កូនខ្មែរម្នាក់ ប្រកាសបើករោងចក្រផលិតកែវក្រដាស និងបំពង់បឺត ក្នុងតម្លៃ ៥លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន សហគ្រាស TK & D បានសម្រេចបោះទុនវិនិយោគ ៥លានដុល្លារអាមេរិក លើផ្ទៃដីជាង ២ហិកតា ដើម្បីបង្កើតសហគ្រាសផលិតកែវក្រដាស និងបំពង់បឺត ដែលអាចបង្កើតការងារបានប្រមាណជាង ១០០នាក់ ស្ថិតនៅក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថាបនិកសហគ្រាស TK & D លោកស្រី ទិត សុខុម បានឱ្យដឹងថា សហគ្រាស TK & D នឹងធ្វើការផលិតកែវក្រដាស និងបំពង់បឺតធ្វើពីម្សៅអង្ករ ម្សៅពោត និងម្សៅដំឡូង ដែលអាចពិសាបាន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយមិនប្រើសារធាតុគីមី ធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិក បង្កើតភាពបៃតងនៅកម្ពុជា។ 

ថ្លែងក្នុងឪកាសចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានគាំទ្រយ៉ាងពេញទំហឹង ចំពោះការវិនិយោគនេះ និងសូមស្នើដល់សហគ្រាស ឱ្យទទួលទិញផលិតផលដើម ដែលបងប្អូនប្រជាកសិករក្នុងខេត្តធ្វើការដាំដុះ និងប្រមូលផលបាន សម្រាប់ផ្គត់ផ្គង់ក្នុងតម្រូវការផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូងនេះ។

គួររម្លឹកជូនថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ford ក៏បានបង្ហើបគម្រោង​បង្កើត​រោងចក្រ​ផ្គុំ និងតម្លើងរថយន្ត ​ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ខណៈដែលរោងចក្រនេះអាចស្រូបយកកម្លាំងពលកម្មក្នុងស្រុក បានប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក៕