ទីបំផុត​សំណុំរឿង​ជាង ៣ ឆ្នាំ ​កូនស្រី​ស្ថាបនិក Huawei ជិត​រក​បាន​​ច្រក​ចេញ បញ្ចប់​ការ​មើល​មុខ​គ្នា​មិន​ចំ​រវាង​អាមេរិកនិង​ចិន

អន្តរជាតិ
108 Shares

បើ​យោងតាម​របាយការណ៍ថ្មី​បំផុត​បាន​ទម្លាយ​ឲ្យដឹង​ថា ​​អ្នកស្រី Meng នឹង​​ទទួល​បាន​សេរីភាព​ពេញទី​ ហើយ​អាច​វិល​ត្រឡប់​​ទៅ​កាន់​មាតុភូមិ​វិញ​ ក្រោយ​បាន​យល់ព្រម​លក្ខខណ្ឌ​មួយ​ចំនួន​ជាមួយ​តុលាការ​នៅ​ប្រទេស​កាណាដា។

កូនស្រី​ស្ថាបនិកក្រុមហ៊ុន Huawei អ្នកស្រី Meng Wanzhou ​ដែល​អាមេរិក​ចោទ​មានពាក់ព័ន្ធ​​ពី​បទ​បំពាន​លើ​ទណ្ឌកម្ម​លើ​ប្រទេស​អឺរ៉ង់ រហូត​ដល់មានការ​ផ្ទុះ​ជម្លោះ​រវាង​មហាអំណាច​ចិន​និង​អាមេរិក។​

“ជីវិត​របស់​ខ្ញុំ​មាន​ភាព​រញ៉េរញ៉ៃ​ និង​គួរ​ឲ្យ​ធុញទ្រាន់​ខ្លាំង​ណាស់ តែ​គ្រប់​ស្ថានការណ៍​លំបាក​គឺ​តែង​មាន​ពន្លឺ​នៃ​ក្ដី​សង្ឃឹម​ជានិច្ច។ ខ្ញុំ​នឹង​មិន​ភ្លេច​ឡើយ​រាល់​បំណង​ល្អៗ និង​ពាក្យ​ជូនពរ​ដែល​មនុស្ស​គ្រប់គ្នា​ទូទាំង​ពិភពលោក​បាន​ផ្ញើ​មក​កាន់​ខ្ញុំ”។ អ្នកស្រី Meng ប្រាប់​ទៅ​កាន់​សារព័ត៌មាន មុន​ឡើង​យន្តហោះ​ Air China ទៅ​កាន់​ទីក្រុង​ Shenzhen។

សម្រាប់​លក្ខខណ្ឌ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី Meng គឺ​កំពុង​ស្ថិត​នៅ​ក្នុង​ការពិចារណា​យ៉ាង​តឹង​សរសៃ​ក​រវាង​ប្រទេស​មហាអំណាច​ចិន និង​សហរដ្ឋអាមេរិក។

ការចរចា​នៅ​តែ​បន្ត តែ​នៅ​ថ្ងៃសុក្រ​ក្រសួង​យុត្តិធម៌​អាមេរិក​ហៅកាត់ DOJ បាន​យល់​ព្រម​ពន្យារពេល​កាត់​ទោស​អ្នកស្រី Meng។នេះ​មាន​ន័យថា DOJ នឹង​មិន​ធ្វើអ្វី​កូនស្រី​ស្ដេចត្រាញ់ Huawei ឡើយ​រហូត​ដល់​ខែធ្នូ ២០២២ ​ប្រសិន​បើ​លក្ខខណ្ឌ​នៃ​ការ​ដោះលែង​អាច​សម្រេច​បាន ស្របពេល​អ្នកស្រី​អាច​ប្រព្រឹត្តិ​ខ្ជាប់ខ្ជួន​​ថែម​ទៀត​នោះ សំណុំរឿង​ខាងលើ​នឹង​លុបចោល​ជា​មិនខាន។

បញ្ជាក់​ដែរ​ថា សហរដ្ឋអាមេរិក​បាន​ចោទ​ប្រកាន់​អ្នកស្រី Meng ថា​ជា​មេខ្លោង​នៃ​ការ​បំភ័ន្ត​ប្រតិបត្តិការ​ធនាគារ HSBC រវាង​ក្រុមហ៊ុន​ Huawei និង Skycom ដែល​បាន​នាំ​ឲ្យ​ធនាគារ​ក្លាយ​ជា​ឫសគល់​នៃ​ការ​បំពាន​ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​នឹង​អឺរ៉ង់។

តាំងពី​ពេល​នោះ​អ្នកស្រី​ Meng ត្រូវ​បាន​ឃ្លាំង​មើល​ និង​ឃុំ​ខ្លួន​នៅ​វីឡា​ក្នុង​ទីក្រុង Vancouver ប្រទេស​កាណាដា​រយៈពេល​ជិត ៣ ឆ្នាំ រហូត​ដល់​ថ្ងៃសុក្រ​កន្លង​ទៅ​នេះ​ទើប DOJ សម្រេច​ប្រកាស​បញ្ចប់​ការ​ឃុំខ្លួន​អ្នកស្រី។

យ៉ាងណា រឿង​នេះ​នៅ​មិនទាន់​ដាច់ស្រេច​ឡើយ ដោយ​​លក្ខខណ្ឌ​​ឲ្យ​មាន​ការ​ដោះលែង​ គឺ​តម្រូវ​ឲ្យ​អ្នកស្រី Meng សារភាព​ទោសកំហុស​ដែល​បាន​ប្រព្រឹត្ត​ខុស​ទៅ​កាន់​ធនាគារ HSBC ហើយ​អ្នកស្រី​ត្រូវ​យល់ព្រម​ទទួល​ខុសត្រូវ​ចំពោះ​គម្រោង​ការ​បន្លំ​ស្ថាប័ន​ហិរញ្ញវត្ថុ​ពិភពលោក​ផង​ដែរ។ យ៉ាងណា DOJ ក៏​មិន​ទាន់​អស់ចិត្ត​ដោយ​ពួកគេ​បង្ហើប​ថា​ បាន​កំពុង​រៀបចំ​ឯកសារ​ឡើង​តុលាការ​ជាមួយ​ក្រុមហ៊ុន​យក្ស Huawei ដែល​គ្រប់គ្រង​ដោយ​ឪពុក​បង្កើត​អ្នកស្រី​ Meng វិញ​ម្ដង៕

ប្រភព: bbc

ទីបំផុត​សំណុំរឿង​ជាង ៣ ឆ្នាំ ​កូនស្រី​ស្ថាបនិក Huawei ជិត​រក​បាន​​ច្រក​ចេញ បញ្ចប់​ការ​មើល​មុខ​គ្នា​មិន​ចំ​រវាង​អាមេរិកនិង​ចិន
108 Shares