មហាសេដ្ឋី Chen ជោគជ័យកាស៊ីណូ Nagaworld តម្លៃ ៣៧០លានដុល្លារ ខណៈបរាជ័យគម្រោង “បឹងអច្ឆរិយៈអង្គរ” នៅសៀមរាប

ជុំវិញ​ឧកញ៉ា
1K Share

ចូលខ្លួនមកបំរើសេវាកម្មប្រមាណជាង ២៨ឆ្នាំ ណាហ្គាវើលដ៍ ទទួលបាននូវភាពជោគជ័យយ៉ាងសម្បើមក្នុងវិស័យកាស៊ីណូ និងសណ្ឋាគារ ខណៈពេលបច្ចុប្បន្នក្រុមហ៊ុនបានបោះទុនវិនិយោគសាងសង់អគារផ្ទាល់ខ្លួនខ្ពស់ៗរាប់សិបអគារជាមួយនឹងទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ស្ថិតក្នុងតំបន់ដ៏មានសក្តានុពលជាប់ទន្លេចតុមុខនៃដែនដីរាជធានីភ្នំពេញ សុទ្ធសឹងតែជាទីតាំងស្នូលដង្ហើមសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ នៅប្រទេសកម្ពុជា។

​របាយការណ៍​ហិរញ្ញ​វត្ថុ​ចុងក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ បាន​ចំណេញ​ប្រាក់ ​១០២​លាន​ដុល្លារ ​ក្នុង​ឆ្នាំ​២០២០ ធ្លាក់​ចុះពី​៥២១​​លាន​ធៀប​នឹង​ឆ្នាំ​២០១៩​ បើទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ ស្របពេល​បញ្ហាមេរោគរាតត្បាតដ៏កាចសាហាវមួយនេះ បានប៉ះពាល់​ដល់​វិស័យជាច្រើនផងដែរ។

ទន្ទឹមនឹងភាពជោគជ័យក្នុងនាមក្រុមហ៊ុន​គ្រប់គ្រង​កាស៊ីណូ​ដ៏ធំ និងផ្ដាច់មុខ នៅរាជធានីភ្នំពេញមួយ ដែលអភិវឌ្ឍន៍គម្រោងជាហូរហែឥតឈប់នាពេលកន្លងមក ក៏ក្រុមហ៊ុនជួបបរាជ័យនូវគម្រោងរមណីយដ្ឋានមិនមែនកាស៊ីណូ “បឹងអច្ឆរិយៈអង្គរ” លើផ្ទៃដីប្រមាណ ៧៥ ហិកតា មានតម្លៃជាង ៣៥០ លានដុល្លារ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប។

គម្រោងអភិវឌ្ឍន៍ដដែរនេះ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា កាលពីខែមីនា កន្លងទៅអះអាងថា អនុវត្តគម្រោងនេះអាចនឹងមានប៉ះពាល់ដល់តម្លៃបេតិកភណ្ឌដ៏អស្ចារ្យរបស់រមណីយដ្ឋានអង្គរ។

យ៉ាងណា ណាហ្គាវើលដ៍បានឈានជើងចូលមកស្រុកខ្មែរជាលើកដំបូងតាំងពីឆ្នាំ ១៩៩៣ មកម្លេះ ខណ:ក្រុមហ៊ុន ដែលបើកអាជីវកម្មទៅលើផ្នែកសណ្ឋាគារ និងកាស៊ីណូដ៏ធំដាច់គេមួយនេះ ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មពេញសិទ្ធិពីរដ្ឋាភិបាលកម្ពុជា នៅអំឡុងឆ្នាំ ១៩៩៤ និងបន្តឈរជើងយ៉ាងរឹងមាំរហូតមកដល់ពេលបច្ចុប្បន្ន ។

តើមហាសេដ្ឋីរូបណានៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុនខ្នាតយក្ស ណាហ្គាវើលដ៍ នៅស្រុកខ្មែរ?

ពិតណាស់ ណាហ្គាវើលដ៏ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកជំនួញជនជាតិម៉ាឡេស៊ី លោក Chen Lip Keong ។ បច្ចុប្បន្នបុរសកូនកាត់ចិនរូបនេះ គឺជាមហាសេដ្ឋីលំដាប់ទី ៩ នៅក្នុងប្រទេសម៉ាឡេស៊ី ដោយមានទ្រព្យសម្បត្តិសរុបប្រមាណ ២,៨ ពាន់លានដុល្លារ គិតត្រឹមឆ្នាំ ២០២១ នេះ ។

ក្រឡេកទៅមើលប្រវត្តិរបស់លោកកើតថ្ងៃទី ២២ ខែកក្តដាឆ្នាំ ១៩៤៨ ស្ថិតនៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ភរិយាឈ្មោះ Paun Sri Lee Chou Sarn និងមានកូនចំនួន ៣ នាក់ មានឈ្មោះ Chen Yiy Hwuan, Chen Yepern និង Chen Yiy Fon ។

