ដំណឹងល្អ! ចិនពុះពាររាល់បញ្ហាប្រឈមដោយចាប់ផ្តើមកិច្ចចរចាស្តីអំពីការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ទីផ្សារចិន

សង្គម​និង​សេដ្ឋកិច្ច
162 Shares

ស្ថានទូតចិន និងសភាពាណិជ្ជកម្មចិននៅកម្ពុជា នៅថ្ងៃទី ១៤ ខែកញ្ញា ចេញមុខទិញកសិផលផ្លែមៀនរបស់ប្រជាកសិករខេត្តបាត់ដំបង ស្របពេលរដូវការប្រមូលផលចូលមកដល់ក៏ជួបបញ្ហាប្រឈមគ្មានទីផ្សារ ខណៈទីផ្សារផ្លែមៀនដ៏ធំរបស់កសិករខេត្តប៉ៃលិន បាត់ដំបង រំពឹងទៅលើប្រទេសថៃ ប៉ុន្តែត្រូវបានបិទទ្វារមិនឲ្យនាំចូល ដោយសំអាងលើបញ្ហាការទប់ស្កាត់ជំងឺរាតត្បាតសកលកូវីដ-១៩។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា “ចិននិងកម្ពុជាពុះពាររាល់បញ្ហាប្រឈមនៃជំងឺវីរុសកូវីដ១៩ បានចាប់ផ្តើមកិច្ចចរចាស្តីអំពីការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន។ ភាគីកម្ពុជា កំពុងរៀបចំផែនការនិងវិធានការការពារចំពោះហានិភ័យសត្វល្អិតដែលអាចកើតទៅតាមតម្រូវការ “

លោកឯកអគ្គរដ្ឋទូតរូបនេះ រំពឹងទុកថា ផ្លែមៀនកម្ពុជា នឹងក្លាយជាផ្លែឈើស្រស់ប្រភេទទី ៣ ដែលទទួលបានការអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន បន្ទាប់ពីផ្លែចេក និងស្វាយ។

គួររម្លឹកជូនថា ក្នុងជំនួបជាមួយទីប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីកាបរទេសចិន លោក វ៉ាង យី នៅថ្ងៃអាទិត្យកន្លងទៅ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកបញ្ហាការនាំកសិផលកម្ពុជាត្រង់ទៅកាន់ប្រទេសចិន ដែលក្នុងនោះដូចជាមៀនប៉ៃលិនជាដើម។ បើតាមសម្តេចតេជោ ចិនកំពុងបើកទូលាយទីផ្សារ ហើយ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន ដែលនឹងចូលជាធរមាននៅពេលខាងមុខ យើងនឹងអាចប្រើប្រាស់ទីផ្សាររបស់ចិន និងទទួលបានផលប្រយោជន៍ពីទីផ្សាររបស់ចិន។ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ជាមួយនឹងការប្តេជ្ញាជួយពីមិត្តចិន។

ជាការឆ្លើយតបនឹងការលើកឡើងនេះ លោក វ៉ាង យី បានអះអាងថា ចិននឹងនាំចូលផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានកើនតែច្រើន ដើម្បីប្រយោជន៍សម្រាប់កសិករខ្មែរ។ លោកបន្តថា ការលំបាករបស់ប្រជាជនកម្ពុជា គឺជាការលំបាករបស់ប្រជាជនចិន យើងនឹងពួតដៃគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាឱ្យបានកាន់តែច្រើន។ លោក អះអាងថា ចិននឹងគាំទ្រវិស័យកសិកម្មនៅកម្ពុជា។ 

បន្ថែមលើនេះ លោក វ៉ាង យី បញ្ជាក់ថា មិត្តភាពចិននិងកម្ពុជា មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ជូនដល់ប្រជាជនទាំងពីរប៉ុណ្ណោះទេ ថែមទាំងផ្តល់ជាគំរូសម្រាប់ការកសាងទំនាក់ទំនងអន្តរជាតិប្រភេទថ្មី និងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

លោកបន្ថែមទៀតថា យើងរីករាយសហការជាមួយប្រជាជនកម្ពុជាដែលជាបងប្អូនរបស់ចិន ជំរុញកិច្ចសហប្រតិបត្តិការនៃភាគីទាំងពីរលើគ្រប់វិស័យ ធ្វើឱ្យចំណងមិត្តភាពចិននិងកម្ពុជារឹងជាងដែក មាំជាងថែប រួមចំណែកកាន់តែធំធេងសម្រាប់ការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសរៀងៗខ្លួន៕

ដំណឹងល្អ! ចិនពុះពាររាល់បញ្ហាប្រឈមដោយចាប់ផ្តើមកិច្ចចរចាស្តីអំពីការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ទីផ្សារចិន
162 Shares