ប្រយ័ត្ន​កិច្ច​សន្យា​ចង​ជាប់​ អ្នក​ចង់​ចូលខ្លួន​ជា​តំណាង​ចែកចាយ ពិនិត្យ​ឲ្យ​ច្បាស់ ចោល​លុយ​ទាំងពាន់ ទាំងម៉ឺន​ដុល្លារ​ ចង់​ប្តឹង​ក៏អត់ឈ្នះ​គេ

សង្គម​និង​សេដ្ឋកិច្ច អាជីវកម្ម

មួយ​រយៈ​ចុងក្រោយ​ល្បី​ណាស់​ រឿង​រើស​តំណាង​ចែកចាយ​ផលិត​ផល។ មុន​អ្នក​សម្រេ​ចចិត្ត​ចង់​ក្លាយ​ជាអ្នក​តំណាងចែកចាយគួរពិនិត្យឲ្យម៉ត់ចត់ ជាពិសេស​ពេល​ចុះកិច្ច​សន្យា ព្រោះចំណុចខ្លះនៃកិច្ចសន្យាអាចធ្វើឲ្យម្ចាស់ផលិតផលកើបលុយដោយស្រួល ហើយ​អ្នកចង់​ប្តឹង​ក៏​មិន​ឈ្នះ​គេ​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនពេលអ្នកចង់ធ្វើ​ជា​តំណាងចែកចាយសម្រេចចិត្តទិញ (កាត់ស្តុក) នូវផលិតពីក្រុមហ៊ុនបោះដុំណាមួយយកទៅលក់បន្ត ត្រូវ​ជជែក​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់ចំពោះចំណុចនិមួយៗនៃកិច្ចសន្យាទិញ-លក់ ត្រូវ​មើលទៅក្នុងលក្ខខណ្ឌក្នុងកិច្ចសន្យា​កុំ​ឲ្យ​មានការ​ភាន់​ច្រឡំ និង​​ចាញ់​ប្រៀបខ្លាំងពេក ដែល​ក្រុមហ៊ុន​ជា​ម្ចាស់​ផលិតផល​អាច​កេងចំណេញហួសហេតុលើតំណាងចែកចាយបន្តរបស់ខ្លួន។

ឧកញ៉ូសន៍លម្អិត​លើ​ ៣ ចំណុច​ក្នុង​​កិច្ច​សន្យា​​ឧស្សាហ៍​កើត​មានជា​ឧទាហារណ៍ដោយ​លើក​ពីប្រការ ១ ប្រការ ២ និង​ប្រការ ៣​​ ​រវាងម្ចាស់​ផលិតផលនិង​តំណាង​ចែកចាយ​ដូចខាងក្រោម៖

-ប្រការ១៖ កិច្ចសន្យានេះមានសុពលភាពរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃផ្ដិតមេដៃនេះតទៅ ប៉ុន្តែភាគី (ក) [ក្រុមហ៊ុនជា​ម្ចាស់​ផលិតផល​] សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរកិច្ចសន្យានេះដោយជូនដំណឹងមុន ២សប្ដាហ៍។ ចំណុចនេះ មានន័យថា ភាគីក្រុមហ៊ុន ចង់កែប្រែអ្វីក៏បាន​​ស្រេចតែចិត្តនឹកឃើញ ដោយគ្រាន់តែជូនដំណឹងទៅភាគី (ខ) ជាតំណាងចែកចាយជាការស្រេច ដោយភាគី (ខ) គឺតំណាងចែកចាយគ្មានសិទ្ធិតវ៉ាអ្វីទាំងអស់។

-ប្រការ២ ភាគី (ក) នឹងទទួលទិញផលិតផលពីភាគី (ខ) វិញ ក្នុងករណីភាគី (ខ) មានបំណងចង់បង្វិលផលិតផលដែលនៅសល់ក្នុងស្តុក ត្រឡប់មកវិញ បន្ទាប់ពីកិច្ចសន្យានេះផុតសុពលភាពរយៈពេល ២ឆ្នាំ ហើយផលិតផលត្រូវស្ថិតក្នុងស្ថានភាពដើម មិនមានការខូចខាត ឬបាក់បែកឡើយ។ ត្រង់ចំណុចនេះ តំណាងចែកចាយ គួរគិតមើលថា តើផលិតផលដែលយកទៅស្តុកទុករយៈពេល ២ឆ្នាំទៅហើយនោះ អាចរក្សាបាននូវស្ថានភាព រូបរាង និងគុណភាពដូចដើមដែរឬទេ? មានន័យថា ភាគី(ក) គេចង់បង្អាប់បង្អោនគុណភាព ឬសម្រេចចិត្តមិនទិញយកផលិតផលដែលសល់នោះយកទៅវិញបាន ដោយភាគី(ខ) គ្មានសិទ្ធិតវ៉ា ឬទាមទារ បង្ខំភាគី(ក) បានទេ។

