រដ្ឋផ្តាំបើជួបអ្នករកស៊ីប្រព្រឹត្តសកម្មភាពមិនសុចរិត ពង្វាងការពិតធ្វើឱ្យខូចប្រយោជន៍អ្នកប្រើប្រាស់ រាយការណ៍មកកាន់ក្រសួង

សង្គម​និង​សេដ្ឋកិច្ច

សិក្ខាសាលាថ្នាក់ជាតិស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ «ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌៖ សុខុមាលភាពរបស់អតិថិជន និងធុរកិច្ចរបស់លោកអ្នក» ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៣ កញ្ញាម្សិលមិញ ក្នុងគោលបំណងចែករំលែកក្រមសីលធម៌ធុរកិច្ចតាមប្រព័ន្ធអនឡាញសម្រាប់អាស៊ាន ដែលបានបង្កើតឡើងដើម្បីលើកទឹកចិត្តដល់ការអនុវត្តធុរកិច្ចដោយត្រឹមត្រូវ នៅក្នុងបរិយាកាសពាណិជ្ជកម្មអេឡិចត្រូនិកដែលកំពុងវិវត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើដល់អ្នកធ្វើធុរកិច្ចទាំងឡាយ ដែលមិនទាន់បានអនុវត្តនូវកាតព្វកិច្ចការពារអ្នកប្រើប្រាស់ ឱ្យយកចិត្តទុកដាក់អនុវត្តនូវការតព្វកិច្ចទាំងនោះស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់គ្នា ដើម្បីរួមចំណែកជាមួយស្ថាប័នមានសមត្ថកិច្ច និងអ្នកប្រើប្រាស់ ក្នុងការកសាងសង្គមឱ្យមានសុខដុមនីយកម្ម និងមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ម្យ៉ាងទៀតលោកក៏បានលើកទឹកចិត្តដល់អ្នកប្រើប្រាស់ ឱ្យធ្វើសេចក្តីរាយការណ៍ពីធុរជនទាំងឡាយណា ដែលប្រព្រឹត្តសកម្មភាពមិនសុចរិតក្នុងធុរកិច្ច មកកាន់ក្រសួងពាណិជ្ជកម្ម ឬគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ តាមរយៈអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ដើម្បីស្វែងរកដំណោះស្រាយបញ្ហារួមគ្នាឱ្យបានទាន់ពេលវេលា។

លោករដ្ឋមន្រ្តីបន្តថា ការការពារអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព តម្រូវឱ្យអាជីវកម្មទទួលបានការជូនដំណឹងអំពីកាតព្វកិច្ចរបស់ខ្លួនចំពោះអ្នកប្រើប្រាស់ និងចៀសវាងសកម្មភាពណាមួយដែលអាចភូតកុហក ពង្វាងការពិត ឬធ្វើឱ្យខូចប្រយោជន៍ដល់អ្នកប្រើប្រាស់ ទាំងក្នុងប្រតិបត្តិការជាទម្លាប់ប្រពៃណី ឬក្នុងពាណិជ្ជកម្មអេឡិចត្រូនិក។ ការការពារផលប្រយោជន៍ និងសិទ្ធិរបស់អ្នកប្រើប្រាស់មិនគួរត្រូវបានចាត់ទុកថាជាឧបសគ្គដល់អាជីវកម្មឡើយ។

ផ្ទុយទៅវិញ អាជីវកម្មដែលលក់ផលិតផល ឬសេវាកម្មទៀងត្រង់ និងបម្រើអតិថិជនរបស់ពួកគេដោយស្មើភាព ជាឧទាហរណ៍ ដោយការគោរពតាមការធានាអះអាង និងការធានាលើផលិតផល អាចពង្រីក មូលដ្ឋានអតិថិជន និងការប្រកួតប្រជែងរបស់ពួកគេ។ អ្នកតំណាងមកពីសហគមន៍ពាណិជ្ជកម្ម ក៏អាចដើរតួជាដៃគូដែលទុកចិត្តសម្រាប់រដ្ឋាភិបាលក្នុងការគាំទ្រដល់ការការពារអ្នកប្រើប្រាស់។

ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាលគ្រុប អ្នកឧកញ៉ា គិត ម៉េង បានសម្តែងការគាំទ្រដោយបញ្ជាក់ថា ច្បាប់នេះនឹងជួយបញ្ជ្រាបការយល់ដឹង និងការពារដល់ធុរជន អ្នកប្រើប្រាស់ ក្នុងប្រទេសកម្ពុជា កំឡុងពេលដែលប្រទេសកម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ ជារឿងមួយដែលធ្វើអោយប្រទេសកម្ពុជា និងប្រទេសជាសមាជិកអាស៊ាន និងសកលលោក នឹងមានការទំនាក់ទំនងគ្នា បង្កើនការទាក់ទាញអ្នកវិនិយោគ ធុរជនជាតិ-អន្តរជាតិ មកធ្វើធុរកិច្ច និងវិនិយោគក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ លោក ហ្វ្រាង យ៉ាត់ខឺ (Frank Jattke) ប្រធានក្រុមការងារអាស៊ាន នៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា បានលើកឡើងថា «ការធ្វើធុរកិច្ចប្រកបដោយសុចរិតយុត្តិធម៌ ទាំងតាមប្រព័ន្ធអនឡាញ និងមិនមែនអនឡាញ គឺជាកត្តាសំខាន់ជំរុញនូវភាពជោគជ័យក្នុងធុរកិច្ច ដោយសារក្រុមហ៊ុនដែលទទួលបានការពេញចិត្តពេញថ្លើមពីសំណាក់អតិថិជន ឬអ្នកប្រើប្រាស់អាចពង្រីកមូលដ្ឋានអតិថិជនរបស់ខ្លួនបានកាន់តែទូលំទូលាយ។ ព្រោះហេតុដូច្នេះហើយ ទើបកាលពីឆ្នាំ២០១៩ អាស៊ានបានបង្កើតមគ្គុទ្ទេសក៍សាមញ្ញមួយហៅថា ក្រមសីលធម៌ធុរកិច្ចតាមប្រព័ន្ធអនឡាញសម្រាប់អាស៊ាន ដែលក្នុងនោះបានបញ្ចូលនូវការប្តេជ្ញាចិត្តចំនួន១៥សម្រាប់ធុរកិច្ចប្រតិបត្តិតាម ដើម្បីផលប្រយោជន៍អ្នកប្រើប្រាស់ និងជាកិច្ចការពារដល់អ្នកប្រើប្រាស់» ។

លោក ហ្វ្រាង យ៉ាត់ខឺ បញ្ជាក់ថា ក្រមសីលធម៌នេះ ត្រូវបានគេរំពឹងថានឹងត្រូវយកទៅផ្សព្វផ្សាយនៅទូទាំងប្រទេសជាសមាជិកអាស៊ានទាំងអស់ ហើយវាក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងស្តារប្រទេសឡើងវិញក្រោយពីវិបត្តិនៃជំងឺរាតត្បាត។

គួររម្លឹកជូនថា ប្រទេសកម្ពុជាមានរបបគាំពារអ្នកប្រើប្រាស់ក្មេងជាងគេ នៅក្នុងតំបន់អាស៊ាន ហើយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានប្រកាសឱ្យប្រើប្រាស់កាលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្នុងនោះអគ្គនាយកដ្ឋាន ក.ប.ប. ដើរតួនាទីជាស្ថាប័នអនុវត្តសំខាន់ និងត្រូវបានប្រគល់នូវភារកិច្ចទាក់ទងនឹងការការពារអតិថិជន អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ ដោយឡែកគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប.) គឺជាស្ថាប័នគោលនយោបាយខ្ពស់ជាងគេ ហើយបច្ចុប្បន្នមានក្រសួងពាក់ព័ន្ធចំនួនប្រាំពីរផងដែរ៕