សម្តេចតេជោ ហ៊ុន សែន សម្រេចដកយកហ៊ុនសំរាមស៊ីនទ្រីមកអោយរដ្ឋគ្រប់គ្រង

សង្គម​និង​សេដ្ឋកិច្ច
98 Shares

កាលពីព្រឹកមិញថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ ក្នុងពេលអញ្ជើញចែកសញ្ញាបត្រដល់និស្សិតមកពី សាកលវិទ្យាល័យបៀលប្រាយ នៅកោះពេជ្រ សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយ​ក​រដ្ឋម​ន្រ្តីនៃកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើក្រុមហ៊ុនសំរាមស៊ីនទ្រី ថាជាក្រុមហ៊ុន​គ្មាន​សមត្ថភាព​ប្រមូលនិងគ្រប់គ្រងសំរាមដែលដល់ពេលត្រូវរដ្ឋដកយកមកគ្រប់គ្រងវិញ ហើយ​បើក​ឱកាស​ដល់​ក្រុមហ៊ុនផ្សេងៗដែលមានលទ្ធភាព និងសមត្ថភាពយ៉ាងហោចណាស់៤ ដើម្បីចូលរួម​ដេញ​ថ្លៃវិនិយោគលើការងារប្រមូលនិងគ្រប់គ្រងសំរាមក្នុងរាជធានីភ្នំពេញអោយបានល្អ។


សម្តេចតេជោបានមានប្រសាន៍ថា រាល់ថ្ងៃឮតែពលរដ្ឋនិយាយនិងរអ៊ូតែពីក្រុមហ៊ុនសំរាមស៊ីនទ្រី គឺ​ក្រុមហ៊ុននេះ​គ្មានសមត្ថភាពធ្វើការតទៅទៀតទេ។ សម្តេចតេជោ បានចុះហត្ថលេខា​អោយ​ប្រើ​ប្រាស់​ទីតាំង៣នៅក្រៅក្រុងថែមទៀតដើម្បីសម្រួលដល់ការប្រមូលនិងគ្រប់គ្រងសំរាម តែក្រុមហ៊ុន​នេះ​មិន​ធ្វើ។ សម្តេចតេជោបានបន្តថា តាមពិតក្រុមហ៊ុនស៊ីនទ្រីបានចុះកិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​នៅអំឡុងឆ្នាំ ១៩៩៦ឬ១៩៩៧ ដែលមកទល់ពេលនេះ គឺជាង២០ឆ្នាំហើយ។ ពេលនោះ ផ្ទៃ​ដីទីក្រុងភ្នំពេញមានទំហំតែ ៣០០​គម​ក្រឡា តែពេលនេះផ្ទៃដីក្រុងបានកើនឡើងរហូតដល់ ៦០០​គមក្រឡា ដែលបានធ្វើអោយក្រុមហ៊ុនសំរាមស៊ីនទ្រីគ្មានសមត្ថភាពធ្វើ បានទុកសំរាម​គរ​ចោល​ដែល​ធ្វើ​អោយប៉ះពាល់ដល់បរិស្ថាននិងអនាម័យ សោភ័ណភាពទីក្រុង។

សម្តេចបានបញ្ជាក់ច្បាស់ថារដ្ឋាភិបាលនឹងដកយកក្រុមហ៊ុននេះមកគ្រប់គ្រងរួមទាំងបុគ្គលិក ហើយ​នឹងទូទាត់សងទៅក្រុមហ៊ុននូវអ្វីទាំងឡាយណាដែលក្រុមហ៊ុនបានចំណាយ​លុយទិញដូចជាឡានដឹក​សំរាមជាដើម គឺមិនអោយក្រុមហ៊ុនខាតទេ។ ក្រោយពីដក​យក​មកគ្រប់គ្រងហើយ រាជរដ្ឋាភិបាល​នឹង​បើកឱកាសដល់ក្រុមហ៊ុនយ៉ាងហោចណាស់៤ រួមទាំងក្រុមហ៊ុនសំរាមស៊ីនទ្រីខ្លួនឯង ក៏មានសិទ្ធិ​ដាក់​ឯក​សារដេញថ្លៃដែរ។ ក្រុមហ៊ុនមួយ មានសិទ្ធិដេញថ្លៃតែមួយតំបន់ទេ ។រដ្ឋនឹង​កំណត់បែង​ចែក​ជា ៤តំបន់ អោយក្រុមហ៊ុននីមួយៗគ្រប់គ្រងទៅតាមតំបន់របស់ខ្លួន។ ទន្ទឹមនឹងនេះ ក៏ហាម​មិន​អោយ​បញ្ចូលគ្នាជាសម្ព័ន្ធបានឡើយ។ ក្រោយពីការប្រមូលនិងគ្រប់គ្រងសំរាមបានហើយ សម្តេច​តេជោក៏មានគម្រោងដើម្បីកែច្នៃសំរាមនេះអោយទៅជាអគ្គីសនីសម្រាប់យកមកប្រើប្រាស់ក្នុងរាជធានីភ្នំពេញ ទោះបីត្រូវចំណាយខ្ពស់បន្តិចក្តី គឺរាជរដ្ឋាភិបាលសុខចិត្តចូលរួម​ជាមួយក្រុមហ៊ុនអគ្គីសនី​នេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន នឹងបញ្ជាអោយក្រសួង និងស្ថាប័នពាក់ព័ន្ធចាប់ធ្វើកិច្ចការ​នេះ​អោយ​បាន​ឆាប់​បំផុត។ អរគុណបងប្អូនប្រជាពលរដ្ឋដែលបានផ្តល់នូវព័ត៌មាន ក៏ដូចជាសំណូមពរ និង​មតិ​យោ​បល់មកកាន់សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការចូលរួមអភិវឌ្ឍន៍ទីក្រុងយើងអោយកាន់តែមានសោភ័ណ​ភាព​ស្រស់ស្អាតល្អ អនាម័យខ្ពស់ និងបរិស្ថាន​ល្អ៕

ប្រភពផេក៖ Samdech Hun Sen, Cambodian Prime Minister

សម្តេចតេជោ ហ៊ុន សែន សម្រេចដកយកហ៊ុនសំរាមស៊ីនទ្រីមកអោយរដ្ឋគ្រប់គ្រង
98 Shares