មហាសេដ្ឋី ​Marc Lore បង្កើត​គម្រោង​យក្ស ចង់​សាងសង់​ទីក្រុង​ថ្មី​ សម្រាប់​រស់នៅថ្ងៃអនាគត

អន្តរជាតិ
5 Shares

កាលពី​ដើម​ឆ្នាំនេះ​ លោក Marc Lore បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​នាយក​ប្រតិបត្តិ​នៅ Walmart បន្ទាប់​ពី​កាន់កាប់​អស់​រយៈពេល ៤ ឆ្នាំ ដោយ​បច្ចុប្បន្ន​ស្ថាបនិក​ក្រុមហ៊ុន Jet.com កំពុង​ចង់​ងាក​មក​បង្កើត​គម្រោង​យក្ស​មួយ​សម្រាប់​ប្រជាជន​នា​ថ្ងៃ​អនាគត​។

គម្រោង​ដែល​មហាសេដ្ឋី​នេះ​ ចង់​បង្កើត​នោះ​គឺ ការសាងសង់​ទីក្រុង​ថ្មី​មួយ ឬ​អាច​ហៅថា​ទីក្រុង​សិប្បនិមិត្ត​ សម្រាប់​ប្រជាជន​នា​ថ្ងៃ​អនាគត ដែល​គម្រោង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ឈ្មោះ ទីក្រុង Telosa។

ក្រុមហ៊ុន​ដែល​រ៉ាប់រង​ការ​សង់​ទីក្រុង​ទំនើប​នេះ​គឺ Bjarke Ingels Group។ ដោយសារ​លោក Marc ចង់​បង្កើត​ទីក្រុង​បែប​ធម្មជាតិ​ ដូច្នេះ​ទីតាំង​នៃ​ការសាងសង់​ អាច​នឹង​ស្ថិត​នៅ​លើ​វាលខ្សាច់ ខណៈ​ទីតាំង​ជាក់លាក់​មិនទាន់​បាន​សម្រេច​យក​ជា​ផ្លូវការ​នៅឡើយ ដោយ​បច្ចុប្បន្ន​មាន​ទីតាំង​សំខាន់ៗ​ប្រមាណ ៥ ដែល​ក្រុមហ៊ុន​កំពុង​ពិចារណា​ដូចជា Utah, Texas, Idaho, Arizona និង Nevada ជាដើម។

ដោយឡែក បើ​យោង​តាម​ CNN Business បាន​រាយការណ៍​ឲ្យ​ដឹង​ដែរ​ថា ការសាងសង់​នៃ​គម្រោង Telosa នឹង​ទទួល​បាន​ការ​បណ្ដាក់ទុន​ពី​ច្រើន​ប្រភព​ដូចជា វិនិយោគិន​ឯកជន ក្រុមហ៊ុន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ រហូត​ដល់​ថ្នាក់​ដឹកនាំ​ប្រចាំ​ប្រទេស​ថែម​ទៀត។

គម្រោង​ដំបូង​នៃ​ការ​សាងសង់ នឹង​ចំណាយ​អស់​ប្រមាណ ២៥ ពាន់​លាន​ដុល្លារ តែ​នៅ​ពេល​ Telosa បញ្ចប់​ការសាងសង់​ជា​ស្ថាពរ ទីក្រុង​នា​ថ្ងៃ​អនាគត​នឹង​ពោរពេញ​ទៅ​ដោយ​មនុស្ស​ប្រមាណ ៥ ពាន់​លាន​នាក់ ខណៈ​តម្លៃ​នៃ​ទីក្រុង​នៃ​អាច​នឹង​ឈាន​ដល់ ៤០០ ពាន់​លាន​ដុល្លារ​ឯណោះ។

បញ្ជាក់​ដែរ​ថា​ បើ​តាម​ការ​អះអាង​ពី​ក្រុមហ៊ុន​សាងសង់ បាន​ឲ្យ​ដឹង​ថា ទីក្រុង​អនាគត​មួយ​នេះ​នឹង​អាច​បើកទ្វារ​ទទួល​ប្រជាជន​ចូល​មក​នៅ​តំបូង​បង្អស់​នៅ​ដើម​ឆ្នាំ ២០៣០ ខាង​មុខ៕

ប្រភព: therichest

មហាសេដ្ឋី ​Marc Lore បង្កើត​គម្រោង​យក្ស ចង់​សាងសង់​ទីក្រុង​ថ្មី​ សម្រាប់​រស់នៅថ្ងៃអនាគត
5 Shares