អ្នកជំនួញខ្មែរ​ម្នាក់​ចង់ជួលតារា​ថតផលិតផល គេទារ ២០០០ ដុល្លារ ចុងក្រោយ​ថត​ខ្លួន​ឯង​ ផ្សព្វផ្សាយ​ផលិតផល​ខ្លួន​ឯង

សង្គម​និង​សេដ្ឋកិច្ច

ស្រ្តីអ្នកជំនួញខ្មែរ​ម្នាក់បានប្រាប់បទពិសោធន៍ដ៏​ខកចិត្តមួយ​ ក្រោយពេលមានបំណង​ចង់​​​ជួលតារាស្រីល្បីឈ្មោះ​ម្នាក់​មក​​ជួយ​ប្រូម៉ូតផលិតផល​របស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ស្រីជាម្ចាស់ជំនួញក្រុមហ៊ុន LM Lima Angkor Foods (អិលអិម លីម៉ា អង្គរ ហ្វ៊ូត) បាន​ប្រាប់​រឿងរ៉ាវ​ថា ​កាលពីជាង១ខែមុន អ្នក​ស្រី​បានទាក់ទងតារាស្រីល្បីឈ្មោះលំដាប់បង្គួរម្នាក់ ដើម្បីជួយធ្វើជាម៉ូឌែលផ្សព្វផ្សាយប្រេងដូងរបស់ខ្លួន​។ នាងទារប្រាក់ចំនួន ២ ពាន់ដុល្លារ ជាថ្នូរនឹងការថតវិដេអូប្រវែង២នាទី ហើយគំរាមទៀតថា អាចឡើងដល់ ៣ពាន់ដុល្លារ បើការថតនោះពិបាកលើសការរំពឹងទុក។

ដោយ​គិតថា លុយចំនួន ដល់ទៅ ២ឬ៣ពាន់ដុល្លារ អាចត្រៀមទិញផ្លែដូងទុំបានច្រើនខ្លាំងណាស់ ហើយវារឹតតែច្រើនសម្រាប់កសិករម្ចាស់ចម្ការដូង។ ម្ចាស់ជំនួញ​រូប​នេះ​ដេកគិតចុះឡើង ហើយចូលទៅមើលផេគរបស់តារាស្រីនោះ ពិចារណាយ៉ាងយូរ ឃើញថា នាងស្អាតដោយសារកែសម្ផស្សសុទ្ធសាធតែម្ដង។ ច្រមុះ មាត់ ភ្នែក ចង្កា សុទ្ធតែចាក់ស៊ីលីកូន និងសល្យកម្មផ្លាស្ទីក។ ហើយរូបថតទាំងនោះ បៀកម្សៅ ផាត់គូល័រ តរោមភ្នែក បាញ់ភ្លើងលឿង និង ឆ្លងកាត់ការ អេឌីត ក្នុងហ្វូតូហ្សបសម្បើមណាស់ ទើបបានស្អាតប៉ុនហ្នឹង។ ដោយ​គិតដល់ចំណេះដឹងរបស់នាងទៀត ថា មិនដឹងរៀនសូត្របានប៉ុនណា មានគុណសម្បត្តិអ្វីចំពោះសង្គមជាតិសម្រាប់ជាគំរូដល់សាធារណជន ក្រៅពីចេះច្រៀងរាំទៅន៎!គិតយូរៗទៅ ដូចជាមិនឃើញថាតម្លៃផ្សព្វផ្សាយរបស់តារារូបនោះសមនឹងលុយពីរបីពាន់ដុល្លារសោះ។ និយាយតាមត្រង់ សូម្បីតែបង់ឱ្យតែត្រឹម ៣០០ដុល្លារ ក៏ដូចជាស្ដាយដែរ។

ក្រោយ​ពេល​គិត​ចុះ​ឡើង ណ្ហើយ! គេដល់ឧកញ៉ាផង គេនៅខំផ្សាយដោយខ្លួនឯង… ចុះរឿងអ្វី ផលិតផលក្នុងស្រុកមួយដែលកំពុងមានបេសកកម្មជួយទាំងស្ត្រីខ្មែរ ទាំងសហគមន៍ក្រីក្រតាមខេត្តផង មិនអាចយកមុខម្ចាស់សិប្បកម្មផ្សាយបាន?! ស្រ្តី​ជា​ម្ចាស់​ផលិតផល​​សុខភាព​ធម្មជាតិ​​រូប​នោះ ក៏​សម្រេចចិត្តធ្វើជាតារាម៉ូឌែលឱ្យក្រុមហ៊ុន LM Lima Angkor Foods (អិលអិម លីម៉ា អង្គរ ហ្វ៊ូត) របស់​ខ្លួន​តែ​ម្តង។ បច្បុប្បន្ន ស្រ្តី​ជា​ម្ចាស់​សហគ្រិនខ្មែរ​រូប​នោះ ក៏​កំពុងព្យាយាមសិក្សាស្រាវជ្រាវបន្ថែមពីគុណប្រយោជន៍ប្រេងដូងត្រជាក់ ដើម្បីផ្ដល់ចំណេះដឹងសុខភាពជូនគ្រប់អតិថិជន និង អ្នកប្រើប្រាស់ ទទួលបានភាពភ្លឺស្វាងក្នុងការថែរក្សាសុខភាពរាងកាយ និង សម្រស់តាមបែបធម្មជាតិ និងអស់លុយតិចបំផុត!