រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើសុំចិនជួយពង្រីក និងពន្លឿនលើការចុះពិធីសារលើមុខដំណាំ ដើម្បីជំរុញការនាំចេញកសិកផលកម្ពុជាទៅកាន់ប្រទេសចិន

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានស្នើសុំទៅប្រទេសចិន ជួយពង្រីក និងពន្លឿនលើការចុះពិធីសារលើមុខដំណាំផ្សេងៗទៀត ដើម្បីជំរុញការនាំចេញកសិកផលកម្ពុជាទៅកាន់ប្រទេសចិនអោយកាន់តែច្រើន ដើម្បីឆ្លើយតប ទៅតាមការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២។ លោកលើកឡើងដូច្នេះក្នុងពេលចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-ចិន លើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) នៅព្រឹកថ្ងៃចន្ទនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើសុំរបស់លោក វេង សាខុន ស្របពេលដំណើរទស្សនកិច្ចលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីការបរទេសចិន មកកាន់កម្ពុជា ដែលបានឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីរ ជាពិសេសការធ្វើពាណិជ្ជកម្មក្នុងវិស័យអោយកាន់តែជឿនលឿនមួយកម្រឹតថែមទៀត។

ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព កាលពីល្ងាចថ្ងៃទី១២ កញ្ញា លោក វ៉ាង យី បានសន្យានឹងអះអាងថា ប្រទេសចិននឹងនាំចូលផលិតផលក​សិកម្មកម្ពុជា ទៅកាន់ទីផ្សារចិន ឲ្យបានកាន់តែច្រើន។

លោក វ៉ាង យី បានថ្លែងថា ការលំបាករបស់ប្រជាជនកម្ពុជា គឺជាការលំបាករបស់ប្រជាជន​ចិន យើងនឹងពួតដៃគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាឲ្យបានកាន់តែច្រើន។ រដ្ឋមន្ត្រីការបរទេសចិន អះអាងថា ចិននឹងគាំទ្រវិស័យកសិកម្មនៅកម្ពុជា។ ប្រទេសចិន នឹងនាំចូលផលិតផលកសិកម្ម ពីប្រទេស​កម្ពុជាទៅកាន់ ទីផ្សារចិន ឲ្យបានច្រើន ដើម្បីនាំមកនូវផលប្រយោជន៍ កាន់តែច្រើនសម្រាប់កសិករកម្ពុជា៕