ដោយឡែកសម្រាប់ប្រវត្តិនៃការសិក្សារបស់លោក Chen វិញ ប្រហែលជាអាចធ្វើឲ្យប្រិយមិត្តមានភាពភ្ញាក់ផ្អើលមិនខាន ដោយសារតែអ្នកជំនួញដ៏មានឥទ្ធិពលរូបនេះ បានបញ្ចប់ការសិក្សាជំនាញវេជ្ជបណ្តិតផ្នែកវេជ្ជសាស្រ្ត ពីមហាវិទ្យាល័យ Malaya ដែលវាហាក់ផ្ទុយស្រឡះពីមុខជំនួញរបស់លោក ក្នុងពេលសព្វថ្ងៃនេះ។

ចំពោះប្រវត្តិការងារវិញ លោកធ្លាប់បានធ្វើជាវេជ្ជបណ្តិតផ្នែកវេជ្ជសាស្រ្ត ជាប្រធាននិងនាយកក្រុមហ៊ុន Karambunnai Corp និងជាប្រធានក្រុមហ៊ុន Petaling Tin Bhd ស្របពេលបច្ចុប្បន្ន លោកបានបន្តកាន់តំណែងជាច្រើនទៀត ដូចជាប្រធាននាយកប្រតិបតិ្ត ក្រុមហ៊ុន NagaCorp Ltd , នាយកប្រតិបតិ្ត FACB Industries Incorporated Berhad និងជានាយកក្រុមហ៊ុនធំៗជាច្រើនទៀត ។

ក្រឡេកមកមើលពីប្រវត្តិនៃការបណ្តាក់ទុនរបស់អ្នកជំនួញជើងចាស់វ័យប្រមាណជាង ៧៣ ឆ្នាំ រូបនេះនៅក្នុងប្រទេសទេសកម្ពុជាវិញ គឺដំបូងឡើយស្ទើតែមិនធ្លាប់ចូលទៅក្នុងកាស៊ីណូនោះទេ ហើយលោកបានបញ្ជាក់ថា កាស៊ីណូគឺមិនមែនស្ថិតនៅក្នុងឈាមរបស់លោកឡើយ ព្រោះមិនមែនជាអ្នកដែលចូលចិត្តលេងល្បែង ។ ប៉ុន្តែក្រោយឈានជើងចូលមកដល់ប្រទេសកម្ពុជាជាលើកដំបូង លោក Chen បានសំលឹងឃើញថា ទីផ្សារប្រទេសកម្ពុជាគឺមានភាពទូលំទូលាយខ្លាំង ដែលអាចជាឱកាសហ៊ុចផលសម្រាប់លោក នៅក្នុងការវិនិយោគដោយងាយស្រួល ព្រោះមិនទាន់មានដៃគូប្រកួតប្រជែងច្រើន ។

ក្រោយមក នៅពេលរាជរដ្ឋាភិបាលរបស់កម្ពុជា បានធ្វើការដាក់ចេញនូវការដេញថ្លៃ ដើម្បីទទួលបានអាជ្ញប័ណ្ឌគ្រប់គ្រងកាស៊ីណូ នៅក្នុងឆ្នាំ ១៩៩៣ លោក Chen មិនបានស្ទាក់ស្ទើឡើយ ដោយបានចាប់យកឱកាសនោះ និងបានឈ្នះ ដើម្បីទទួលបានសិទ្ធិបើកកាស៊ីណូស្របច្បាប់ដំបូងគេបង្អស់ ពីរាជរដ្ឋាភិបាលកម្ពុជា និងមានសិទ្ធិកាន់កាប់រហូតដល់ឆ្នាំ ២០៣៥ ឯណោះ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Naga World គឺជាកាស៊ីណូធំជាងគេនៅកម្ពុជា ជាមួយគម្រោងតម្លៃ ៣៧០ លានដុល្លារ ។ ដោយគិតត្រឹមខែវិច្ឆិកាឆ្នាំ ២០១២ លោក Chen បានចាប់ផ្តើមពង្រីកណាហ្គាវើល ២ ដែលបានបើកដំណើរការនៅឆ្នាំ ២០១៥ ​ដោយក្នុងនោះរួមបញ្ចូលទាំងសណ្ឋាគារថ្មីពីរ ភោជនីយដ្ឋានលំដាប់កំពូល ព្រមទាំងកន្លែងកម្សាន្ត និងផ្សារទិញទំនិញ៕

អត្ថបទ ឧកញ៉ាសាមញ្ញ

មហាសេដ្ឋី Chen ជោគជ័យកាស៊ីណូ Nagaworld តម្លៃ ៣៧០លានដុល្លារ ខណៈបរាជ័យគម្រោង “បឹងអច្ឆរិយៈអង្គរ” នៅសៀមរាប
1K Share