លម្អិតគម្រោងផ្សារទំនើបអ៊ីអន ទី៣ ធំសម្បើមជាគេនៅអាស៊ាន កំពុងសម្រុកសាងសង់ក្នុងតម្លៃ ២៨៩,៦ ​លាន​ដុល្លារ

អាជីវកម្ម
530 Shares

Aeon Mall ជា​ក្រុមហ៊ុន​ពហុផលិតផល​ជប៉ុន​ ដែលឈានជើងចូលមកទីផ្សារនៅកម្ពុជាប្រមាណជាង ៨ ឆ្នាំមកហើយ ខណៈពេលបច្ចុប្បន្នកំពុងសាងភាពល្បីល្បាញ និងមានសន្ទុះគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន នឹងត្រូវបានគេចាត់ទុកថា ជាផ្សារទំនើបខ្នាតយក្សនៅកម្ពុជា។

ក្រុមហ៊ុន Aeon Mall (Cambodia) បានបោះជំហ៊ានមួយជំហ៊ានទៀតលើគម្រោងវិនិយោគសាងសង់​ផ្សារ​ទំនើប​អ៊ីអន ​៣ ស្ថិតនៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ដែលអនុម័តចុះបញ្ជីដោយក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ថ្ងៃទី​ ២៥​ ​ខែ​ធ្នូ​ ឆ្នាំ២០១៩ ។

ការបោះជំហ៊ានមួយបន្ថែមទៀតនេះ បន្ទាប់ពី​ទទួល​បានភាព​ជោគជ័យ​ខ្លាំង​នៅក្នុង​វិស័យ​លក់រាយ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈការវិនិយោគ​ផ្សារ​ទំនើប​អ៊ីអន ​ទី១ ចំការមន និង អ៊ីអន ទី២ សែនសុខ ស្របពេលដែលតំបន់ទាំងពីរគឺជាតំបន់យុទ្ធសាស្រ្ត និងសក្តានុពលសេដ្ឋកិច្ចដ៏សំខាន់ផងដែរ។

ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​កម្ពុជា លោក ម៉ាសាហ៊ីរ៉ូ មិកាមិ (MASAHIRO MIKAMI) ឱ្យ​ដឹង​ថា ផ្សារ​ទំនើប​អ៊ីអន​ទី ១ និង​ទី ២ ទទួល​បាន​អតិថិជន​បាន​ប្រមាណ ១ លាន​នាក់ ក្នុង ១​ខែៗ​សម្រាប់​ផ្សារ​ទំនើប​នីមួយៗ។

គម្រោងផ្សារទំនើបអ៊ីអនទី ៣ នេះ ក្រុមហ៊ុនគ្រោងចំណាយ​ទឹកប្រាក់ប្រមាណ​ជាង​ ២៨៩,៦ ​លាន​ដុល្លារ បើតាមការឲ្យដឹងរបស់ក្រុមហ៊ុន គម្រោងនេះមាន​ទំហំធំ​ជាង​សាខាទី១ និងទី២​ទៅ​ទៀត ដែលអាច​ចាត់ទុក​បានថា ជាផ្សារទំនើប​​ធំជាងគេ​មួយ​នៅកម្ពុជា​ ដោយមាន​ផ្ទៃដី​សាង​សង់​​សរុប​រហូត​ដល់ ១៨ ហិកតា ខណៈ​ផ្សារទំនើប​អ៊ីអន​សាខា​ទី១ បាន​សាងសង់​លើផ្ទៃដី ត្រឹមតែ ៧ ហិកតា និងសាខាទី​២ មានផ្ទៃដីតែ ១០ហិកតា​ប៉ុណ្ណោះ។

