ជម្លោះការ​ទូត​ដ៏​ជូរ​ចត់​រយៈពេល​ ៣​ឆ្នាំ រវាងក្រុងប៉េកាំងនិងវ៉ាស៊ីនតោន ទាក់​ទង​សំណុំ​រឿង​កូនស្រីមហាសេដ្ឋី​ស្ថាបនិក Huawei​ ត្រូវបានបិទបញ្ចប់

អន្តរជាតិ
258 Shares

​ជម្លោះការ​ទូត​ដ៏​ជូរ​ចត់​រយៈពេល​ ៣​ឆ្នាំ​ រវាងទី​ក្រុងប៉េកាំង​ ​អូតាវ៉ា និងវ៉ាស៊ីនតោន​ ទាក់​ទង​សំណុំ​រឿង​កូនស្រី​ស្ថាបនិកក្រុមហ៊ុន​ Huawei​ ទំនង​ជា​ត្រូវ​បិទ​បញ្ចប់​ហើយ​ បន្ទាប់ពីចិន​​សម្រេច​ដោះលែង​ជនជាតិ​កាណាដា​ពីរ​នាក់​ពី​ពន្ធនាគារ​កាល​ពីថ្ងៃ​សុក្រ ខណៈ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Huawei អ្នកស្រី ម៉េង វ៉ាន់ចូវ​ ត្រូវ​បាន​ដោះ​លែង​នៅ​កាណាដា​។

“ជីវិត​របស់​ខ្ញុំ​មាន​ភាព​រញ៉េរញ៉ៃ​ និង​គួរ​ឲ្យ​ធុញទ្រាន់​ខ្លាំង​ណាស់ តែ​គ្រប់​ស្ថានការណ៍​លំបាក​គឺ​តែង​មាន​ពន្លឺ​នៃ​ក្ដី​សង្ឃឹម​ជានិច្ច។ ខ្ញុំ​នឹង​មិន​ភ្លេច​ឡើយ​រាល់​បំណង​ល្អៗ និង​ពាក្យ​ជូនពរ​ដែល​មនុស្ស​គ្រប់គ្នា​ទូទាំង​ពិភពលោក​បាន​ផ្ញើ​មក​កាន់​ខ្ញុំ”។ នេះ​គឺ​ជា​សម្ដី​របស់​អ្នកស្រី Meng ប្រាប់​ទៅ​កាន់​សារព័ត៌មាន មុន​ឡើង​យន្តហោះ​ Air China ទៅ​កាន់​ទីក្រុង​ Shenzhen។

សំណុំរឿងក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei​ ត្រូវបានគេមើលឃើញពីការបំពុលទំនាក់​ទំនងមើលមុខគ្នាមិនចំអស់រយៈពេលប្រមាណ ៣ឆ្នាំ ​រវាង​ប្រទេសចិន​ ជាមួយកាណាដា និងសហរដ្ឋអាមេរិក។​ ដំបូង​ឡើយ​ វាកើត​ចេញពី​ការចាប់ខ្លួន​អ្នកស្រី ម៉េង វ៉ាន់ចូវ ពី​សំណាក់​អាជ្ញាធរ​កាដាណា ទៅតាម​សំណើ​របស់​អាមេរិក​។ អាមេរិក​ដែល​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន Huawei ពី​បទ​ប៉ុន​ប៉ង​រំលោភ​ទណ្ឌកម្ម​អាមេរិក​លើ​អ៊ីរ៉ង់ និង​លួច​បច្ចេកវិទ្យាពី​ក្រុម​ហ៊ុន​អាមេរិក​។

មានវ័យ ៤៩ឆ្នាំ អ្នក​ស្រីវ៉ាន់ចូវ ត្រូវ​បាន​ក្រុង​វ៉ាស៊ីនតោន​ចោទថា បាន​លួច​លាក់​រំលោភ​វិធានការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ទៅលើ​អ៊ីរ៉ង់​ តាមរយៈ​ក្រុមហ៊ុន​ហុងកុង​មួយដែលជា​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់​ Huawei​ ឈ្មោះ Skycom ​ដែលបានលក់ឧបករណ៍ទូរគមនាគមន៍ទៅឲ្យប្រទេសអ៊ីរ៉ង់។ 

អ្នកស្រី​ ម៉េង វ៉ាន់ចូវ​ ជា​ប្រធាន​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​ ជា​អនុ​ប្រធាន​ក្រុមប្រឹក្សា​ភិបាលក្រុមហ៊ុន​ Huawei ផង​នោះ ត្រូវ​បាន​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី១​ ខែ​ធ្នូ ឆ្នាំ ២០១៨ នៅ​ពេល​ដែល​លោកស្រី​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​កាណាដា​។

រយៈពេល​ ៩ ថ្ងៃ​ បន្ទាប់ពី​ការ​ចាប់​ខ្លួន​លោកស្រី វ៉ាន់ចូវ ពោល​គឺ​នៅថ្ងៃទី ១០ ធ្នូ​ ឆ្នាំ​ ២០១៨​ អាជ្ញាធរ​ចិន​ បាន​ចាប់​ខ្លួន​ជនជាតិ​កាណាដាពីរ​នាក់ គឺ លោក Michael Kovrig ​អតីត​អ្នក​ការទូត​បម្រើ​ការ​ឲ្យ​អង្គការ​វិភាគ​នយោបាយ International Crisis Group និង​ម្នាក់​ទៀត​គឺ​លោក​ Michael Spavor ដែលជា​អ្នកធ្លាប់​ផ្តល់​​ប្រឹក្សា​ទំនាក់ទំនង​ជាមួ​យ​កូរ៉េខាង​ជើង​។

បណ្តាប្រទេសលោកខាងលិចបានចោទចិនថា ចាប់ជនជាតិកាណាដា ធ្វើជាចំណាប់ខ្មាំងកាទូត។ តែចិន​កាលណោះ​បាន​ឆ្លើយតបវិញថា ​ជនជាតិ​កាណាដា​ទាំង​ពីរនាក់​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ចារកម្ម​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ចិន​ ​ហើយនេះមិនមែន​ជា​សងសឹក​កាណាដា​ និង​យក​ពួកគេ​ទាំងពីរ​ជាកំណាប់ខ្មាំងកាទូត​ឲ្យ​កាណាដា​ដោះលែង​លោកស្រី ម៉េង វ៉ាន់ចូវ​ ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ Huawei ឡើយ​៕

ជម្លោះការ​ទូត​ដ៏​ជូរ​ចត់​រយៈពេល​ ៣​ឆ្នាំ រវាងក្រុងប៉េកាំងនិងវ៉ាស៊ីនតោន ទាក់​ទង​សំណុំ​រឿង​កូនស្រីមហាសេដ្ឋី​ស្ថាបនិក Huawei​ ត្រូវបានបិទបញ្ចប់
258 Shares