ឧកញ៉ា នួន អក៖បើ​អ្នក​ធ្លាប់​បរាជ័យ​​ក្នុង​ជីវិត​វា​នឹង​ធ្វើ​ឲ្យ​យល់ច្បាស់ពី​វិធីក្រោក​ឈរ​ម្តង​ទៀ​ត

ជុំវិញ​ឧកញ៉ា
486 Shares

បរាជ័យ គឺជាពាក្យមួយដែលមនុស្សគ្រប់រូបមិនចង់ដឹង មិនចង់លឺ ហើយក៏មិនចង់ជួបប្រទះនោះដែរ​ ប៉ុន្តែជីវិតរបស់មនុស្សយើងម្នាក់ៗគឺមិនអាចជៀសផុតបានពីកំហុស និងភាពបរាជ័យនោះឡើយ។​ប៉ុន្តែ​ប្រសិន​បើ​អ្នកចេះចាប់យកកំហុសដែលអ្នកបានឆ្លងកាត់នោះមកធ្វើជាបទពិសោធន៍ អ្នក​និង​អាច​រឹងមាំជាងមុន ហើយអ្នកក៏អាចដឹងច្បាស់ពីមធ្យោបាយ​នៅក្នុងការជំនះការលំបាក និង​វិធី​ក្រោក​ឈរ​ថ្មីមួយទៀតដែលអ្នកមិនធ្លាប់ជួបពីមុនមក​។ បរាជ័យម្តង ក្នុងជីវិត ធ្វើអោយយើង​ដឹង​ច្បាស់ពីវិធីក្រោកឈរថ្មីមួយទៀត។

ជាការពិតណាស់ប្រសិនបើអ្នកធ្លាប់ឆ្លងកាត់នូវកំហុស និងភាពបរាជ័យ នោះអ្នក​និងអាច​ដឹង​ពី​ប្រភព​និងមូលហេតុ ក៏ដូចជាដើមចមនៃភាពបរាជ័យទាំងនោះ ហើយអ្នកក៏អាច​រិះរកវិធីដើម្បី​ដោះ​ស្រាយ​ និងកែរតម្រូវស្ថានភាពទាំងនោះផងដែរ។

កំហុស និងភាពបរាជ័យដែលយើងធ្លាប់ជួបក្នុងពេលកន្លង និងកំពុងតែជួបប្រទះក្នុងពេលនេះ​វា​អាច​​ជួយ​អោយយើងដឹងពីចំណុចខ្សោយ និងចំណុចខ្វះខាតរបស់យើងផងដែរ។ នៅពេលដែល​យើង​ប្រឡូកនៅក្នុងសង្គមជីវិត និង សង្គម​អាជីវកម្មកាន់តែច្រើននោះ​អ្នកនិងទទួល​បាន​បទ​ពិសោធន៍​យ៉ាង​ច្រើន និងប្លែកៗ ហើយនៅក្នុងនោះក៏មានលាយឡំគ្នាទៅដោយភាពជោគជ័យ និង​ភាព​បរាជ័យ​ផងដែរ។

ហើយអ្នកត្រូវចាំថានៅលើពិភពលោកយើងនេះបុគ្គលល្បីៗ មហាសេដ្ឋីក៏ដូច​ជា​អ្នកប្រាជ្ញកំពូលៗ​នៅ​លើ​ពិភពលោក​ទាំងអស់ គឺពួកគាត់មិនខ្លាចនៅក្នុងការប្រឈមមុខជាមួយ និងភាពបរាជ័យ​នោះ​ឡើយ។

ពីព្រោះថារាល់ភាពជោគ​ជ័យ​ទាំងអស់គឺសុទ្ធតែកើតចេញពីបទពិសោធន៍ជីវិតលំបាកៗ និងចេញពី​កំហុស​ ព្រមទាំងភាពបរាជ័យទាំងអស់។ ទោះបីជាបរាជ័យគឺជាមេរៀន និងជាបទពិសោធន៍ក៏​ពិត​មែន​ប៉ុន្តែអ្នកគួរតែមានការប្រុងប្រយ័ត្នផងដែរ នៅរាល់សកម្មភាព និងទង្វើរបស់អ្នក​ដើម្បី​បញ្ចៀស​កុំ​អោយមានកំហុស និងបញ្ហាកើតឡើង។

ព្រោះថារាល់កំហុស និងភាព​បរាជ័យទាំងអស់គឺសុទ្ធតែមានផលអាក្រក់ និងធ្វើ​អោយអ្នក​ខាត​បង់​ទាំង​កំលាំងកាយ ថវិការ និងពេលវេលាយ៉ាងច្រើន​ផងដែរ៕

ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា  នួន អក

ឧកញ៉ា នួន អក៖បើ​អ្នក​ធ្លាប់​បរាជ័យ​​ក្នុង​ជីវិត​វា​នឹង​ធ្វើ​ឲ្យ​យល់ច្បាស់ពី​វិធីក្រោក​ឈរ​ម្តង​ទៀ​ត
486 Shares