ឧកញ៉ា ម៉ុង ឫទ្ធី មាន​ឈ្មោះពិត កា សៀកហៀង ប្រាប់​ក្បួន​​រក្សា​ចំណង​គ្រួសារ​ជាង ៤០​ឆ្នាំ​

ជុំវិញ​ឧកញ៉ា
1.1K Shares

សេដ្ឋីកសិឧស្សាហកម្មដ៏ល្បីល្បាញអ្នក​ឧកញ៉ា ម៉ុង ឫទ្ធី​ មានក្បួន​ក្នុង​ការ​អប់រំកូនចៅ និងការរក្សាចំណងអាពាហ៍ពិពាហ៍យូរអង្វែង ខណៈ​ឧកញ៉ា​ដែលមានកូន​ ថែមទាំង​ចៅទៀត​នេះ នៅ​រក្សា​ចំណង​គ្រួសារ​បានយ៉ាង​ល្អ​ក្នុងជីវិត​គ្រួសារ​ជាង ៤០ ឆ្នាំ​។

ឧកញ៉ា ម៉ុង ឫទ្ធី បានទម្លាយពីគុណភាពជីវិតទាំងការងារ គ្រួសារនិងចំណង​អាពាហ៍ពិពាហ៍ ប្រកបដោយក្តីសោមនស្ស។

អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី មានក្បួន​ណែនាំប្រដៅកូនចៅ​ក្នុង​គ្រួសារ បើ​ទោះបីកូនធ្វើខុសយ៉ាងណា ក៏ឪពុកម្ដាយតែងតែអភ័យទោសឲ្យជាដរាប។ តែ​ដោយ​ប្រកាន់​យក​ទស្សនៈ (កម្ម:) ប្រែមកថាជាអំពើ អ្នក​ឧកញ៉ា​បានក្រើន​រំលឹក​ដល់​កូនៗកុំ​ធ្វើបាបទឹកចិត្តឪពុកម្ដាយ។ កូនចៅទាំងអស់គ្នាត្រូវយល់ថា បើ​កូនៗធ្វើ​បាបទឹកចិត្ត​ឪពុកម្តាយ ក៏នឹងទទួល​បាបចិត្តពី​កូនតបស្នង​វិញ។

ទាក់ទង​ការរស់នៅក្នុង​សង្គម ក្នុងនាមឪពុកមាន​ទាំង​តួនាទី​ធំ​ក្នុង​រាជការ និងជាអ្នកជំនួញផង អ្នក​ឧកញ៉ា​ផ្ដាំឱ្យកូនពេល​បន្តវេនរកស៊ី​ពីឪពុកម្តាយ​ ​កុំធ្វើអំពើទុច្ចរិត ប្រកបរបរដែល​សង្គមស្អប់ខ្ពើម ដូចជាកាប់បំផ្លាញព្រៃឈើ ការជួញដូរគ្រឿងញៀន សេពគ្រឿងស្រវឹងជាដើម។ ចៀសវាងប្រព្រឹត្តអំពើដែលច្បាប់ហាមឃាត់ ត្រូវខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយទសាង​តែ​អំពើល្អ កុំធ្វើបាបប្រជាជន។ ត្រូវរស់ឲ្យមានកិត្តិយស  និងត្រូវចេះសាមគ្គីគ្នារវាងបងនិងប្អូន។

អ្នក​ឧកញ៉ា​ដែល​មានឈ្មោះដើមហៅក្រៅ​ កា សៀកហៀង ក៏មហាជនទទួលស្គាល់​មាន​ឧត្តម​ភរិយាដ៏សែនសមញ្ញបំផុតម្នាក់ គឺលោកជំទាវជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី។ មានស្វាមីជាសេដ្ឋី ងារជា​ឧកញ៉ា​ ថែម​ទាំង​មាន​យសស័ក្ក​ធំទៀត​នោះ តែ​លោកជំទាវមិនធ្លាប់ទុកខ្លួនឲ្យទំនេរទេ គឺតែងធ្វើការងារផ្ទះជាប្រចាំដូចនារីធម្មតាម្នាក់គឺនៅតែធ្វើផ្អកប្រហុក ត្រីងៀត ទោះបីជាប្តីជាសេដ្ឋីហើយក៏ដោយ ។

អ្នក​ឧកញ៉ា​បាន​បញ្ជាក់​ថា ភាពមានបានរបស់លោក ក៏ជាចំណែករបស់ប្រពន្ធផងដែរ។ ​អ្នកឧកញ៉ា​បានលើកពី​ចំណងអាពាហ៍ពិពាហ៍ ដែលអាចរក្សាបានយូរអង្វែងជាមួយ​ភរិយា​ដល់ចាស់រៀងខ្លួន គឺអាស្រ័យលើភាគីទាំងសងខាង មានភាពស្មោះឱ្យគ្នា យោគយល់គ្នា សន្ដោសប្រណី ចេះលើកលែងចេះអភ័យទោស ពេលមានឧកសគ្គ មានបញ្ហាត្រូវតែជម្នះ ពុះពារទៅជាមួយគ្នា។

​ចំណង​ស្នេហា​រវាងអ្នក​ឧកញ៉ា​ជាមួយនឹងភរិយា គឺការ​ផ្ដល់ទំនុកចិត្ត និងព្យាយាមយល់ចិត្តគ្នាទៅវិញទៅមក។ ជាក់ស្ដែងលោកជំទាវ ម៉ែន ស៊ុន មិនដែលទាមទារថ្ងៃសៅរ៍អាទិត្យថាត្រូវតែនាំ​ជូនទៅផ្សារទំនើប ឬត្រូវកំដរ​ទៅ​នេះទៅនោះ។ ប្រសិនបើលោកមានកិច្ចការងារ ត្រូវចុះទៅចម្ការដំណាំផ្សេងៗ ភរិយារបស់លោក​ភាគច្រើន នឹងទៅជួយកិច្ចការងារផ្សេងៗជាមួយគ្នា ដែលនេះហើយជាការផ្ដល់នូវទំនុកចិត្ត និងការយល់ចិត្តគ្នាដែលជាមូលហេតុអាចជួយឱ្យចំណងគ្រួសារមានសុភមង្គល។

សូមរំលឹកផងដែរថា ចំណងអាពាហ៍ពិពាហ៍របស់អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី និងលោកជំទាវម៉ែន ស៊ុន គឺស្រឡាញ់គ្នាកាន់ដៃគ្នាអស់រយៈពេល ៤៣ ឆ្នាំហើយ ប៉ុន្តែនៅអាចរក្សាចំណងស្នេហាមួយនេះយ៉ាងរឹងមាំ  ហើយប្រវត្តិនៃស្នេហាជាមួយនឹងឧត្ដមភរិយាលោក គឺផ្ដើមចេញពីការរៀបការនៅជំនាន់ប៉ុលពតនៅក្នុងឆ្នាំ ១៩៧៨ ។ កាលពីថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២១ កន្លងមកនេះ គឺជាខួប ៤៣ ឆ្នាំនៃស្នេហាអ្នក​ឧកញ៉ា និង​លោកជំទាវ៕

ឧកញ៉ា ម៉ុង ឫទ្ធី មាន​ឈ្មោះពិត កា សៀកហៀង ប្រាប់​ក្បួន​​រក្សា​ចំណង​គ្រួសារ​ជាង ៤០​ឆ្នាំ​
1.1K Shares