និស្សិតរៀននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP ព្រួយមួយបាញ់បានសត្វពីរ ខណៈតម្លៃសិក្សាក្បែរម៉ឺនដុល្លារ

អាជីវកម្ម
274 Shares

AUPP គឺជា​សាកល​វិទ្យាល័យ​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា ផ្តល់​ជូន​នូវ​កម្មវិធី​សិក្សាសញ្ញាបត្រទ្វេ ស្របតាមស្ដង់ដាអប់រំអាមេរិកាំងដែលមានគុណភាពខ្ពស់ ទទួល​ស្គាល់​ជាសកល មានន័យថា និស្សិតរៀនចប់នៅ AUPP ដូចបានសិក្សានៅសាលាចំនួនពីរក្នុងពេលតែមួយ ដោយពុំចាំបាច់ទៅសិក្សានៅសហរដ្ឋអាមរិកនោះឡើយ។ បរិញ្ញាបត្រ​មួយ​ក្នុង​នោះ​នឹង​ត្រូវ​បាន​ចេញ​ដោយ AUPP និង​មួយ​ទៀត​ពី UA។​

សាកល​វិទ្យាល័យ​ជា​ដៃគូ​របស់​ AUPP គឺសាកលវិទ្យាល័យ អារីហ្សូណា (University of Arizona) ដែលជាប់លំដាប់ខ្ពស់ក្នុងចំណោមសាកលវិទ្យាល័យ ១០០ នៅលើពិភពលោក និងសាកលវិទ្យាល័យ រដ្ឋហ្វតហេស៏ (Fort Hays State University)។

ជាមួយ​គ្នា​នេះ​ដែរ វត្ត​មាននៃ​កម្មវិធី​សញ្ញាបត្រ​ទ្វេ ​គឺមាន​ការ​បំពាក់​សម្ភារ​បរិក្ខារ​យ៉ាង​ពេញ​លេញ​ នៅ​មន្ទីរពិសោធន៍​សម្រាប់​វិស្វកម្ម​ស៊ីវិល វិទ្យាសាស្ត្រ​កុំព្យូទ័រ​ និង​ថ្នាក់​វិទ្យាសាស្ដ្រ​ដទៃ​ទៀត ​ដែល​គាំទ្រ​កម្មវិធី​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​របស់​ AUPP គឺ STEAM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និង​គណិតវិទ្យា​)​។​

AUPP ជាគ្រឹះស្ថានឧត្តមសិក្សាដែលល្បីខាងគុណភាពអប់រំថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ទៅលើមុខជំនាញ គ្រប់គ្រងធុរកិច្ច, ច្បាប់,
កិច្ចការអន្តរជាតិ, គ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យា, គ្រប់គ្រងវិស័យទេសចរណ៍ និង បដិសណ្ឋារកិច្ច ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលបង្រៀនដោយសាស្រ្តាចារ្យអាមេរិក មានសញ្ញាបត្រថ្នាក់បណ្ឌិត និងអនុបណ្ឌិត មកពីបណ្តាសាកលវិទ្យាល័យល្បីៗនៅសហរដ្ឋអាមេរិក អូស្រ្តាលី ប៉ែកអឺរ៉ុប និងបណ្តាប្រទេសអភិវឌ្ឍផ្សេងទៀត។

សម្រាប់តម្លៃការសិក្សាឯណោះវិញ គឺឈរស្ថិតក្នុងបញ្ជីឈ្មោះសាកលវិទ្យាល័យអន្តរជាតិធំៗនៅស្រុកខ្មែរដែលមានតម្លៃខ្ពស់ ដោយបែងចែកចេញជាពីរដំណាក់កាល ទៅលើថ្នាក់បរិញ្ញាបត្រ កម្មវិធីសិក្សាសញ្ញាបត្រតែមួយ មានតម្លៃសិក្សាចំនួន ៦,០០០ ដុល្លារ ក្នុងមួយឆ្នាំ ចំណែកកម្មវិធីសិក្សាសញ្ញាបត្រទ្វេ គឺតម្លៃ ៩,០០០ ដុល្លារ ក្នុងមួយឆ្នាំ។

ដោយឡែក ថ្នាក់អនុបណ្ឌិត បង់ថ្លៃសិក្សាសម្រាប់វគ្គ Bridging Courses គឺ ៣០០ ដុល្លារ ក្នុងមួយក្រេឌីត ឬ ៤,៥០០ ដុល្លារ ក្នុង១ឆមាស (១៥ក្រេឌីត) ហើយថ្លៃសិក្សាវគ្គ Master’s Core Courses មាន ៦០០ ដុល្លារ ក្នុងមួយក្រេឌីត ឬ ៩,០០០ ដុល្លារ សម្រាប់មួយចប់កម្មវិធី។