ទីតាំង​ផ្សារ​ទំនើបរបស់ជប៉ុនមួយនេះ ​មាន​អគារ​កម្ពស់​៥ ជាន់ ​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ហាង​ទំនិញ និង​ចំណត​រថយន្ត​ ដែលត្រូវបានក្រុមហ៊ុន Hyundai Engineering ​ឈ្នះ​ការ​ដេញថ្លៃ​លើ​គម្រោង​សាងសង់​ផ្សារ​ទំនើប​អ៊ី​អន ៣ ដែល​មាន​តម្លៃ ២០០ ពាន់​លានវ៉ុន ឬ​ប្រមាណ ១៦៤ លាន​ដុល្លារ។

គម្រោងផ្សារទំនើបអឺអនម៉ល ទី៣ ក៏ជាកម្លាំងចលករដ៏សំខាន់ នៅក្នុងការជួយជំរុញ​ដល់​ការ​អភិវឌ្ឍន៍នៃទីក្រុងរណបស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែល​ជា​តំបន់​មាន​សក្តានុពល​ខ្លាំង។ ផ្សារទំនើបនេះ ស្ថិតនៅតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ដែល​មាន​ភាព​ងាយ​ស្រួលក្នុងការធ្វើដំណើរ ព្រមទាំង បង្កលក្ខណៈឲ្យមានកំណើនប្រជាជន អគារលំនៅដ្ឋាន និងសាលារៀនអន្តរជាតិជាដើម។

របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ឆ្នាំ​ ២០១៩ បាន​ឲ្យ​ដឹងថា ផ្សារ​ទំនើប​អ៊ីអន​ ៣ ត្រូវបានប្រសិទ្ធនាមថា “ផ្សារទំនើប អ៊ីអន​ម៉លមានជ័យ” ដែល​នឹង​ត្រូវ​សាងសង់​នៅក្នុង​គម្រោង​ទីក្រុង​រណប ING City នៅលើ​ផ្ទៃដី ១៧៤ ០០០ ​ម៉ែត្រការ៉េ​ដែល​គ្រោងបញ្ចប់​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ឆ្នាំ​ ២០២៣ខាងមុខ​។

ឧកញ៉ាម្នាក់ដែលកំពុងធ្វើការអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីមួយរូប​នៅកម្ពុជា​សុំមិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់គេហទំព័រឧកញ៉ាញូស៍ថា វត្តមាន​ផ្សារ​ទំនើប​អ៊ីអន​ ៣ ​នៅ​តំបន់​នេះ​គឺជា​ការបំពេញ​បន្ថែម​នឹង​ការអភិវឌ្ឍ​យ៉ាង​រហ័ស​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ទីនោះ ខណៈ​ទីក្រុង​រណប ING City ក៏​កំពុង​ត្រូវបាន​អភិវឌ្ឍ​ផងដែរ​។

លើសពីទៅទៀតនេះ គម្រោងផ្សារទំនើបនេះក៏ជាគម្រោងផ្សារទំនើបដែល​មានទំហំធំជាងគេនៅក្នុងតំបន់អាស៊ានទាំង ១០ ទៀតផង។

សូមបញ្ជាក់ថា ផ្សារទំនើប​អ៊ីអន​ទី​ ១ មាន​ទីតាំងនៅ​ខណ្ឌ​ចំការមន វិនិយោគ​ប្រហែល​ ២០៥ ​លាន​ដុល្លារ ហើយ​អ៊ីអន​ ២ ​មាន​ទុនវិនិយោគ ១២០ ​លាន​ដុល្លារ​ដែល​បាន​បើក​ដំណើរការ​កាលពី​ខែ​មិថុនា​ឆ្នាំ​ ២០១៨ ដោយមាន​ផ្ទៃដី​សរុប​ប្រហែល​ ៦៨ ០០០ ​ម៉ែត្រការ៉េ​នៅ​ខណ្ឌ​សែនសុខ​៕

លម្អិតគម្រោងផ្សារទំនើបអ៊ីអន ទី៣ ធំសម្បើមជាគេនៅអាស៊ាន កំពុងសម្រុកសាងសង់ក្នុងតម្លៃ ២៨៩,៦ ​លាន​ដុល្លារ
530 Shares