-ប្រការ៣៖ ភាគី (ក) នឹងទទួលទិញផលិតផលពីភាគី (ខ) វិញ ក្នុងតម្លៃកាត់ខាត ៣០ភាគរយ ដោយយោងទៅតាមតម្លៃដែលភាគី (ក) បានលក់ជូនភាគី (ខ) និងមានវិក្កយបត្រទិញ-លក់ចុងក្រោយជាសម្អាង។ ហើយភាគី (ខ) អាចទទួលបានការទូទាត់ថវិកាវិញ ក្នុងរយៈពេលមួយសប្ដាហ៍បន្ទាប់។ ចំណុចនេះ បង្ហាញថា តំណាងចែកចាយខាតជាន់លើខាត តើខាតត្រង់ណា? គឺខាតត្រង់បើផលិតផលដែលយកមកលក់មិនដាច់គឺខ្លួនខាតដើម ព្រោះនៅពេលបង្វិលទៅថៅកែក្រុមហ៊ុនវិញគឺលក់បានតែថ្លៃដើម ៧០ភាគរយមកវិញ ពោលគឺក្រុមហ៊ុនចំណេញ ២លើក។ លើកទី១ ក្រុមហ៊ុនលក់ឲ្យអ្នកចែកចាយក្នុងតម្លៃពេញ ១០០ភាពរយគឺចំណេញម្ដង។ ចំណេញលើកទី២ នៅពេលក្រុមហ៊ុនទិញរបស់សល់ពីលក់មិនដាច់ហើយទាល់តែល្អបានទិញចូលវិញ គឺតម្លៃត្រឹម ៧០ភាគរយនៃថ្លៃដើម ដូច្នេះគឺក្រុមហ៊ុនចំណេញ ៣០ភាគរយដែលខ្លួនកាត់ពីតំណាងចែកចាយ។

សរុប បើក្រុមហ៊ុន​ម្ចាស់​ផលិតផល ទទួលទិញផលិតផលតំណាងចែកចាយលក់មិនដាច់មកវិញ គឺចំណេញលើគោករហូតដល់ទៅ ៦០ភាគរយ។ ចុះបើក្នុងករណីក្រុមហ៊ុនទិញផលិតផលដែលសល់នោះ ពីតំណាងចែកចាយចាស់ យកទៅលក់បន្តឲ្យតំណាង​ចែកចាយ​ថ្មី មិនរឹតតែធ្វើឲ្យក្រុមហ៊ុនចំនេញថែម ៣០ភាគរយទៀត ដូច្នេះទោះជាផលិតផលដែលក្រុមហ៊ុន លក់ទៅឲ្យតំណាង​ចែកចាយ មិនត្រូវបានលក់ដាច់បន្តទៅឲ្យអ្នកប្រើប្រាស់ចុងក្រោយក៏ដោយ ក៏ក្រុមហ៊ុននេះ នៅតែចំណេញកប់ក្ដោងពីការលក់ចេញ-ទិញចូល-លក់ចេញ វិលទៅវិលមកតែជាមួយតំណាងចែកចាយនេះដដែល។

ការលើកឡើងខាងលើនេះ គ្រាន់តែជាឧទាហរណ៍ និងការពន្យល់​មួយ​ចំនួន ក្នុងន័យឲ្យតំណាងចែកចាយ ផលិតផលនានា បង្កើនការប្រុងប្រយ័ត្ននៅមុនពេលសម្រេចចិត្តទិញ (កាត់ស្តុក) ផលិតផលពីក្រុមហ៊ុនណាមួយយកទៅលក់បន្ដ ដែលមុខរបរបែបនេះវាហាក់ដូចជាការបោកប្រាស់គ្នីគ្នាបន្តៗ ដែលគេធ្លាប់ហៅថា បណ្ដាញទីផ្សារពីរ៉ាមីត ឬម៉ាឃីតធីងណេតវើក ដែលជាអាជីវកម្ម បោកប្រាស់តៗគ្នា៕