លោក តាន់ នរវិន្ទ ចាយលុយ ៥ម៉ឺនដុល្លារវិនិយោគចិញ្ចឹមបង្កងដង្កៀបក្រហមជាលក្ខណធម្មជាតិ

សង្គម​និង​សេដ្ឋកិច្ច

លោក តាន់ នរវិន្ទ ម្ចាស់កសិដ្ឋានបង្កងទួលទន្លេជុំ សម្រេចបោះទុនវិនិយោគជាង ៥ម៉ឺនដុល្លារធ្វើការចិញ្ចឹមបង្កងដង្កៀបក្រហមជាលក្ខណធម្មជាតិ ស្ថិតនៅក្នុងភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ការបោះទុនរហូតដល់ ៥ម៉ឺនដុល្លារនេះគឺលោកបានកម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តាមរយៈ Small and Medium Enterprise របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកតាន់ នរវិន្ទ អតីតនិសិត្សកេ្សត្រសាស្រ្តជំនាន់ទី ៨ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បានឲ្យដឹងថា កសិដ្ឋានបង្កងទួលទន្លេជុំ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ លើផ្ទៃដី ១៨ហត និងដំណើរការសាកល្បងចិញ្ចឹមនៅឆ្នាំ២០១៨។ ដោយសារភូមិសាស្ត្រអំណោយផលមានប្រភពផ្គត់ផ្គង់ទឹក និងប្រព័ន្ធធារាសាស្រ្ត និងមានសក្តានុពលទីផ្សារ លោកសម្រេចចិត្តចុះទុនវិនិយោគជាង ៥០ ០០០ដុល្លារ ធ្វើការចិញ្ចឹមបង្កងដង្កៀបក្រហមនេះជាលក្ខណធម្មជាតិ។

លោកបន្តថា បច្ចុប្បន្នកសិដ្ឋានមានស្រះ និងអាងចិញ្ចឹមចំនួន ៦២ អាង សំរាប់ការបង្កាត់ពូជ និងមានស្រះចំនួន ៦០ ស្រះ (ទំហំតូច-ធំ) ស្រះបំរុងទឹក (៥០០x៣០ ម៉ែត្រ) និងមានជំរៅ ២.៥០ ម៉ែត្រ។ ស្រះបន្សុតទឹក (១២០ x៤០ ម៉ែត្រ) ស្រះទទួលកាកសំណល់ (១០០x១៥ ម៉ែត្រ) និងមានជំរៅ ៥ ម៉ែត្រ មានរៀបចំប្រឡាយបំរុងទឹកជុំវិញកសិដ្ឋាន ប្រវែងជាង ២ គីឡូម៉ែត្រ មានបង្កងមេបា ទឹកសាបពូជអូស្ត្រាលី ឬបង្កងដង្កៀបក្រហមចំនួនជាង ៦ មឺនក្បាល កសិដ្ឋានមានលទ្ធភាពផលឹតពូជបង្កង ៥-១០ មឺនកូនក្នុងមួយខែបច្ចុប្បន្នកូនបង្កងមានតម្លៃ ៥០០រៀល/ក្បាល និងតម្លៃបង្កងសាច់ចាប់ពី ១២-២៥ ដុល្លារ/គ.ក្រ។

ម្ចាស់កសិដ្ឋានបង្កងទួលទន្លេជុំ បានប្រាប់ថាថ្ងៃអនាគត លោកនឹងបង្កើនផលិតកម្មកូនឲ្យដល់ ១-២ លានកូន/ខែ មាន តម្លៃសមរម្យ គុណភាពល្អ លក់ជូនកសិករ និងផលិតបង្កងសាច់ផ្គត់ផ្គង់ឲ្យទីផ្សារ ផ្តល់វគ្គបណ្តុះ បណ្តាលបច្ចេកទេសដល់កសិករទៀតផង។ ដើម្បីពង្រីកផលិតកម្ម កសិដ្ឋានត្រូវការទុនបន្ថែម ករណីនេះលោក នររិន្ធ បានស្នើសុំលោករដ្ឋមន្រ្តី វេង សាខុន ដើម្បីជួយអន្តរាគម៍ទៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តាមរយៈ Small and Medium Enterprise របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ថ្លែងក្នុងពេលចុះពិនិត្យកសិដ្ឋានបង្កងទួលទន្លេជុំ លោក វេង សាខុន ថា ការវិនិយោគលើកសិដ្ឋានចិញ្ចឹមបង្កងពូជថ្មីនៅតំបន់នេះ គឺស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យវារីវប្បកម្ម ក្នុងការធានាសុវត្ថិភាពស្បៀង បង្កើនប្រាក់ចំណូល ជំរុញ និងបង្កើនផលិតកម្មផ្គត់ផ្គង់ឲ្យទីផ្សារ ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។

លោកបន្ថែម ការរៀបចំកសិដ្ឋានបានល្អត្រឹមត្រូវតាមបច្ចេកទេស គុណភាពទឹក ប្រព័ន្ធបង្ហូរទឹកចេញចូល និងក្សេត្របរិស្ថានដែលមានលក្ខណអំណោយផលសម្រាប់ជីវិតរស់នៅរបស់បង្កងទឹកសាបបានយ៉ាងល្អ ហើយអាចចាត់ទុកជាកសិដ្ឋានគំរូនៅទូទាំងខេត្តកំពង់ធំ។

បន្ថែមលើសពីនេះ លោកក៏បានណែនាំឲ្យលោក តាន់ នរវិន្ធ ខិតខំពង្រីកសក្តានុពលចិញ្ចឹមបន្ថែមទៀតដោយត្រូវសហការជាមួយរដ្ឋបាលជលផល ធ្វើការបង្កាត់ពូជ និងពង្រីកដៃគូចិញ្ចឹមជាមួយកសិករ បង្កើនបរិមាណបង្កងក្នុងស្រុក ដើម្បីធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារនាពេលបច្ចុប្បន្ន។ មួយវិញទៀត កសិដ្ឋានគួរប្រើសក្តានុពលរបស់កសិដ្ឋានមានដី ទឹក និងបរិស្ថាន ដោយសហការជាមួយរដ្ឋបាលជលផលបង្កើតកន្លែង ស្រាវជ្រាវគុណភាពចំណីបង្កង និងហ្វឹកហាត់ការងាររបស់និស្សិត បណ្តុះបណ្តាលបច្ចេកទេសជូនកសិករ។