លោកជំទាវ ម៉ែន សំអន៖ វណ្ណកម្មចាស់ៗត្រូវបានស្រាវជ្រាវ អភិរក្ស និងផ្សព្វផ្សាយឡើងវិញ…

កម្សាន្ត
13 Shares

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនង​ជា​មួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធី មួយម៉ឺនអាល័យលើក​ទី៥ ​នារាត្រីថ្ងៃទីព្រហស្បត្តិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC) ។

លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងនូវការកោតសសើរដល់ ក្រុមព្រះសុរិយា ដែល​បាន​រៀបចំ​បង្កើតឲ្យមានកម្មវិធីមួយម៉ឺនអាល័យនេះឡើង និងបានខិតខំស្រាវជ្រាវនូវវណ្ណកម្មផ្នែក​សោតទស្ស​ និងស្នាដៃនិពន្ធចាស់ៗ ដែលបានកប់បាត់ពីអតីកាល និងបានចងក្រ​ឡើង​វិញ​តាមទម្រង់ដើម ហើយដាក់បញ្ជាំងជូនទស្សនិកជនបានទស្សនា។

លោកជំទាវបានបន្តទៀតថា ពីឆ្នាំ១៩៤៩ ដល់ ឆ្នាំ១៩៧៥ គឺជាសម័យកាលមាស នៃ​ការរីកចម្រើន​ជាបន្តបន្ទាប់​នៃវិស័យ ភាពយន្ត ខ្មែរ ដែលពេលនោះ ខ្សែភាពយន្ត មួយចំនួនធំបានបង្ហាញខ្លួន និង​មាន​ឥទ្ធិពលនៅលើទីផ្សារ ភាពយន្ត តំបន់ និងអន្តរជាតិជាហូហែរ។

វិស័យភាពយន្តខ្មែរបានចាប់កំណើតឡើង ដោយគំនិតផ្តួចផ្តើម របស់ ព្រះករុណា​ព្រះបាទសម្តេច​ព្រះនរោត្តម សីហនុ​ ដែលពេលនោះ ព្រះអង្គត្រូវបានប្រសិទ្ធនាមថាជា ព្រះបិតា​សិល្បៈភាពយន្ត​ជាតិ​ នាឆ្នាំ១៩៤៩។ ការរីកចម្រើនជាបន្តបន្ទាប់បានចេញជាផ្លែផ្កាគួរអោយកត់សម្គាល់ ដោយ​ភាពយន្ត​ខ្មែរ​មិនត្រឹមតែទទួលការគាំទ្រពីប្រជាជនខ្លួនឯងនោះទេ សូម្បីតែប្រជាជន នៃជាតិដទៃ​ក៏ទទួល ស្គាល់ និងឱ្យ តម្លៃភាពយន្តទាំងនោះផងដែរ ពិសេសនៅប្រទេសថៃ និងសិង្ហបុរី ដោយ​សាតែ​ក្នុងទស្សវត្ស៦០-៧០នោះការផលិតខ្សែរភាពយន្តរបស់កម្ពុជា គឺអាចថតបានក្នុងកម្រិត 2k រួចជាស្រេចហើយ ។

បើតាមការស្រាវជ្រាវរបស់ ក្រុមព្រះសុរិយា បានបង្ហាញថា មានវណ្ណកម្មភាពយន្តជាង៥០០រឿង ត្រូវ​បានផលិតជាហូរហែក្នុងរយៈពេលជាង២០ឆ្នាំ និងបានបញ្ចប់ទាំងស្រុងនៅថ្ងៃ១៧ មេសា ឆ្នាំ​១៩៧៥ ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។ ប៉ុន្តែ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ វិស័យ ភាពយន្ត កម្ពុជាបានរស់ឡើងវិញ យ៉ាងត្រដាបត្រដួស នៅពេលដែលសង្គ្រាមនៅតែអូសបន្លាយ រហូត​ដល់​មាន ​នយោបាយ ឈ្នះ-ឈ្នះ នៅឆ្នាំ១៩៩៨ ដែល កម្ពុជាទទួលបានសន្តិភាពពេញលេញ ក្រោម​ការ​ដឹក​នាំ​ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ វិស័យភាពយន្តក៏បានចាប់ផ្តើមរីកចម្រើន ឡើងវិញជាបណ្តើរៗ។

លោកជំទាវក៏បានស្នើឲ្យក្រុមព្រះសុរិយាបន្តក្នុងការសិក្សាស្រាវជ្រាវ អភិរក្ស​និង​ផ្សព្វផ្សាយ​បន្តប​ន្ថែមទៀតដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យផ្នែកសោតទស្សរបស់កម្ពុជាឲ្យកាន់តែរីចម្រើនបន្ថែមទៀត៕

ប្រភព​ ផេក៖ Men Sam An Cambodia Deputy Prime Minister

លោកជំទាវ ម៉ែន សំអន៖ វណ្ណកម្មចាស់ៗត្រូវបានស្រាវជ្រាវ អភិរក្ស និងផ្សព្វផ្សាយឡើងវិញ…
13 Shares