ប្រទេសកូរ៉េ សម្រេចសង់អគារមន្ទីរពិសោធន៍ដ៍ធំមួយឲ្យវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

សង្គម​និង​សេដ្ឋកិច្ច

អគារមន្ទីរពិសោធន៍ កំពស់ ២ជាន់ ជាជំនួយឥតសំណង របស់សាធារណរដ្ឋកូរ៉េ មកឲ្យវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ហើយ គ្រោងចំណាយថវិកាប្រមាណ ៥៨០,០០០ ដុល្លារអាមេរិក ប្រើរយ:ពេល ៧ខែសម្រាប់សាងសង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពិសោធន៍ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នឹង លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមអ្នកបច្ចេកទេស ទទួលបន្ទុកការងារសាងសង់ នៅថ្ងៃទី១៦ សីហានេះ។

លោកទេសរដ្ឋមន្ត្រី បានសំដែងការអំណរគុណជូនចំពោះក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន (MOLIT) នៃសាធារណរដ្ឋកូរ៉េ និងវិទ្យាស្ថានកូរ៉េ សំណង់ស៊ីវិល និងបច្ចេកវិទ្យា សាងសង់-Korea Institute of Civil Engineering and Building Technology (KICT) និង Korea Expressway Corporation (KEC) ដែលបានផ្តល់ជាជំនួយ ឥតសំណងតាមរយ: “គម្រោងនវានុវត្តន៍ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុង ប្រទេសកម្ពុជាដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជា​វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។

ទន្ទឹមនោះដែរ លោកទេសរដ្ឋមន្ត្រី បានណែនាំដល់ក្រុមប្រឹក្សាបច្ចេកទេស និងអ្នកសាងសង់ ធ្វើយ៉ាងណាសាងសង់ ឱ្យមានគុណភាពខ្ពស់ ដើម្បីទុកជាកន្លែង បណ្តុះបណ្តាលថ្នាលសិក្សាស្រាវជ្រាវ និងពិសោធន៍ សម្រាប់កូនខ្មែរ ជំនាន់ក្រោយៗទៀត។

ការសាងសង់អគារមន្ទីរពិសោធន៍​នេះ នឹងបម្រើដល់ការសិក្សាស្រាវជ្រាវ និងពិសោធន៍ វត្ថុធាតុដើមផ្លូវថ្នល់ផង និងជួយដល់ការបណ្តុះបណ្តាលធនធានវិស្វករ និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់ របស់វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបច្ចុប្បន្ននិស្សិតជំនាន់ទី១ ចំនួន ១៩១នាក់​ បាននឹងកំពុងសិក្សាលើ ជំនាញចំនួន៦ ក្នុងដេប៉ាតឺម៉ង់ចំនួន៣រួចមកហើយ។

សូមបញ្ជាក់ថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានទទួលជំនួយឥតសំណងនូវ “គម្រោង នវានុវត្តន៍ប្រព័ន្ធសាងសង់ និង​គ្រប់គ្រងផ្លូវថ្នល់​ក្នុងប្រទេស​កម្ពុជា” ដែលមានទឹកប្រាក់សរុបប្រមាណជាង ៣.២០០.០០០ ដុល្លារសហរដ្ឋអាមេរិច ឬ ៣.៩២០.០០០.០០០ វ៉ុន សម្រាប់រយៈពេល ៣ឆ្នាំ (២០២០-២០២៣) ដោយផ្តោតលើ៖ ១.​​ ជំនួយឧបករណ៍ពិសោធន៍សម្រាប់វាយតម្លៃគុណភាពផ្លូវថ្នល់, ២. ផ្តល់អគារមន្ទីរពិសោធន៍បច្ចេកវិទ្យាសំណង់ សម្រាប់សិក្សាស្រាវជ្រាវ និងពិសោធន៍គុណភាពវត្ថុធាតុផ្លូវថ្នល់, ៣. រថយន្តអង្កេតផ្លូវ ថ្នល់ស្វ័យប្រវត្តិ (Automatic Survey Vehicle) សម្រាប់ប្រមូលទិន្នន័យគុណភាពផ្លូវថ្នល់, ៤. កម្មវិធីគ្រប់គ្រងផ្លូវថ្នល់ (Pavement Management System–SMS and Pavement Quality Managment System–PQMS) និង ៥. ការបណ្តុះបណ្តាល បច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដល់មន្ត្រីជំនាញពាក់ព័ន្ធ៕