លោក ស៊ុន ចាន់ថុល៖ កម្ពុជាទទួលយកទាំងអស់ ប៉ុន្តែយើងមិនទទួលទេ បើប្រាក់កម្ចីនោះមានការប្រាក់ខ្ពស់ពេក និងលក្ខខណ្ឌស្មុគស្មាញ

សង្គម​និង​សេដ្ឋកិច្ច

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងឪកាសចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី១ របស់កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃច័ន្ទម្សិលមិញ បានឆ្លើយតបទៅក្រុមអ្នកវិភាគដែលចោទកម្ពុជាថាពឹងតែជំនួយពីចិន ហើយរើសអើងការផ្តល់ជំនួយពីបណ្តាប្រទេស ឬប្រភពផ្សេងៗ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោករដ្ឋមន្រ្តីថ្លែងថា៖ យើងមិនរើសអើងការផ្តល់ជំនួយរបស់ ប្រទេសណាទេ មិនថាជប៉ុន កូរ៉េ ថៃ វៀតណាម ធនាគារពិភពលោក ឬធនាគារអភិវឌ្ឍន៍អាស៊ីឡើយ ជាក់ស្តែងកំពង់ផែស្វ័យតនៅក្រុងព្រះសីហនុ គឺជាប្រាក់កម្ចីពីប្រទេសជប៉ុន មិនដូចការចោទប្រកាន់ថាយើង ពឹងតែមិត្តចិនរហូតនោះទេ ពោលគឺឱ្យតែការអភិវឌ្ឍណាដែលប្រើប្រាក់កម្ចីសម្បទាន លឿន ទាន់ពេល វេលា ទាន់តម្រូវការអភិវឌ្ឍរបស់ប្រទេសជាតិមាតុភូមិយើង យើងទទួលយកទាំងអស់។

លោកបញ្ជាក់ កម្ពុជាទទួលយកទាំងអស់ ប៉ុន្តែយើងមិនទទួលទេ បើប្រាក់កម្ចីនោះមានការប្រាក់ខ្ពស់ពេក លក្ខខណ្ឌស្មុគស្មាញ ចំណាយពេលសិក្សារហូត៥ឆ្នាំទៅ៦ឆ្នាំ ទើបអនុម័តឱ្យខ្ចី ដែលធ្វើឱ្យយើងខាតបង់សេដ្ឋកិច្ចច្រើនក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់យើង។

បន្ថែមលើនេះ លោកក៏បាននិយាយរំលឹកដល់ប្រវត្តិនៃដំណើរការកសាង និងពង្រីក កំពង់ផែស្វ័យយ័ត LM១៧ ឋិតនៅលើផ្ទៃដីទំហំ១០ ហិកតា មានសមត្ថភាពផ្ទុកកុងតឺន័រ បាន ១៥០ 000 TEUs ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ទុនវិនិយោគ ដែលបានមកពីកម្ចីឥណទានរបស់ចិនក្នុងទឹកប្រាក់ប្រមាណ២៨ ៩០០ ០០០ ដុល្លារអាមេរិក ដោយពុំទាន់ រាប់បញ្ចូលគ្រឿងចក្រលើកដាក់ទំនិញ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលដែលឯកឧត្តមទេសរដ្ឋមន្ត្រីបានបម្រើការជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨។

ជាងនេះទៅទៀត លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការដឹកជញ្ជូនតាមផ្លូវទឹក ក្នុងការចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយតម្លៃដឹកជញ្ជូនទំនិញ កាត់បន្ថយការខូចខាតផ្លូវថ្នល់ ដែលកន្លងមកក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ធនាគារពិភពលោក និងស្ថាប័នពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល សិក្សាចប់សព្វគ្រប់នូវផែនការមេភស្តុភារកម្មក្នុងគោលបំណងកាត់បន្ថយតម្លៃដឹកជញ្ជូន និងភស្តុភាកម្មនៅកម្ពុជា៕