ថ្លៃសិក្សាវគ្គបំប៉នភាសាអង់គ្លេស EPP សម្រាប់និស្សិតថ្នាក់អនុបណ្ឌិត គឺដូចគ្នានឹងថ្លៃសិក្សាវគ្គ EPPវសម្រាប់សិស្សបរិញ្ញាបត្រដែរ។

បន្ថែមទៀតនោះ សិស្សនិស្សិតត្រូវបង់ថ្លៃផ្សេងទៀត ដូចជាការដាក់ពាក្យ និងការប្រឡងធ្វើតេស្ត ដោយគ្រប់បេក្ខជនទាំងអស់ត្រូវបង់ថ្លៃសម្រាប់ការដាក់ពាក្យចំនួន ២៥ ដុល្លារ។ បេក្ខជនក៏ត្រូវបង់ថ្លៃ ១៥ ដុល្លារ បន្ថែមទៀត សម្រាប់ការប្រឡងធ្វើតេស្តភាសាអង់គ្លេស ប៉ុន្តែសម្រាប់បេក្ខជនដែលមានពិន្ទុ IELT (Academic Module) ចាប់ពី៦.០ ឡើងទៅ ឬ ពិន្ទុ TOEFL ប្រហាក់ប្រហែលគ្នា គឺពុំចាប់បាច់បង់ថ្លៃប្រឡងធ្វើតេស្តភាសាអង់គ្លេសនោះទេ។

បើតាមការប្រកាសនៅគេហទំព​័រផ្លូវការរបស់ខ្លួន AUPP បានសម្រេចផ្ដល់អាហារូបករណ៍ ១០០% និងអាហារូបករណ៍តាមនិទ្ទេសជាច្រើនកន្លែងដល់សិស្សានុសិស្សដែលនឹងប្រលងបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា ២០២១-២០២២ នេះ។

អាហារូបករណ៍ ១០០% មានចំនួន ៣០កន្លែង សំរាប់ជំនាញច្បាប់ ១០ ជំនាញកិច្ចការអន្ដរជាតិ ១០ និងជំនាញបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ១០។ AUPP ក៏នឹងផ្ដល់អាហារូបករណ៍តាមនិទ្ទេសសម្រាប់គ្រប់មុខជំនាញសិក្សា ជាច្រើនកន្លែងទៀត ដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A, B និង C ពីការប្រលងសញ្ញាបត្រទុតិយភូមិខាងមុខនេះ បន្ថែមដោយការប្រលងរៀបចំដោយ AUPP។

សូមបញ្ជាក់ថា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP ត្រូវបានបង្កើតឡើង​ដំបូងនៅក្នុងឆ្នាំ ២០១៣ ដែលមានទីតាំងស្ថិតនៅខណ្ឌទួលគោក ក៏ប៉ុន្តែនៅក្នុងឆ្នាំ ២០១៧ សាកលវិទ្យាល័យត្រូវបានប្ដូរទីតាំងទៅខណ្ឌឫស្សីកែវវិញ។ អាមេរិកាំងភ្នំពេញ គឺជាសាកលវិទ្យាល័យឯកជនរៀបចំឡើងតាមស្ដង់ដាអន្តរជាតិ ដែលសាស្ត្រាចារ្យ ភាគច្រើនមានសញ្ញាបត្រថ្នាក់បណ្ឌិតពីអន្តរជាតិ។

សាកលវិទ្យាល័យ​បាន​អះអាង​ម្តង​​ហើយ​ម្តង​ទៀតថា ខ្លួន​ប្តេជ្ញាចិត្ត​ព្យាយាម​ដើម្បី​សិស្សានុសិស្ស​ និង​ឪពុក​ម្តាយ​ក្នុងការ​ផ្ដល់នូវ​គុណ​តម្លៃ​សាកល​វិទ្យាល័យ​ដូចជា ការ​រំពឹង​ទុក​នៃ​ការ​អប់រំ​ដែល​មាន​កម្រិត​ខ្ពស់ ការ​ទំនូល​ខុស​ត្រូវ សមភាព ភាពស្មោះត្រង់​ និងការ​ទទួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន។

AUPP ស្ថិតក្នុង​ចំណោម​សាកល​វិទ្យាល័យ​ដែល​មាន​​កិត្យានុភាព​បំផុត នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

និស្សិតរៀននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP ព្រួយមួយបាញ់បានសត្វពីរ ខណៈតម្លៃសិក្សាក្បែរម៉ឺនដុល្លារ
274 Shares