សាលា​សម្រាប់កូនសេដ្ឋី កូន​ទូត កូនបរទេស ISPP នៅភ្នំពេញក្នុងមួយឆ្នាំបង់ថ្លៃសិក្សាមិនក្រោម ២ ម៉ឺនដុល្លារ

អាជីវកម្ម
979 Shares

ដូចនឹងអ្វីដែលប្រិយមិត្តឧកញ៉ាញូស៍ បានដឹងរួចមកថា សាលា​អន្តរជាតិ​ភ្នំពេញ (ISPP) គឺជាសាលាដំបូងគេបង្អស់របស់កម្ពុជា ហើយជាសាលានាំមុខគេក្នុងវិស័យអប់រំអន្តរជាតិនាពេលបច្ចុប្បន្ននេះ មាន​ទីតាំងស្ថិត​នៅ​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) បើរំលងមួយផ្លូវឆ្ពោះទៅកាន់វត្តចាក់អង្រែជាប់នឹងគម្រោងបុរី និងផ្សារទំនើបរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ​។ International School of Phnom Penh ឈរក្នុងបញ្ជីឈ្មោះសាលាអន្តរជាតិដែលមានការបង់ថ្លៃសិក្សាខ្ពស់ជាងគេមួយនៅក្នុងស្រុក ដោយតម្លៃសិក្សាក្នុងមួយឆ្នាំពី ៧,៧០០ ដុល្លារ ដល់ ២៤,០០០ ដុល្លារ​អាមេរិក។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សាលាលំដាប់ពិភពលោក ISPP ជាសាលាអន្តរជាតិសម្រាប់កូនអ្នកឧកញ៉ា លោកឧកញ៉ា កូនអ្នកមាន​ កូន​ទូត កូនបរទេស ជាមួយនឹងកម្មវិធីសិក្សាផ្តោតទៅលើការ​អប់រំ​ប្រកបដោយ​គុណភាព ដែលទទួលសិស្សចូលរៀនចាប់ពី​ថ្នាក់​ដំបូង​រហូត​ដល់​ថ្នាក់​ទី ១២ ដោយ​​បំពាក់​បរិក្ខា​សិក្សា​ទំនើប​បំផុតនៅក្នុងទីក្រុងភ្នំពេញ បើ​ប្រៀប​នឹង​​សាលាអន្តរជាតិមួយចំនួនកំពុងឈរជើងវិនិយោគលើវិស័យអប់រំនៅប្រទេសកម្ពុជា។

សាលាអន្តរជាតិភ្នំពេញ ISPP ត្រូវបានកាត់ខ្សែបូសម្ពោធអគារសិក្សាថ្មីសន្លាងរបស់ខ្លួនជាផ្លូវកាល នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ ២០១៥ ក្រោមវត្តមានសម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា។ ​អគារសិក្សា​ថ្មី​នេះ មាន​អាង​ហែល​ទឹក​ខ្នាត​អូ​ឡាំ​ពិ​ក ទីលានកីឡា​ដ៏​ចែងចាំង និង​រោងល្ខោន Black Box ដ៏​ទំនើប​គួរ​ជាទី​មោ​ទ​នៈ​ផងដែរ​។

មែនទែនទៅសាលាអន្តរជាតិភ្នំពេញ ISPP មិនមែនទើបតែបង្កើតឡើងនៅនោះទេ តាមពិតសាលាបាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ ​១៩៨៩ មកម្លេះ ហើយ​ត្រូវបាន​បង្រៀនសិស្សានុសិស្ស​ជាង​ ៨២៥ នាក់ ដែល​មាន​សញ្ជាតិ​ចំនួន ​៤៣ សញ្ជាតិ​។ សាលា​នេះ​ត្រូវ​បាន​បង្កើត​ឡើង និង​បន្ត​ជា​សាលា​ដែល​គ្រប់គ្រង​ដោយ​ឪពុក​ម្ដាយ​សិស្ស និង​ជា​សាលា​មិន​រក​ប្រាក់​ចំណេញ​។

