ឧកញ៉ា គួច ម៉េងលី៖បើខ្វះ៤ចំណុចនេះអាជីវកម្មនឹងបរាជ័យ

ជុំវិញ​ឧកញ៉ា
111 Shares

បច្ចុប្បន្ន​មាន​យុវជនជាច្រើនកំពុងចាប់អារម្មណ៍លើវិស័យជំនួញ និងចង់ក្លាយ​ខ្លួនជាសហគ្រិន​វ័យ​ក្មេង។ ក្នុង​នោះមានអ្នកខ្លះក៏ទទួលបានជោគជ័យ ហើយអ្នកខ្លះទៀតក៏បរាជ័យ។ បរាជ័យភាគច្រើន គឺបណ្ដាល​មកពីពួកគេមានគំនិតក្មេងខ្ចីពេក និងពុំធ្លាប់​មានបទពិសោធ​ប្រឡូកលើ​វិស័យ​ជំនួញ​ជាដើម​។ ជាបទពិសោធផ្ទាល់ខ្លួនខ្ញុំ ខ្ញុំគិតថាក្រុមហ៊ុនខ្ញុំដំណើរការជោគជ័យទៅបាន គឺដោយសារខ្ញុំ​ជោគជ័យ​លើផ្នែក​៤សំខាន់ៗ ក្នុងនោះរួមមាន៖


ទី១ ជោគជ័យលើការប្រតិបត្តិការរបស់ក្រុមហ៊ុន

មានន័យថា ក្រុមហ៊ុនខ្ញុំមានរចនាសម្ពន្ធត្រឹម​ត្រូវ មាន​របៀបគ្រប់គ្រងច្បាស់លាស់ បុគ្គលិកធ្វើការ​ប្រកប​ដោយ​ទំនួលខុសត្រូវខ្ពស់និងស្គាល់ពី​តួនាទី​ខ្លួន​ឯងយ៉ាងច្បាស់លាស់។ ជាពិសេសនោះ សង្វាក់​ផលិតកម្មពីផ្នែកមួយ​ទៅផ្នែកមួយទៀតមាន​ភាព​ស៊ី​ចង្វាក់គ្នា ពីថ្នាក់លើដល់ថ្នាក់ក្រោម។

ទី២ ជោគជ័យលើផ្នែកទីផ្សាររបស់ក្រុមហ៊ុន

ពោលគឺផលិតផលរបស់ក្រុមហ៊ុនយើងមានការទទួល​ស្គាល់​ គាំទ្រ និងប្រើប្រាស់ពីសំណាក់​អតិ​ថិជន និងសាធារណជនយ៉ាងច្រើនផុសផុល។ ជាក់​ស្ដែង​ខ្ញុំ​បើក​វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង គឺទទួលបា​នការ​គាំទ្រយ៉ាង​ច្រើនពីសំណាក់​អតិថិជន និងមហាជនទូទៅ។ ដោយ​កំណើន​សិស្សានុសិស្ស​កើនឡើងពីមួយឆ្នាំ​ទៅមួយឆ្នាំគួរ​ឱ្យកត់​សម្គាល់ ដើម្បីបំពេញ​តម្រូវកា​អតិថិជន​ យើងក៏បានសម្រេចចិត្ត​បង្កើត​សាខាថ្មីបន្ថែម​ទៀតជាបន្តបន្ទាប់។ នេះគេហៅ​ថាជោគជ័យ​លើ​ផ្នែកទីផ្សារ។

ទី៣ ជោគជ័យផ្នែកហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ គឺជាផ្នែកដ៏សំខាន់មួយក្នុងការគាំទ្រក្រុមហ៊ុនទាំងមូល​ឱ្យ​ដំណើរ​ជោគជ័យប្រកបដោយ​និរន្តរ​ភាព។ បើសិនក្រុមហ៊ុនមានការចំណាយច្រើនជាងចំណូល ឬ​ប្រើ​ប្រាស់​ថវិកាខុសខ្ទង់ នោះ​ក្រុមហ៊ុន​នឹងមិនអាចបន្តដំណើរការបានយូរអង្វែងនោះឡើយ ពោល​គឺ​នឹង​រលំក្នុងពេលដ៏ខ្លី។ ដូច្នេះ​ដើម្បី​ជោគជ័យផ្នែកហិរញ្ញវត្ថុ លុះត្រាតែម្ចាស់ក្រុមហ៊ុន​ចាត់ចែង​ឱ្យ​មាន​អ្នក​គ្រប់​គ្រងថវិកា​ឱ្យ​បាន​ច្បាស់​លាស់ ​និង​ធ្វើរបាយការណ៍ហិរញ្ញវត្ថុ​ជូនម្ចាស់ក្រុមហ៊ុនជារៀងរាល់​ឆ្នាំ​។

ទី៤ ជោគជ័យលើផ្នែកធនធានមនុស្ស

ប្រសិនបើជោគជ័យផ្នែកហិរញ្ញវត្ថុ តែបរាជ័យផ្នែក​ធនធាន​មនុស្ស ​នោះក្រុមហ៊ុនក៏ពិបាកនឹង​ជោគ​ជ័យ​ណាស់​ដែរ។ ព្រោះថា កាលណាបុគ្គលិក​ធ្វើការ​គ្មាន​ស្ថិរភាព​ ពោលធ្វើការចេញចូលៗ នោះ​នឹង​ធ្វើឱ្យ​ក្រុមហ៊ុនខាតបង់ច្រើនណាស់។ តើខាតអ្វីទៅ? គឺខាតវេលាក្នុងបណ្ដុះបណ្ដាល និងហ្វឹកហ្វឺន​ឱ្យ​ពួកគាត់​យល់ពីការងារក្រុមហ៊ុនយើង។ ដូច្នេះដើម្បី​ចៀស​វាងបុគ្គលិកចេញចូល ក្រោយពេល​ជ្រើស​រើស​បុគ្គលិកហើយយើងត្រូវដាក់ការងារ​ឱ្យពួក​គាត់​ធ្វើ​ឱ្យត្រូវនឹងជំនាញរបស់ពួកគាត់ ជាពិសេស​នោះ​ត្រូវចេះឱបក្រសោបពួកគាត់​ដើម្បីឱ្យពួកគាត់​មាន​ទឹក​ចិត្តធ្វើការ តស៊ូ និងធ្វើការដោយ​ភាពកក់​ក្ដៅ​។

សូមបញ្ជាក់ថា ផ្នែកទាំង៤ខាងលើនេះ សុទ្ធតែសំខាន់ៗដូចគ្នា។ ដូច្នេះ ប្រសិនបើខ្វះឬខ្សោយ​ផ្នែក​ណា​មួយ នោះក្រុមហ៊ុននឹងមិនអាចដំណើរការប្រកបដោយជោគជ័យ និងមាន​និរន្តរភាព​បាន​ឡើយ​៕

ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

ឧកញ៉ា គួច ម៉េងលី៖បើខ្វះ៤ចំណុចនេះអាជីវកម្មនឹងបរាជ័យ
111 Shares