កូវីដកំពុងផ្ទុះខ្លាំងនៅខេត្តសៀមរាប ឧកញ៉ា ហ៊ួត ជា បន្តដឹកនាំជំនួយសប្បុរសធម៌ជួយពលរដ្ឋដល់មូលដ្ឋាន

ជុំវិញ​ឧកញ៉ា
54 Shares

ស្របពេលដែលទីរួមខេត្តសៀមរាប និងបណ្ដាស្រុកមួយចំនួន កំពុងត្រូវបានរដ្ឋបាលខេត្តធ្វើការបិទខ្ទប់ និងដាក់បម្រាមគោចរ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ ចូលសហគមន៍ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ២០២១នេះ លោកឧកញ៉ា ស្ថាបនិកមូលនិធិ ឧកញ៉ា ហ៊ួត ជា និងភរិយា រួមទាំងសប្បុរសជននានា បានដឹកនាំជំនួយជាគ្រឿងឧបភោគបរិភោគមួយចំនួនដោយផ្ទាល់ជូនដល់ រដ្ឋបាលស្រុកបន្ទាយស្រី។

ជំនួយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគ ដែលស្ថាបនិកក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទ ដឹកនាំដោយផ្ទាល់ប្រគល់ជូនអភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ សម្រាប់ប្រើប្រាស់អំឡុងពេលប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីត១៩ ក៏ដូចជាសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះ រួមមានដូចជា៖ អង្ករ ១តោន ត្រីខ ៣០កេសធំ ទឹកសុទ្ធ ១០០កេស ។

រដ្ឋបាលស្រុកបន្ទាយស្រី ក៏សូមថ្លែងអំណរគុណ និងសម្តែងនូវការកោតសសើរដ៏ស្មោះអស់ពីចិត្ត ចំពោះសណ្តានចិត្ត និងការចូលរួមចំណែកនៅក្នុងបុព្វហេតុប្រកបដោយមានអត្ថន័យរបស់ លោកឧកញ៉ា ហួត ជា ព្រមទាំងក្រុមការងារ ដែលបាននាំយកអំណោយសប្បុរសធម៌ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីត១៩ ជាពិសេសជួយសម្រាលបន្ទុកដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះ ។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប ទើបតែសម្រេចកំណត់ “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប និងប្រកាសបិទខ្ទប់តំបន់ប្រឈមហានិភ័យខ្ពស់ នៅតាមបណ្ដាស្រុកនានា ជាបណ្ដោះអាសន្ន រយៈពេល ១(មួយ)សប្តាហ៍ គិតចាប់ពីវេលាម៉ោង ២៣៖៥៩ នាទី នាថ្ងៃទី១១ ខែកញ្ញា រហូតដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបទាំងមូល៕  

អាស្រ័យហេតុនេះ ជំនួយសប្បុរសធម៌ របស់បងប្អូនសប្បុរសជន អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ទាំងអស់ ពិតជាបានរួមចំណែកយ៉ាងចាំបាច់ ជាមួយរដ្ឋបាលស្រុក-ខេត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់៕

កូវីដកំពុងផ្ទុះខ្លាំងនៅខេត្តសៀមរាប ឧកញ៉ា ហ៊ួត ជា បន្តដឹកនាំជំនួយសប្បុរសធម៌ជួយពលរដ្ឋដល់មូលដ្ឋាន
54 Shares