ក្រោយ​ឡើង​ឋានៈ​ឬ​តួនាទី កុំ​មោទ​ន​ភាព​​លើ​​ខ្លួន​ឯង​ខ្លាំង​ពេក

ជុំវិញ​ឧកញ៉ា
105 Shares

តើ​អ្នក​ដឹងទេ? ហេតុអ្វីបានជាបុគ្គលិកមួយចំនួន ក្រោយពេលឡើងឋានៈឬតួនាទីមិនយូរប៉ុន្មានផង ក៏​ស្រាប់តែត្រូវថ្នាក់លើឬប្រធានក្រុមហ៊ុនដកហូតតួនាទីវិញ? គឺដោយសារបុគ្គលិករូបនោះ​ចូលចិត្ត​ជិះ​សេះ​ព្រលែង​ដៃ ពោលក្រោយពេលឡើងឋានៈឬតួនាទី ពួកគាត់មានមោទនភាពចំពោះ​ខ្លួនឯង​ឡើង​ភ្លេច​ខ្លួន​ លែងខិតខំបំពេញការងារជូនក្រុមហ៊ុន ជាពិសេស​ពួកគាត់មិន​ព្រមអភិវឌ្ឍ​សមត្ថភាព​ឱ្យ​ស័ក្តិ​សម​ទៅនឹងឋានៈឬតួនាទីរបស់ខ្លួន។

បើចង់ជោគជ័យនៅកន្លែងការងារ នៅពេលទទួលភារកិច្ចកាន់តែសំខាន់ មានឋានៈឬតួនាទីកាន់​តែ​ខ្ពស់ ​យើងត្រូវតែខិតខំធ្វើការទ្វេដង។ ជាពិសេសនោះ ធ្វើអ្វីក៏ដោយត្រូវធ្វើឱ្យបានហ្មត់ចត់ ច្រូត​ពី​ក្បាលឱ្យដល់កន្ទុយ ធ្វើឱ្យមានគុណភាពខ្ពស់ និងធ្វើឱ្យបានបរិមាណច្រើន។ ផ្ទុយទៅវិញ សូម​កុំធ្វើ​ដើម្បីតែស៊ីម៉ោង កុំធ្វើហើយទុកចោល ឬទុកស្អែកចាំធ្វើបន្តទៀត។ ម្យ៉ាង​កុំធ្វើគ្រាន់តែដល់​ម៉ោង​ភ្លាម​រៀបចំ​អីវ៉ាន់ចេញទៅផ្ទះភ្លែតនោះ ព្រោះបើសិនជាយើងប្រកាន់ឥរិយាបថបែបនេះ ទោះ​បីធ្វើការ​ពេញមួយ​ជីវិតក៏ដោយ ក៏មិនអាចក្លាយជាមេគេបានដែរ។

ត្រូវចងចាំថា បុគ្គលដែលអាចធ្វើជាមេកើយគេបាន លុះត្រាតែបុគ្គល​នោះចេះជំរុញខ្លួនឯង។ តើ​ជំរុញ​ខ្លួនឯងយ៉ាងម៉េច​ទៅ? គឺជំរុញខ្លួនឯងឱ្យមានសេចក្ដីអត់ធ្មត់ខ្ពស់ និងធ្វើកិច្ចការឱ្យបានលទ្ធផល​ច្រើនជាងអ្នកដទៃ។ ឧទាហរណ៍ថា បើអ្នកដទៃដើរបាន​១០​គីឡូម៉ែត្រ យើងត្រូវជំរុញខ្លួនឯងឱ្យ​ដើរ​បាន​លើស​គេពី៣​ទៅ៤​គីឡូម៉ែត្រ។ បើបុគ្គលិកដទៃធ្វើការត្រឹមម៉ោង៥ល្ងាចចប់ចេញទៅផ្ទះ យើង​ត្រូវ​ធ្វើការរហូតដល់ម៉ោង៦ល្ងាចចាំចេញទៅផ្ទះ។ ក្នុងករណីកិច្ចការដែលកំពុងធ្វើនោះ​ជាកិច្ចការ​បន្ទាន់ តែយើងធ្វើមិនទាន់រួចរាល់ គឺត្រូវយកកិច្ចការនោះទៅធ្វើនៅផ្ទះពេលយប់ឡើងឱ្យចប់។ ព្រោះ​បើ​យើងទុកការងារនោះចោល ហើយការងារនោះផុតថ្ងៃកំណត់ហើយនៅតែមិនទាន់រួចរាល់ នោះ​ថៅ​កែ​ក្រុម​ហ៊ុនប្រាកដជាមិនសប្បាយចិត្តឡើយ។

ដូច្នេះ ក្រោយពេលឡើងឋានៈឬតួនាទី យើងត្រូវខិតខំបំពេញការងារ​ឱ្យបានច្រើនជាងមុន និង​លះ​បង់​ពេលវេលាជាមួយក្រុមហ៊ុន​ឱ្យបានច្រើនជាងមុន។ ព្រោះថា គ្រប់ម្ចាស់ក្រុមហ៊ុន ឬ​ថៅកែ​ទាំង​អស់ រមែងចង់បានបុគ្គលិកដែល “ចេះប្រាំ ធ្វើការងារបានដប់” ប៉ុន្តែ​គេមិនចង់បានបុគ្គលិកដែល “ចេះដប់ តែធ្វើការបានត្រឹមប្រាំនោះទេ”៕

ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

105 Shares