គួរ​តែ​អរគុណ​កូវីដ ជនជាតិ​​ថៃ​ម្នាក់​ក្លាយ​ជា​មហាសេដ្ឋី​ត្រឹម​មួយប៉ប្រិច​ភ្នែក

អន្តរជាតិ
311 Shares

គ្រប់​គ្នា​តម្រូវ​ឲ្យ​ធ្វើការ​នៅ​ផ្ទះ និង​កាត់​បន្ថយ​ការ​ជួបជុំ​គ្នា អំឡុង​ពេល​ស្ថានការណ៍​ COVID-19 នៅ​មិនទាន់​អន់ថយ​។​ ​នៅ​ប្រទេស​ថៃ​ឯណោះ​វិញ ​វា​បែរ​ជា​​ជួយ​ឲ្យ​អ្នកលក់​ទំនិញ​ម្នាក់​ក្លាយ​ជា​មហាសេដ្ឋី​ ក្នុង​គ្រាល​លំបាកនេះទៅវិញ​។

លោក Adisak Tangmitrphracha ទើប​បាន​ឡើង​ងារជា​មហាសេដ្ឋី​ប្រាក់ពាន់លាន​ថ្មី​មួយ​ទៀត​​ប្រចាំ​ប្រទេសថៃ ដែល​គួរ​តែ​អរគុណ​ដល់​ស្ថានភាព​ COVID-19 ព្រោះ​នៅពេល​មនុស្ស​ធ្វើការងារ​នៅ​ផ្ទះ នាំ​ឲ្យ​អាជីវកម្ម​របស់លោកហក់ស្ទុះ​យ៉ាងគំហុក។ ​លោក Adisak ដែល​បាន​បើក​ហាង​លក់​សម្ភារៈ​កែ​លំអ​លំនៅឋាន​តាំងពី​ឆ្នាំ​១៩៨២ ចាប់​បាន​ឱកាស​កើន​ទ្រព្យសម្បត្តិ​លើស​ពី​ ១ ពាន់​លាន​ដុល្លារ​នៅ​លើ​ទីផ្សារ​ហ៊ុន​ថៃ។

Dohome ដែល​ជា​ក្រុមហ៊ុន​លក់​សម្ភារៈ​សំណង់​សម្រាប់​កសិករ​ក្នុង​ស្រុក និង​អ្នក​ម៉ៅការ​ផ្សេងៗ គឺ​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ច្រើន​ផ្សេង​ទៀត ដែល​មាន​តម្លៃ​ហ៊ុន​កើនឡើង​ទ្វេដង​កំឡុង​ពេល​ការ​រាតត្បាត​នៃ​ COVID-19។

តាម​របាយការណ៍​ចុងក្រោយ​បាន​ឲ្យ​ដឹង​ថា ​ប្រាក់ចំណូល​របស់ Dohome គឺ​គិត​ត្រឹម​ត្រីមាស​ទី ២ នៃ​ឆ្នាំ ២០២១ ​កើនឡើង​ដល់ ៣១១% ឯណោះ ដែល​នាំ​ឲ្យ​​​ទ្រព្យ​សម្បត្តិ​របស់​លោក Adisak កើនយ៉ាង​លឿន ពោល​គិត​មក​ត្រឹម​ពេលនេះ​មាន​ប្រមាណ ១,៣ ពាន់​លាន​ដុល្លារ។

បើ​តាម​ការ​សម្ភាសន៍​ជាមួយ​អតិថិជន​ផ្ទាល់​របស់ Dohome បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​គាត់​តែងតែ​ទិញ​សម្ភារៈ​នានា​នៅទីនេះ​រយៈពេល ៥ ឆ្នាំ​កន្លង​មក​ គឺ​ដោយសារ​ Dohome មាន​ឃ្លាំង​ឥវ៉ាន់​ធំ​ជាង​ក្រុមហ៊ុន​​ផ្សេងៗ ជាមួយ​តម្លៃ​សមរម្យ ពោល​ទោះ​ស្ថានភាព​សេដ្ឋកិច្ច​មិន​សូវ​អំណោយ​ផល​ ក៏​ក្រុមហ៊ុន​នេះ​មិន​កេង​ចំណេញ​ខ្លាំង​ពី​អតិថិជន​ឡើយ៕

ប្រភព: Celebritynetworth

គួរ​តែ​អរគុណ​កូវីដ ជនជាតិ​​ថៃ​ម្នាក់​ក្លាយ​ជា​មហាសេដ្ឋី​ត្រឹម​មួយប៉ប្រិច​ភ្នែក
311 Shares