ចង់​បើកសហគ្រាស​​ច្នៃ​ផ្លែ​មៀន​ តាង៉ែន​ ត្រូវ​ចាយ​ដើម​ទុនអស់​ប៉ុន្មាន?

សង្គម​និង​សេដ្ឋកិច្ច

ប្រជាកសិករ​ដែល​ប្រកប​អាជីវកម្ម​ដាំ​ផ្លែ​មៀន​ និង​តាង៉ែន​នៅ​ខេត្ត​ប៉ៃលិន បាន​ត្អូញត្អែររហូត​ស្នើ​សុំ​ជំនួយ​ពី​រាជរដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ​​រក​ទីផ្សារ​ឲ្យ​ ដ្បិត​ពេលនេះ​ពួកគាត់​ធ្វើ​ដំណាំ​ទទួល​បាន​ផល​ច្រើន​ណាស់ តែ​លក់​មិន​ចេញ​ឡើយ សល់​រាប់​ម៉ឺន​តោន​ឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រមុខ​រដ្ឋាភិបាល​ និង​សេដ្ឋីៗ​ក្នុង​ស្រុក​ជាច្រើន​ បាន​ចំណាយ​លុយ​ជួយ​ទិញ​មៀន​ និង​តាង៉ែន​ពី​ប្រជាជន​នៅ​ខេត្ត​ប៉ៃលិន​ បាត់ដំបង​ជាច្រើន​តោន។ ជាក់ស្ដែង​ ឧកញ៉ា​ឡេង ណាវ៉ាត់ត្រា ទើប​ប្រកាស​ថា លោក​នឹង​ជួយ​ទិញ​មៀន និង​តាង៉ែន​ពី​ប្រជាកសិករ​ចំនួន ១ ពាន់​តោន​ យក​មក​ដាក់​លក់​នៅ​ក្នុង​ផ្សារ​កសិផល​ធម្មជាតិ​ក្នុង​តម្លៃ​ត្រឹមតែ ១ ៩០០ រៀល​/គីឡូ​ប៉ុណ្ណោះ។

ប្រសិន​បើ​​យើងចង់​មាន​សហគ្រាស​ខ្នាត​តូចមួយ​​ផលិត​ផ្លែឈើ​កំប៉ុង​ដូចជា​ប្រទេស​ជិតខាង វា​ក៏​អាច​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​ប្រជាកសិករ​មួយ​កម្រិត​ទៀត​ផង​ដែរ។ ​

បើ​យោង​តាមឯកសារពី​សហគ្រាស​ខ្នាត​តូច​ជា​មធ្យមនៅកម្ពុជា ការ​ដំណើរការ​សហគ្រាសខ្នាត​តូច​មួយ​អាច​ចំណាយ​ទុន​ពី ៥ម៉ឺន​ដុល្លារទៅ ២៥ ម៉ឺន​ដុល្លារ មានកម្ម​ករ​ពី​ ១០ នាក់ ទៅ ៥០ នាក់។ តែ​បើ​សហគ្រាស​ខ្នាតមធ្យម​មាន​កម្មករ​ពី ៥០ នាក់ ទៅ ១០០ នាក់ អា​ចប្រើទុនពី ២៥ ម៉ឺន ទៅ ៥ សែន​ដុល្លារ។ ទុន​ចំណាយ​នេះ​មិន​​រាប់​បញ្ចូល​ថ្លៃ​ដីនោះទេ។

បើ​តាម​គេហទំព័រ Starterstory ការ​បើក​​អាជីវកម្ម​ផ្លែឈើ​កំប៉ុង​​មាន​ផល​វិជ្ជមាន និង​អវិជ្ជមាន។ ផល​វិជ្ជមាន​មាន​ដូចជាគឺ៖

  • ចំណាយ​ដើម​តិច
  • ទទួល​លទ្ធផល​លឿន
  • ងាយស្រួល​រក​អតិថិជន​ក្នុង​ស្រុក
  • សម្រួល​ទីផ្សារ​កសិផល​ក្នុង​ស្រុក
  • មាន​បទពិសោធន៍​ថ្មីៗ
  • អាច​រក​ចំណូល​បាន​ច្រើន និង​មាន​រយៈពេល​យូរ​អង្វែង
  • អាជីវកម្ម​មិន​មាន​ភាព​សាំញ៉ាំ​ច្រើន

ដោយឡែក​ផល​អវិជ្ជមាន​វិញ គឺ​មាន​ដូចជា៖

  • រយៈពេល​នៃ​ការ​ផលិត​យូរ
  • អាច​មាន​ភាព​រាំងស្ទះ​ដោយសារ​ផ្លែឈើ​ប្រមូល​ផល​មិន​ទាន់​ពេល
  • ពន្ធ​ថ្លៃ
  • មិន​មាន​ស្ថិរភាព​ចំណូល
  • ហានិភ័យ​នៃ​ភាព​បរាជ័យ​
  • អាច​មាន​ដៃគូ​ប្រជែង​ច្រើន​នា​ពេល​អនាគត

យ៉ាងណា​ អាជីវកម្ម​មួយ​អាច​ទទួល​បាន​ភាព​ជោគជ័យ​ លុះត្រា​តែ​មាន​ការ​តាំងចិត្ត​ខ្ពស់ ការ​ខិតខំ​ប្រឹងប្រែង​ និង​ហ៊ាន​លះបង់​ពេល​វេលា​ ទើប​អាច​ទទួល​បាន​លទ្ធផល​ល្អ​ជា​ទីគាប់ចិត្ត​បាន៕

ប្រភព: starterstory