ស្ថានទូត ចាត់វិធានការក្តៅចំពោះក្រុមហ៊ុននាំចូលផលិតផលគុយទាវកញ្ចប់ ប្រើប្រាស់រូបសញ្ញាប្រាសាទអង្គរវត្ត លើទីផ្សារអាមេរិក

សង្គម​និង​សេដ្ឋកិច្ច

ស្ថានទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក កំពុងចាត់វិធានការលើក្រុមហ៊ុននាំចូលគុយទាវក្រៀមកញ្ចប់ដែលបានបន្លំយកស្លាកសញ្ញា ផលិតផលគុយទាវភ្នំពេញ និងរូបសញ្ញាប្រាសាទអង្គរវត្ត ដាក់លើផលិតផល ហើយលក់នៅតាមបណ្តាផ្សារអាស៊ី ក្នុងតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក (East Coast)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការដាក់ចេញវិធានការភ្លាមៗនេះ ក្រោយស្ថានទូត កាលពីថ្ងៃទី២៦ សីហា ប្រកាសរកឃើញករណីចែកចាយនៅទីផ្សារសហរដ្ឋអាមេរិកនូវផលិតផលគុយទាវក្រៀមកញ្ចប់ដែលមិនមែនជាផលិតផលរបស់កម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូត បានបញ្ជាក់ថា ការប្រើប្រាស់ពាក្យនិងម៉ាក «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរ មានសមត្ថកិច្ចរបស់កម្ពុជា បានរំលោភបំពានលើបទប្បញ្ញត្តិច្បាប់របស់កម្ពុជា កិច្ចព្រមព្រៀង និងសន្ធិសញ្ញាអន្តរជាតិ ជាពិសេសការប្រើប្រាស់ម៉ាក គុយទាវភ្នំពេញ បានធ្វើឱ្យអ្នកប្រើប្រាស់ទូទៅមានការភាន់ច្រឡំ អំពីប្រភពដើមនៃផលិតផលគុយទាវកញ្ចប់ នេះបើតាមការបញ្ជាក់របស់ស្ថានទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក។

គិតមកដល់ពេលនេះ ស្ថានទូត បាននឹងកំពុងស្រាវជ្រាវកំណត់មុខសញ្ញា និងចាត់អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត ចុះជួបណែនាំដល់ក្រុមហ៊ុនដែលនាំចូលផលិតផលទាំងនោះ ដល់ទីតាំងក្រុមហ៊ុន ព្រមទាំងបានចេញលិខិតជូនដំណឹងជាផ្លូវការទៅក្រុមហ៊ុនទាំងនោះ ឱ្យបញ្ឈប់ធ្វើការនាំចូល ឬដាក់លក់នូវផលិតបែបនេះបន្តទៀត ហើយស្ថានទូតនឹងដាក់ចេញនូវវិធានការបន្ត ក្នុងករណីក្រុមហ៊ុនមិនព្រមអនុវត្តតាមសេចក្តីជូនដំណឹង៕