ប្រវត្តិទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi មិនធម្មតា ខណៈលោកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាចុងសប្តាហ៍នេះ

អន្តរជាតិ

ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចំនួន៤ ដូចជា កម្ពុជា វៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូង ដោយចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។

បើតាមស្ថានទូតទូតចិន ដំណើរទស្សនកិច្ចនៅតាមបណ្តាប្រទេសទាំងអស់នេះ ធ្វើឡើងតបតាមការអញ្ជើញរដ្ឋមន្រ្តីការបរទេសនៃប្រទេសនីមួយៗ ខណៈដែលប្រទេសវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូង សុទ្ធតែជាប្រទេសជិតខាង និងជាដៃគូកិច្ចសហប្រតិបត្តិការមុតស្រូចដ៏សំខាន់របស់ចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាស នៃការបំពេញទស្សនកិច្ចនេះ លោក Wang Yi នឹងពិភាក្សាយុទ្ធសាស្រ្ត កាន់តែស៊ីជម្រៅជាមួយ បណ្ដាភាគី ដើម្បីជំរុញអនុវត្តកុងសុងស៊ីសសំខាន់ៗ ដែលបានឯកភាពគ្នាដោយលោកប្រធានាធិបតីចិន Xi Jinping និងថ្នាក់ដឹកនាំនៃប្រទេសទាំងបួន ដែលផ្តោតជាសំខាន់លើកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុស និងកិច្ចសហប្រតិបត្តិ ការអភិវឌ្ឍន៍ ជំរុញកិច្ចផ្ទៀងផ្ទាត់រវាងផែនការអភិវឌ្ឍន៍ថ្មី ដែលបង្កើតឡើងដោយចិន និងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់បណ្ដាប្រទេស លើកកម្ពស់កិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” និងកិច្ចកសាងសហគមន៍ វាសនារួមសម្រាប់មនុស្សជាតិកាន់តែស៊ីជម្រៅ។

យ៉ាងណា ជុំវិញវត្តមានរបស់រដ្ឋមន្រ្តីចិនដ៏មានឥទ្ធពលរូបនេះ នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ ឧកញ៉ាញូស៍ សូមស្លេះប៉ុណ្ណឹង ដោយគ្រាន់តែណែនាំ និងធ្វើការបើកកកាយអំពីជីវប្រវត្តិការសិក្សា ក៏ដូចជាបទពិសោធន៍ការងាររបស់លោក Wang Yi ដូចតទៅ៖

លោក Wang Yi បានកើតនៅខែតុលាឆ្នាំ ១៩៥៣ នាទីក្រុងប៉េកាំងប្រទេសចិន គាត់បានចាប់ផ្តើមការងារដំបូងរបស់ខ្លួន នៅក្នុងខែកញ្ញាឆ្នាំ ១៩៦៩ និងបានចូលរួមជាមួយបក្សកុម្មុយនីស្តចិន (CPC) នៅខែឧសភាឆ្នាំ ១៩៨១។

ចំពោះប្រវត្តិសិក្សា លោក Wang បានបញ្ចប់ការសិក្សាពីនាយកដ្ឋានអាស៊ី និង ភាសាអាហ្វ្រិក នៃវិទ្យាស្ថានភាសាបរទេសទី ២ របស់ប៉េកាំង ដោយលោកបានបញ្ចប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រភាសាជប៉ុន ខណ: លោកក៏ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតសេដ្ឋកិច្ចផងដែរ ។

ក្រឡេកទៅមើលបទពិសោធន៍ការងាររបស់លោក Wang ពិតជាមិនធម្មតានោះទេ ឧកញ៉ាញូស៍សូមលើកយកបទពិសោធនការងារសំខាន់ៗ ដូចខាងក្រោម៖

