លោក ឃីម ហ្វីណង់៖ ការវិនិយោគតូចធំពីវិស័យឯកជនបង្កើតបានជាដង្ហើមថ្មីនៃចរន្តសេដ្ឋកិច្ចក្នុងស្រុកបន្ទាយស្រី ទោះបីជួបកូវីដ

សង្គម​និង​សេដ្ឋកិច្ច

បើទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩យ៉ាងណាក៏ដោយ ស្រុកបន្ទាយស្រីខេត្តសៀមរាប នៅតែស្វាគមន៍អ្នកវិនិយោគិនក្នុងវិស័យឯកជនមកពីគ្រប់ទិសទីដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រែក្លាយទៅជាស្រុកដែលមានដែនដីនៃកសិទេសចរណ៍ដ៏សម្បូណ៌បែប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោង «​ផ្ទះ​មួយ អំពូល​មួយ​» ប្រិយមិត្តបានដឹងមកហើយដែលជាយុទ្ធនាការផ្ដល់​​ពន្លឺ​សម្រាប់​បំភ្លឺ​លើ​ដង​ផ្លូវ​ចរាចរណ៍ និង​ផ្ទះ​សំបែង​នីមួយៗ​ក្នុង​ភូមិ​ព្រះដាក់​ក្រោម​គំនិត​ផ្ដួចផ្ដើម​ពី​​លោក ឃីម ហ្វីណង់ ខណៈនេះជា​​ចក្ខុវិស័យ​រួម​​​អភិបាល​ស្រុកមាន​បំណង​​ចង់​ឃើញ​ស្រុក​បន្ទាយ​ស្រី​​​​​ក្លាយ​ជា​ក្រុង​ទី ២ បន្ទាប់​ពី​ក្រុង​សៀមរាប ​ដោយ​ផ្អែក​លើ​ទេសចរណ៍​បែប​ធម្មជាតិ​ ផ្ដល់​​បទពិសោធ​លម្ហែ​កាយ​​បែប​ស្រុក​ស្រែ​។

បច្ចុប្បន្នប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី កំពុងតែប្រមូលផល​ដំណាំ​​ជា​ច្រើនប្រភេទ ​ដូច​ជា​ ចម្ការ​ស្រការ​នាគ ពុទ្រា តាង៉ែន ទុរេន ម្រេច ស្វាយ​ចន្ទី ស្វាយ​ ត្រសក់​ផ្អែម​ ដំឡូង​ស្រែ​ចម្ការ​បែប​ព្រៃ​ភ្នំ​ ទាំងនេះបង្ហាញពីកំណើនជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ និងចូលរួមកាត់បន្ថយការចំណាកស្រុកទៅក្រៅប្រទេសផងដែរ។

លោក ឃីម ហ្វីណង់ ឲ្យដឹងថា៖ ចម្ការ និងរមណីយដ្ឋានរឹតតែច្រើន កំពុងតែរីកដុះដាលជាបន្តបន្ទាប់នៅក្នុងស្រុកបន្ទាយស្រី តាមរយៈការវិនិយោគតូចធំពីសំណាក់វិស័យឯកជន ទោះបីជាក្នុងបរិបទកូវីដក៏ដោយ បង្កើតបានជាដង្ហើមថ្មីនៃចរន្តសេដ្ឋកិច្ចរបស់ស្រុក បង្កើតការងារនិងមុខរបរបន្ថែម ដើម្បីលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ការធ្វើចំណាកស្រុកទៅរកការងារនៅទីកន្លែងដទៃ និងជួយប្រែក្លាយស្រុកបន្ទាយស្រីឱ្យទៅជា«ដែនដីនៃកសិទេសចរណ៍ដ៏សម្បូណ៌បែប»មួយ។

អភិបាល​ស្រុក​វ័យ​ក្មេង​រូបនេះមានជំនឿ និងសង្ឃឹមថាគ្រប់ទីកន្លែងនៅក្នុងស្រុកបន្ទាយស្រី ទាំងកន្លែងឯកជន និងទីសាធារណៈ តាមផ្ទះ តាមសាលារៀន មណ្ឌលសុខភាព អគាររដ្ឋបាល ព្រមទាំងទីវត្តអារាមនានា នឹងប្រកាន់យកទម្លាប់រស់នៅស្អាតបែបនេះឱ្យបានច្រើនថែមទៀត ឱ្យស័ក្តិសមទៅនឹងកិត្តិនាមជាស្រុកទេសចរណ៍ជនបទ ស្រុកទេសចរណ៍វប្បធម៌ធម្មជាតិ ស្រុកកសិទេសចរណ៍សម្បូណ៌បែប៕