Ronaldo ​បំបែក​កំណត់ត្រា​ពិភពលោក​មួយ​ទៀត​ជាប់កំណត់​ត្រាហ្គីណេស​

អន្តរជាតិ

កាលពី​ពេល​ថ្មីៗ​នេះ​ ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់​គឺ Cristiano Ronaldo បាន​បំបែក​កំណត់ត្រា​ដ៏​អស្ចារ្យ​ កម្រ​មាន​កីឡាករ​ណា​អាច​ធ្វើ​បាន​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំណត់ត្រា​មួយ​នោះ​គឺ​ ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​ជូន​ក្រុម​ជម្រើសជាតិ​បាន​ច្រើន​បំផុត​ ខណៈ​កន្លង​មក​កំណត់ត្រា​មួយ​នេះ កាន់កាប់​ដោយ​អតីត​កីឡាករ​អ៊ីរ៉ង់ Ali Daei ដែល​ធ្លាប់​រកបាន ១០៩ គ្រាប់ រីឯ​ CR7 វិញ​ រកបាន ១១១ គ្រាប់​គិត​ត្រឹម​ពេល​បច្ចុប្បន្ន ហើយ​តួលេខ​នេះ​នៅ​អាច​បន្ត​កើត​មាន​ឡើង​ទៀត ដរាបណា​ខ្សែប្រយុទ្ធ​ព័រទុយហ្គាល់​មិនទាន់​ប្រកាស​ចូល​និវត្ត​ពី​ក្រុមជម្រើសជាតិ។

ដោយឡែក​​សមិទ្ធផល​ខាងលើ ក៏​ត្រូវ​បាន Guiness World Record ផ្ដល់​ជូន Ronaldo នូវ​សញ្ញាប័ត្រ​បញ្ជាក់​ពី​កំណត់ត្រា​ដ៏​ពិបាក​នឹង​មាន​អ្នក​ធ្វើ​បាន​ដូចជា​លោក​ថែម​ទៀត។

​ក្រៅពី​ជា​ Top Scorer នៅ​ក្រុមជម្រើសជាតិ ម្ចាស់​ពាន​ Ballon d’Or ៥ សម័យ​ក៏​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​នៅ​ប្រវត្តិសាស្ត្រ UEFA Champions League ផង​ដែរ ដោយ​រកបាន ១៣៤ គ្រាប់​ច្រើនជាង​គូប្រជែង​ច្រើន​ជំនាន់ Lionel Messi ១៤ គ្រាប់។

ក្រឡេក​មក​មើល​ស្ថានភាព​អាជីព​នៅ​ក្នុង​លីគ​វិញ​ Ronaldo បាន​សម្រេច​ផ្លាស់មក​លេង​នៅ Manchester United ដែល​ជា​ទ្រនំ​ផ្ដល់​កំណើត​ដំបូង​របស់​លោក​កាលពី​ថ្ងៃ​សុក្រ ខណៈ​ការ​មក​ដល់​របស់​លោក​ជះឥទ្ធិពល​ខ្លាំង​ដូច Messi ទៅ Paris Saint-Germain អញ្ចឹង។

គ្រាន់តែ​មកដល់​ភ្លាម ដ្បិត​លេខ​អាវ​ផ្លូវការ​មិនទាន់​ប្រកាស​មែន តែ​អាវ​ចម្លង​នៅ​ឃ្លាំង Man utd ត្រូវ​បាន​លក់​ចេញ​អស់​គ្មាន​សល់ ក្រោយ​អ្នកគាំទ្រ​ទទួល​ដំណឹង​ថា CR7 ពិតជា​មក​ចូលរួម​នៅ Old Trafford សារ​ជាថ្មី។

មិន​ខុសពី Lionel Messi ដែល​ជា​កីឡាករ​ស៊ីថ្លៃ​ខ្លួន​ខ្ពស់​បំផុត​នៅ PSG និង Ligue 1 ទេ​ Ronaldo ក៏​ជា​កីឡាករ​ទទួល​ប្រាក់​ពលកម្ម​ខ្ពស់​បំផុត​ក្នុង​ក្រុម​បិសាច​ក្រហម​ និង​នៅ​ក្របខណ្ឌ​កំពូល Premier League ផង​ដែរ ដោយ​ក្នុង​មួយ​សប្ដាហ៍​លោក​ទទួល​បាន​ ៥១០ ០០០ ផោន ឬ​ប្រមាណ​ជាង ៧០ ម៉ឺន​ដុល្លារ​ឯណោះ ដែល​មានន័យថា ប្រាក់​ពលកម្ម​លោក​ ១ ខែ​អាច​ទិញ​បាន​រថយន្ត​ទំនើប​ Bugatti Chiron ដែល​មាន​តម្លៃ​ជិត ៣ លាន​ដុល្លារ​បាន​ដោយ​ស្រួល៕

ប្រភព: បរទេស