៥ ឆ្នាំ​ចុងក្រោយ​ Facebook ចាយ​លុយ​​ ១៣ ពាន់​លាន​ដុល្លារលើ​ប្រព័ន្ធ​សុវត្ថិភាព បង្កើន​ល្បឿន​ការងារ​​លឿនជាង​មុន​ ១៥ ដង

អន្តរជាតិ
101 Shares

មួយ​រយៈ​កាល​ចុងក្រោយ​នេះ យើង​សង្កេត​ឃើញ​ថា Facebook តែង​ទាមទារ​ឲ្យ​អ្នក​ប្រើប្រាស់​បំពេញ​នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ និង​ថែម​ទាំង​ធ្វើ​គ្រប់​វិធីសាស្ត្រ​ដើម្បី​ការពារ​គណនី​របស់​អ្នក​ប្រើប្រាស់​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ទី​បំផុត។

​ក្នុង​ករណី​គណនី​ប្រើប្រាស់​ណា​មួយ​ធ្វើ​ខុស​គោលការណ៍​ក្រុមហ៊ុន​បន្តិច​នោះ​ Facebook នឹង​ធ្វើ​ការ​បិទ​គណនី​បណ្ដោះ​អាសន្ន​ក្នុង​រយៈ​ពេល​ខ្លី ឬ​យូរ​ស៊ីសង​លើ​កំហុស​ដែល​បាន​ប្រព្រឹត្តិ​ខុស​។

បើ​មើល​ទៅ​លើ​ប្រព័ន្ធ​សុវត្ថិភាព​នេះ គឺ​អាច​សន្និដ្ឋាន​បាន​ថា Facebook យក​ចិត្ត​ទុកដាក់​ខ្លាំង​​មែនទែន​ ព្រោះ​បើ​តាម​របាយការណ៍​ផ្ដល់​​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​ គិត​ចាប់តាំង​ពី​ឆ្នាំ ២០១៦ មក​ទល់​ពេលនេះ Facebook ចាយ​លុយ​អស់​ច្រើន​ជាង ១៣ ពាន់​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព ខណៈ​ចំនួន​បុគ្គលិក​ផ្នែក​សុវត្ថិភាព​កើនឡើង​ពី ១ ម៉ឺន​នាក់​ មក​ដល់ ៤ ម៉ឺន​នាក់​ឯណោះ​ក្នុង​រយៈពេល ៥ ឆ្នាំ​នេះ។

ចាយ​លុយ​អស់​ច្រើន​សន្ធឹក​បែបនេះ មិនមែន​អត់​ប្រយោជន៍​ឡើយ ពោល Facebook រាយការណ៍​មក​ថា ត្រីមាស​ដំបូង​នៃ​ឆ្នាំ​ថ្មី គណនី​ក្លែងក្លាយ​ជាង ៣ ពាន់​លាន​គណនី​ត្រូវ​បាន​លុប​ចោល ស្របពេល​ការ​ចែក​រំលែក​ព័ត៌មាន​មិន​ច្បាស់លាស់ និង​ក្លែងក្លាយ​ទាក់ទង​នឹង​ប្រធានបទ COVID-19 ជាមួយ​វ៉ាក់សាំង ត្រូវ​បាន​លុបចេញ​ភ្លាមៗ​។

លើស​ពី​នោះ ក្រុមហ៊ុន​ក៏​បាន​បញ្ជាក់​ដែរ​ថា ល្បឿន​នៃ​ការ​លុប​មាតិកា​ខុស​​ពី​ស្តង់ដារ​របស់​ក្រុមហ៊ុន​ ក៏​ត្រូវ​បាន​លុបចោល​លឿន​ជាង​មុន​ដល់​ទៅ ១៥ ដង​ឯណោះ​បើ​ធៀប​នឹង​ឆ្នាំ ២០១៧។ មាតិកា​​ភាគច្រើន​ទាក់ទង​នឹង​ការ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ពូជសាសន៍​នៅ​លើ Facebook និង​ការ​ចែក​រំលែក​រូបភាព​មិន​សមរម្យ​លើ​បណ្ដាញ​សង្គម Instagram ជាដើម៕

ប្រភព: Finance.yahoo

៥ ឆ្នាំ​ចុងក្រោយ​ Facebook ចាយ​លុយ​​ ១៣ ពាន់​លាន​ដុល្លារលើ​ប្រព័ន្ធ​សុវត្ថិភាព បង្កើន​ល្បឿន​ការងារ​​លឿនជាង​មុន​ ១៥ ដង
101 Shares