-នៅឆ្នាំ ១៩៨២-១៩៨៩ ជាអនុប្រធាននាយកដ្ឋានក្រសួងការបរទេស និងនាយកដ្ឋានកិច្ចការអាស៊ី
-ឆ្នាំ ១៩៨២-១៩៨៩ ជាប្រធាននាយកដ្ឋានក្រសួងការបរទេស និងនាយកដ្ឋានកិច្ចការអាស៊ី
-ក្នុងឆ្នាំ ១៩៨២-១៩៨៩ ជាមន្ត្រីក្រសួងការបរទេស នាយកដ្ឋានកិច្ចការអាស៊ី
-ឆ្នាំ ១៩៨៩-១៩៩៤ ជាទីប្រឹក្សាស្ថានទូតចិនជប៉ុន តូក្យូ
-ឆ្នាំ ១៩៩៤-១៩៩៥ ជាអនុប្រធានក្រសួងការបរទេស នាយកដ្ឋានកិច្ចការអាស៊ី
-ឆ្នាំ ១៩៩៥-១៩៩៨ ជាប្រធានក្រសួងការបរទេស នាយកដ្ឋានកិច្ចការអាស៊ី
-ឆ្នាំ ១៩៩៨-២០០១ ជានាយកក្រសួងការបរទេស និងការិយាល័យស្រាវជ្រាវគោលនយោបាយ
-ឆ្នាំ ១៩៩៨-២០០១ ជាជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេស ឆ្នាំ ២០០១-២០០៤ ជាអនុរដ្ឋមន្រ្តីក្រសួងការបរទេសឆ្នាំ ២០០៤-២០០៧ ជាឯកអគ្គរដ្ឋទូតចិន ប្រចាំស្ថានទូតជប៉ុនក្នុងទីក្រុងតូក្យូ
-ឆ្នាំ ២០០៧-២០១២ ជាសមាជិកកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន CPC ទី ១៧
-ឆ្នាំ ២០០៨-១៣ ជាមន្ត្រីការិយាល័យកិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋ
-ឆ្នាំ ២០១២-២០១៧ ជាសមាជិកកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន CPC ទី ១៨
-ឆ្នាំ ២០១៣-២០១៨ ជារដ្ឋមន្ត្រីក្រសួងការបរទេស
-ចាប់តាំងពីឆ្នាំ ២០១៨ រហូតដល់បច្ចុប្បន្ន ជាសមាជិកនៃគណៈកម្មាធិការកណ្តាល CPCទី ១៩ ទីប្រឹក្សារដ្ឋ សមាជិកមន្ត្រីជាន់ខ្ពស់របស់ CPC និងជារដ្ឋមន្តីក្រសួងការបរទេស ។

តទៅនេះ សូមបង្ហាញស្នាដៃធំៗមួយចំនួន ដែលលោក Wang អាចសម្រេចបានគិតត្រឹមឆ្នាំ ២០២១ កន្លងមកនេះមានដូចជា ៖

• ពង្រឹងកិច្ចសហប្រតិបត្តិការវ៉ាក់សាំង ដើម្បីកសាងជញ្ជាំងដ៏ធំប្រឆាំងនឹងកូវីដ ១៩
• លើកកម្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងការស្វែងរកពហុភាគីនិយម
• បញ្ចប់ការប្រើប្រាស់អំពើហឹង្សាជាបន្ទាន់ ដើម្បីរក្សាភាពស្មើគ្នា និងយុត្តិធម៌
• ផ្តោតលើកិច្ចសហប្រតិបត្តិការ និងការគ្រប់គ្រងភាពខុសគ្នា៖ នាំចិន-អាមេរិក វិលមកចាប់ដៃគ្នាឆ្ពោះទៅរកការអភិវឌ្ឍដោយសំឡេង និងស្ថិរភាព

ទោះជាយ៉ាងណា នៅមានស្នាដៃធំៗជាច្រើនផ្សេងទៀត របស់លោក Wang Yi ដែលយើងមិនអាចរៀបរាប់អស់ ។

សូមបញ្ជាក់ផងដែរថា សម្រាប់ដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា ស្ថានទូតចិនមិនបានបញ្ជាក់ ពីការមកដល់របស់លោក Wang Yi នោះទេ តែបើ យោងតាមប្រភពមួយចំនួនបានអះអាងថា លោក Wang Yi នឹងមកដល់កម្ពុជានៅថ្ងៃទី១២ ខែកញ្ញា ហើយក្រោយពីជំនួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាដើម លោកនឹងចូលរួមពិធីប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោឲ្យកម្ពុជា។

សូមបញ្ជាក់ថា គម្រោងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតំាងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ មានទំហំផ្ទៃដីជាង ៨៥ហិកតានេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ប្រមាណ១៦០ លានដុល្លារ គឺដើម្បីត្រៀមសម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ នៅឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជានឹងធ្វើ ជាម្ចាស់ផ្ទះ៕