ក្រុមហ៊ុននាវា Strovolos ទាមទារឱ្យសមត្ថកិច្ចឥណ្ឌូនេស៊ីដោះលែងនាវិកខ្លួន ក្រោយចោទថា​បានលួចដឹកប្រេង​ទើបបូមប្រមាណ​ជិត៣០ម៉ឺនបារ៉ែលពីកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនWorld Tankers Management បានបង្ហាញឱ្យដឹងថា នាវា MT Stro​vo​-losដែលនៅលើដែនទឹករបស់ឥណ្ឌូនេស៊ី គឺក្រោមហេតុផលមនុស្សធម៌ និងធ្វើប្រតិបត្តិការតាមកិច្ចសន្យាតែប៉ុណ្ណោះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនក្រុមហ៊ុនបានអះអាងថា គឺម្ចាស់កិច្ចសន្យាជាមួយនាវាបានផ្ទុកទំនិញជាប្រេងឆៅនៅតំបន់អប្សរារបស់កម្ពុជាក្នុងឈូងសមុទ្រថៃកាលពីខែឧសភាដោយខាងនាវាយល់ថា ទំនិញនោះជាកម្មសិទ្ធិរបស់ម្ចាស់កិច្ចសន្យា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការទាមទារនេះ ​ធ្វើឡើងភ្លាមៗ​បន្ទាប់ពី​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៤ ខែសីហា ​បានចាប់រឹបអូស​នាវានេះ​ទៅតាមការស្នើសុំ​របស់អាជ្ញាធរ​កម្ពុជាដែលចោទថា ​បានលួចដឹកប្រេង​ទើបបូមប្រមាណ​ជិត៣០ម៉ឺនបារ៉ែល។​ ​​​​ប៉ុន្តែ ក្រុមហ៊ុន W​orld Tankers Management​ បានបដិសេធថា​ មិនបានលួចដឹក​ប្រេងរបស់កម្ពុជា​នោះទេ។​

ជុំវិញបញ្ហានេះ អគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពលកម្ពុជាមិនអាចទាក់ទងសុំការបំភ្លឺបាននោះទេ។ ប៉ុន្តែតាមរយៈទីភ្នាក់ងារព័ត៌មានបារាំងAFP លោកជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពលបានអះអាងថា ក្រុមហ៊ុនKrisEnergyបានរាយការណ៍មករដ្ឋាភិបាលកម្ពុជាថា ក្រុមនាវិកទាំងនោះបានលួចយកប្រេងឆៅចេញពីដែនទឹកកម្ពុជា ប៉ុន្តែក្រុមនាវិកបានឆ្លើយតបវិញថា ពួកគេធ្វើបែបនេះ ដោយសារក្រុមហ៊ុនជំពាក់លុយពួកគេ។

ទោះជាយ៉ាងណាក៏ដោយ បើតាមលោក ជៀប សួរ កម្ពុជា និងឥណ្ឌូនេស៊ីកំពុងសហការគ្នា ដើម្បីបញ្ជូនប្រេងលើនាវានោះមកឱ្យកម្ពុជាវិញ៕