នាយករដ្ឋមន្រ្តីស្នើឲ្យរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិបាលខេត្តជាប់ពាក់ព័ន្ធចេញមុខបំភ្លឺភ្លាមករណីហាមពលរដ្ឋកុំឱ្យសម្លាប់សត្វចិញ្ចឹមយកសាច់

សង្គម​និង​សេដ្ឋកិច្ច
480 Shares

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍នេះ បានស្នើឱ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអភិបាលខេត្តចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងករណីហាមពលរដ្ឋកុំឱ្យសម្លាប់សត្វចិញ្ចឹមយកសាច់ ខណៈដែលប៉ុន្មានថ្ងៃនេះវីដេអូចែកចាយនៅតាមបណ្តាញសង្គមមានមន្ត្រីមូលដ្ឋាលចុះហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារដោយតម្រូវឱ្យសុំច្បាប់អនុញ្ញាតជាធរមាន។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ? ”

សម្តេចបញ្ជាក់ថា យើងលើកទឹកចិត្តអោយប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិព័រណ៍ទេគឺសម្រាប់ជាចំណីអាហារ។ ហេតុអីបានប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទានហើយតម្រូវឱ្យសុំច្បាប់។ បើមានក្នុងច្បាប់គឺត្រូវធ្វើវិសោធនកម្មច្បាប់។ ខ្ញុំមិនដឹងថារូបភាពក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។ សុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវជ្រាវហើយចូលមកបំភ្លឺអោយខ្ញុំតាមហ្វេសបុកនេះ ដើម្បីអោយប្រជាជនបានដឹងជាទូទៅ។

សម្តេចតេជោបញ្ជាក់បន្ថែមថា៖ ” ខ្ញុំហួសចិត្តនិងអាណិតប្រជាជនជាទីគោរពស្រលាញ់របស់ខ្ញុំ “

ជាការឆ្លើយតបតាមរយៈចូលខមមិនលើហ្វេសបុកសម្តេចតេជោ លោករដ្ឋមន្រ្តី វេង សាខុន បានអះអាងថា៖ “ការចិញ្ចឹមសត្វ និងការសម្លាប់សត្វក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ គឺពុំមានទោសទណ្ឌ និងមានចែងនៅក្នុងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ នោះទេ ហើយក៏គ្មានជាប់ពាក់ព័ន្ធទៅការប្រព្រឹត្តបទល្មើសអ្វីដែរ លើកលែងតែការសម្លាប់សត្វក្នុងគោលបំណងធ្វើអាជីកម្មតែប៉ុណ្ណោះ “ ។ 

ដោយឡែកទាក់ទងទៅនឹងបញ្ហាខាងលើ លោករដ្ឋមន្រ្តីសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន ខេត្តកណ្តាល ដែលបានធ្វើការកិច្ចការនេះផ្ទាល់នឹងផ្តល់ជូនរបាយការណ៍លម្អិត ជូនសម្តេចតេជោបានជ្រាបដ៏ខ្ពង់ខ្ពស់បន្ថែម៕

នាយករដ្ឋមន្រ្តីស្នើឲ្យរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិបាលខេត្តជាប់ពាក់ព័ន្ធចេញមុខបំភ្លឺភ្លាមករណីហាមពលរដ្ឋកុំឱ្យសម្លាប់សត្វចិញ្ចឹមយកសាច់
480 Shares