ឧកញ៉ា ងួន ម៉េងតិច បង្ហាញ​សក្ដានុពល​សេដ្ឋកិច្ច​កម្ពុជា ទៅ​គណៈប្រតិភូខេត្តស៊ីឈួន​ប្រទេស​ចិន វិនិយោគ​មាន​ឱកាស​ចំណេញ​ច្រើន

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

កាល​ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូខេត្តស៊ីឈួន ដែល​ដឹក​នាំដោយលោក តាំង លីមីញ ទីប្រឹក្សាខេត្តស៊ីឈួន។

ជាកិច្ចចាប់ផ្តើម លោក តាំង លីមីញ បានកោតសរសើរអំពីការអភិវឌ្ឍន៍និងការរីក​ចម្រើន​យ៉ាងឆាប់​រហ័ស​របស់ប្រទេសកម្ពុជា និងបានបញ្ជាក់ថា គោលបំណងនៃជំនួបនេះ ធ្វើឡើង​ដើម្បី​ជម្រុញ​ទំនាក់​ទំនង កិច្ចសហប្រតិបត្តិការ និងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងខេត្តស៊ីឈួន ក្រោមគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ។ មិនតែប៉ុណ្ណោះលោក ក៏បានអញ្ជើញ និងស្វាគមន៍ ឧកញ៉ា អគ្គនាយក ក្នុង​ការ​ដឹក​នាំ​គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទៅទស្សនកិច្ចជាផ្លូវការនៅខេត្តស៊ីឈួន ក្នុងគោល​បំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងចាប់ដៃគូពាណិជ្ជកម្មផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ជាកិច្ចឆ្លើយតប ឧកញ៉ាអគ្គនាយក ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងមានសេចក្តី​សោមនស្ស​រីករាយ​យ៉ាងខ្លាំងក្នុងការពិភាក្សាជាមួយគណៈប្រតិភូខេត្តស៊ីឈួន។ លើសពីនេះទៅ​ទៀត ​ឧកញ៉ា បាន​យល់ព្រមតាមការអញ្ជើញរបស់លោក តាំង លីមីញ ក្នុងការដឹកនាំ​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជាទៅកាន់ខេត្តស៊ីឈួន នៅខែមីនា ឬមេសា នៅឆ្នាំ២០២០ នាពេល​សមស្រប​ណាមួយ។ លោកឧកញ៉ា ក៏បានលើកទឹកចិត្តដល់ធុរជនខេត្តស៊ីឈួន បន្តវិនិយោគមកកាន់​ប្រទេស​កម្ពុជា​អោយ​បានកាន់តែច្រើនឡើង ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។


គួរជម្រាបផងដែរថា ខេត្តស៊ីឈួន ស្ថិតនៅភាគនិរតីនៃប្រទេសចិន និងត្រូវបានគេស្គាល់ជា​ប្រវត្តិ​សាស្ត្រ​ថាជាខេត្តនៃភាពបរិបូរណ៍។ ស៊ីឈួន គឺជាមូលដ្ឋានផលិតកម្មកសិកម្មដ៏​សំខាន់​មួយ​របស់ប្រទេសចិន និងជាខេត្តដែលសំបូរទៅដោយធនធានរ៉ែ។ មិនតែប៉ុណ្ណោះ ស៊ីឈួន គឺជាមជ្ឈ​មណ្ឌល​ឧស្សាហកម្មដ៏សំខាន់មួយរបស់ប្រទេសចិន។ ក្រៅពីឧស្សាហកម្មធុនធ្ងន់ដូចជាធ្យូងថ្ម ថាមពល ដែកនិងដែកថែប ខេត្តស៊ីឈួនក៏បានបង្កើតវិស័យ​ឧស្សាហកម្មធុនស្រាលផងដែររួមមាន​វត្ថុធាតុដើម ​សំណង់ កែច្នៃឈើ ម្ហូបអាហារ និងកែច្នៃសូត្រ៕


ប្រភព៖ សភាពាណិជ្ជកម្មកម្ពុជា Cambodia Chamber of Commerce