តម្លៃ ១,១ ពាន់លានដុល្លារ ក្រុមហ៊ុនកូរ៉េខាងត្បូង ចាប់ដៃជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ីសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនី

អន្តរជាតិ

ក្រុមហ៊ុន Hyundai Motor Group និងក្រុមហ៊ុន LG Energy Solution Ltd បានចាប់ផ្តើមសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីដំបូងបង្អស់តម្លៃ ១,១ ពាន់លានដុល្លារ នៅក្នុងតំបន់ឧស្សាហកម្ម Karawang ជិតទីក្រុងហ្សាកាតា របស់ប្រទេសឥណ្ឌូនេស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ កាលពីខែកក្កដា កន្លងទៅ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា MOU ជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ី ដើម្បីបង្កើតការបណ្តាក់ទុនរួមគ្នា ៥០-៥០ ក្នុងតម្លៃ ១,១ ពាន់លានដុល្លារ វិនិយោគក្នុងការផលិតអាគុយ EV នៅក្នុងប្រទេស ។

បើតាមការចុះ MOU ខាងលើបានឲ្យដឹងថា រោងចក្រនេះនឹងលាតសន្ធឹងលើផ្ទៃដី ៣៣០ ០០០ ម៉ែត្រការ៉េ ហើយនឹងបញ្ចប់ការសាងសង់នៅឆមាសទី ១ ឆ្នាំ ២០២៣ ខាងមុខ ស្របពេលការផលិតអាគុយទ្រង់ទ្រាយធំ នឹងត្រូវចាប់ផ្តើមនៅឆមាសទី១ នៃឆ្នាំ ២០២៤ ។

នៅពេលដំណើរការពេញលេញ រោងចក្រនេះ ត្រូវគេរំពឹងថានឹងមានសមត្ថភាពផលិតអាគុយបានកម្លាំង ១០ជីហ្គាវ៉ាត់ម៉ោង (Gwh) ដែលអាចគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់រថយន្តអគ្គិសនីបានជាង ១៥០ ០០០ គ្រឿង ។ ក្រុមហ៊ុនបាននិយាយថា ពួកគេក៏នឹងបន្ថែមសមត្ថភាពក្នុងការផលិតអាគុយដែលមានកម្លាំងដល់ ៣០ Gwh ផងដែរ ដោយអាស្រ័យទៅលើតម្រូវការទីផ្សារ ។

លោក Chung Euisun ប្រធានក្រុមហ៊ុន Hyundai Moto Group បាននិយាយថា ៖ ” ក្រុមហ៊ុន Hyudai Moto Gruop កំពុងតែពង្រឹងសមត្ថភាពក្នុងការក្លាយជាក្រុមហ៊ុនឈានមុខគេ នៅលើទីផ្សារ EV ដែលជាគន្លឹះសំខាន់ ដើម្បីធានាការប្រកួតប្រជែងនាពេលអនាគត ។ ហើយរោងចក្រនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ “

“ ចាប់ផ្តើមជាមួយរោងចក្រនេះ មានន័យថាប្រព័ន្ធអេកូឡូស៊ី EV នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក៏ត្រូវបានបង្កើតឡើងដោយជោគជ័យដែរ ។  លើសពីនេះយើងរំពឹងថាឥណ្ឌូនេស៊ី នឹងដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារ EV របស់អាស៊ាន” ។ លោក Chung Eusisun បន្ថែម។

ជាមួយគ្នានេះ លោក Kim Jong-hyun ជាប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន LG Energy Solution និយាយថា ៖ ” ថ្ងៃនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការចាប់ផ្តើមយុគសម័យថ្មីនៃឧស្សាហកម្មអាគុយ EV នៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងការបង្កើតរោងចក្រផលិតអាគុយដំបូងគេបង្អស់ នៅក្នុងប្រទេសមួយនេះ “។

លោកថា តាមរយ:ភាពជាដៃគូជាមួយរដ្ឋាភិបាលរបស់ឥណ្ឌូនេស៊ី ឥឡូវនេះយើងបានឈានជើងចូលកាន់តែកៀក ក្នុងការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ Ev ដំបូងគេបង្អស់ របស់ពិភពលោក ៕​

ប្រភព: Pulsenews