សម្រាប់គោលដៅលើកស្ទួយក្នុងវិស័យអប់រំនៅប្រទេសកម្ពុជាវិញ លោក Barry Sutherland ​នាយក​សាលាអន្តរជាតិភ្នំពេញ ISPP បានឲ្យដឹងថា  «​នៅ​ថ្ងៃ​អនាគត យើង​ក៏​នឹង​មានឱកាស​ធ្វើ​ជា​ដៃគូរ​ជាមួយ​ក្រសួង​អប់រំ ដើម្បី​ធ្វើការ​ងារ​លើ​ចំណែក​របស់​យើង​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ឱកាស​អប់រំ​សម្រាប់​ប្រជាជន​កម្ពុជា។ ខ្ញុំ​ក៏​សង្ឃឹមថា យើង​នឹង​អាច​បង្កើន​ចំនួន​អាហារូបករណ៍ ដើម្បី​ផ្ដល់​ជូន​សិស្ស​ក្រីក្រ​កម្ពុជា​ដែល​មាន​សមត្ថភាព​ផង​ដែរ​»​។

បើតាមលោក  Sutherland ថា យើង​មិន​ត្រូវ​ភ្លេច​ទេ​ថា សាលា ISPP គឺជា​ភ្ញៀវ​របស់​ប្រទេស​កម្ពុជា ហើយ​យើង​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល ដើម្បី​គាំទ្រ​ដល់​ចក្ខុវិស័យ​ជា​យុទ្ធសាស្ត្រ​របស់​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់ការ​អប់រំ​នៅ​ប្រទេស​កម្ពុជា​។

លើសពីនេះ ISPP ត្រូវបានផ្តល់សិទ្ធិពេញលេញឲ្យបង្រៀន​តាម​កម្រិត​ស្តង់ដារ​អន្តរជាតិ IB ( International Baccalaureate ) ព្រមទាំងមានការទទួលស្គាល់ដោយ Western Association of Schools a Colleges (WASC) រួមនឹងក្រុមប្រឹក្សាសាលាអន្តរជាតិ (CIS) ។ សាលាអន្តរជាតិ ISPP ក៏ជាសមាជិកនៃក្រុមប្រឹក្សាសាលាអន្តរជាតិអឺរ៉ុប (ECIS) ក្រុមប្រឹក្សាតំបន់អាស៊ីបូព៌ានៃសាលាក្រៅប្រទេស (EARCOS) និងសមាគមសាលាអន្តរជាតិមេគង្គមេគង្គ (MRISA) ។

យោងតាមការចុះផ្សាយរបស់ស្ថាប័នអន្តរជាតិមួយបង្ហាញថា ប្រព័ន្ធ​សិក្សា​អន្តរជាតិ IB បច្ចុប្បន្នត្រូវ​បាន​សាលា​ជាង​ ៥​ ពាន់​ក្នុង​ចំណោម​ជាង ​៤១​ ប្រទេស​លើ​សកលលោកកំពុងផ្តល់សិទ្ធពេញលេញ​ដាក់​ឲ្យ​ប្រើប្រាស់ ខណៈដែល​សហរដ្ឋ​អាមេរិក​នាំមុខ​គេ​ខាង​អនុវត្ត​កម្មវិធី​នេះ តាម​ពី​ក្រោយ​ដោយ​កាណាដា និង​អូស្ត្រាលី  ចិន ឥណ្ឌា និង​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប អាស៊ី ក្នុងនោះកម្ពុជាមានកម្ពុជាមួយផងដែរ៕ 


សាលា​សម្រាប់កូនសេដ្ឋី កូន​ទូត កូនបរទេស ISPP នៅភ្នំពេញក្នុងមួយឆ្នាំបង់ថ្លៃសិក្សាមិនក្រោម ២ ម៉ឺនដុល្លារ
979 Shares