ស្កាយលែនរីសត របស់​ ឧកញ៉ា ស្រី ចាន់ថន ជាប់ជ័យលាភី លេខ១ ជា​ រមណីយដ្ឋានទេសចរណ៍​គំរូ​ឆ្នាំ២០១៩..

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
0 Shares

ឆ្លងកាត់ការវាយតម្លៃចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ ដោយផ្អែកទៅលើ​គោលការណ៍ណែ​នាំស្តីពី រមណីយដ្ឋានទេសចរណ៍គំរូ ក្រសួងទេសចរណ៍ បានរកឃើញជ័យលាភី​រមណីយដ្ឋាន​ទេសចរណ៍គំរូ សម្រាប់ឆ្នាំ២០១៩នេះ គឺមានចំនួន២៦រមណីយដ្ឋាន ក្នុងក៏មាន​រមណី​យដ្ឋាន​ទេសចរណ៍ «ស្កាយលែនរីសត» ដែលស្ថិតនៅក្នុងទឹកដីខេត្តកណ្ដាល​របស់​លោក​ឧកញ៉ា​ចិត្ត​ធម៌ ស្រី ចាន់ថន បានជាប់ជ័យលាភីសម្រាប់ឆ្នាំ២០១៩ផងដែរ។

សិក្ខាសាលាបូកសរុបស្ដីពី ការប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី៣ ឆ្នាំ២០១៩ នេះ​ធ្វើឡើងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ដែលបានផ្ដល់កិត្តយសអញ្ជើញប្រគល់ពាន់រង្វាន់ជូនម្ចាស់ និងតំណាង​រមណីយដ្ឋាន​ទេសចរណ៍គំរូទាំង២៦ ប្រកបដោយក្ដីសោមនស្ស ជាមួយអនុសាសន៍ល្អៗ សម្រាប់ឱ្យរមណីយដ្ឋាន​ទេសចរណ៍នានាយកទៅអនុវត្តបន្តទៅមុខទៀត សំដៅបង្កើនការ​ទាក់ទាញ​ភ្ញៀវទេសចរកាន់​តែ​ច្រើន​។

រមណីយដ្ឋានទេសចរណ៍ «ស្កាយលែនរីសត» ដែលមានទីតាំងស្ថិតនៅក្នុងទឹកដីខេត្តកណ្ដាល ជា​តំបន់ទេសចរកែច្នៃ ដែលមាន​ប្រជាពលរដ្ឋនិយមទៅលេង​កម្សាន្តយ៉ាងច្រើនកុះករដោយ​សំលឹង​មើល​ឃើញមានហេដ្ឋានរចនាសម្ព័ន្ធថ្មីៗទាន់សម័យ កាន់តែពិសេសជាងនេះទៅទៀតនោះ ស្កាយ​លែនរីសត​ ក៏ជាតំបន់មានសក្ដានុពលខ្លាំង ដែលអាចអោយភ្ញៀវទេសចរទស្សនានូវដីឡូត៍ ផ្ទះល្វែង ផ្សារ និងតំបន់អភិវឌ្ឍន៍ជាច្រើនទៀត ទាំងអស់នេះគឺជាការខិតខំប្រឹងប្រែងរបស់លោកឧកញ៉ា ស្រី ចាន់ថន​ ដែលគេស្គាល់ថាជាឧកញ៉ាចិត្តធម៌មួយរូប តែងតែមានគំនិតនាំយកនូវ​អ្វីដែលប្លែក​និងពេញ​និយមទាន់​សម័យ យកបង្កើតក្នុងរមណីដ្ឋាននេះដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តជាតិ ក្នុង​គោលបំណងលើកកំពស់ដល់ជីវភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះអោយមានជីវភាពកាន់តែល្អប្រសើរឡើង ស្របតាមគោលនិយោបាយរបស់​រាជរដ្ឋាភិបាលកម្ពុជាដែលមាន​ការអភិវឌ្ឍន៍​ឥតឈប់ឈរ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថាសម្រាប់ឆ្នាំ២០១៩នេះ មានបេក្ខភាពចូលរួមការប្រលងប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​លើកទី៣ មានចំនួន ៥៣ មកពី ២២រាជធានី-ខេត្ត ហើយចំនួននេះមានការកើន​ឡើង​ធៀប​នឹងការប្រលងប្រណាំងឆ្នាំ២០១៨ ដែលមានបេក្ខភាពចូលរួមត្រឹមតែ ៤៥បេក្ខភាព មកពី ២៣​រាជធានី-ខេត្តប៉ុណ្ណោះ៕


ប្រភព៖ TNB
អត្ថបទ មាស សុវណ្ណរតនា

0 Shares
Loading...