

ទី២)​ សម្ដេច​បាន​មានប្រសាសន៍ពាក់ព័ន្ធនឹងការធ្វើយ៉ាងណាឲ្យពាណិជ្ជករអ្នកវិនិយោគចិនថ្មី​របស់​ចិនមកបណ្ដាក់ទុននៅប្រទេសកម្ពុជាបន្ថែម ដើម្បីធ្វើពាណិជ្ជកម្មនៅប្រទេសកម្ពុជា គឺមានន័យ​ថា​ថែរក្សាចាស់និងបង្កើនការវិនិយោគថ្មី។


ទី៣)​ សម្ដេចតេជោបានស្នើទៅថ្នាក់ដឹកនាំចិន​ត្រូវធ្វើយ៉ាងណាបន្តបើកទីផ្សារចិនឲ្យកាន់​តែធំ​ជាង​មុន​សម្រាប់ការនាំចូលផលិតផលកសិផលរបស់ប្រទេសកម្ពុជាទៅទីផ្សាររបស់ប្រទេសចិន។


សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ប្រាប់ពីមូលហេតុដែលរាជរដ្ឋាភិបាលបានលុបចោលនូវ online casino លើប្រទេសកម្ពុជា គឺសម្តេចបានបញ្ជាក់ថា កម្ពុជាជាប្រទេសមួយ​ដែល​ប្រកាន់​យក​សេដ្ឋកិច្ចទីផ្សារសេរី ក៏​ប៉ុន្តែ​ការអភិវឌ្ឍប្រទេសកម្ពុជាមិនពឹងផ្អែកលើកាស៊ីណូអនឡាញទេ ប៉ុន្តែ​ពឹងផ្អែក​ទៅលើកត្តាជាច្រើននៅក្នុងមូលដ្ឋានសេដ្ឋកិច្ច ដូច្នេះ​គឺ​យើង​ធ្វើ​យ៉ាង​ណា​ត្រូវ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់នៅប្រទេសកម្ពុជា និង​ធ្វើយ៉ាងម៉េចដើម្បីទាក់ទាញការវិនិយោគច្បាស់លាស់ តែ​មក​វិនិយោគ​ទៅ​លើវិស័យផ្សេងៗទៀត មិន​មែនតែពឹងផ្អែកទៅលើកាស៊ីណូអនឡាញនោះទេ។
កម្ពុជាបានពន្ធតិចតួចណាស់តាមរយៈកាស៊ីណូអនឡាញនេះហើយកាស៊ីណូអនឡាញនេះ ក៏នាំ​មក​នូវ​ការប្រឈមដូចជា ឧក្រិដ្ឋកម្ម កាលាងលុយកខ្វក់ជាដើម ដែលអាចធ្វើប៉ះពាល់ដល់សង្គម។

សម្ដេចតេជោ​បានបញ្ជាក់ថា បច្ចុប្បន្ននេះទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន មាន​លក្ខណៈ​កើន​ឡើង​ជាបន្តបន្ទាប់ ដែលចំនួននេះគោលដៅនៅក្នុងការធ្វើពាណិជ្ជកម្មដល់ឆ្នាំ២០២២ អាច​កើន​ឡើង​រហូតដល់ទៅ១០ពាន់លានដុល្លារ។​

សម្ដេចតេជោក៏បានមានប្រសាសន៍ទាក់ទងនឹងយន្តការដែលកម្ពុជាកំពុងតែសហការនឹងចិនទៅលើ ចំនុចសំខាន់ៗ ដូចជានៅក្នុងអនុតំបន់ គឺកិច្ចសហប្រតិបត្តិការលើមេគង្គឡានឆាង ក្នុងអនុតំបន់​មេគង្គ​អាស៊ានចិន និងកិច្ចប្រជុំអាស៊ីបូព៌ាជាដើម។

បច្ចុប្បន្ននេះ យើងនៅមានសក្កដានុពលជាច្រើនក្នុងការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយសារ​កន្លង​មកនេះ​យើងមានរួចទៅហើយនៅតំបន់សេដ្ឋកិច្ចសេរីរវាងអាស៊ាន និងចិនអាស៊ាន តំបន់​សេដ្ឋកិច្ច​សេរី​រវាងអាស៊ាន ចិន ដែលយើងគួរតែមើលនៅសក្តានុពលដែលអាចនាំចេញផលិតផល​កម្ពុជានាំចេញទៅកាន់ទីផ្សារចិន។

ក្នុងកិច្ចពិភាក្សានេះ​សម្តេចតេជោបានជំរុញឲ្យសហគ្រិនចិនមក​វិនិយោគ មកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាហើយកុំមានការភ័យព្រួយចំពោះ​ចំណុចណា​នៅ​ប្រទេស​កម្ពុជា​ឲ្យសោះ ដោយសារតែចិន និងកម្ពុជាយើងមានទំនាក់ទំនងល្អ មាន​កិច្ច​សហ​ប្រតិបត្តិការ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅហើយ៕

ប្រភព៖ ផេក Samdech Hun Sen, Cambodian Prime Minister

0 Shares
Loading...