ទីបំផុត រថយន្តលំដាប់សេដ្ឋី Rolls Royce ប្រកាសចូលប្រជែងទីផ្សាររថយន្តអគ្គិសនី

អន្តរជាតិ
63 Shares

ក្រុមហ៊ុនផលិតរថយន្តប្រណីត Rolls-Royce បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្លួននឹងផលិតតែប្រភេទអគ្គិសនីដាក់លក់នៅលើទីផ្សារប៉ុណ្ណោះ នៅត្រឹមឆ្នាំ ២០៣០ ខាងមុខ ដោយនេះមានន័យថាពួកគេនឹងចូលរួមជាមួយម៉ាករថយន្តកំពូលៗ ផ្សេងទៀត ដូចជា Bentley របស់ក្រុមហ៊ុន Volkswagen និង Land Rover របស់ក្រុមហ៊ុន Jaguar ដែលបានងាកមកផលិតរថយន្តដើរដោយថាមពលអគ្គិសនី ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Rolls-Royce ដែលជាបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុន BMW បាននិយាយនៅក្នុងសេចក្តីថ្លែងការមួយថា រថយន្តដើរដោយថាមពលអគ្គិសនីដំបូងបង្អស់របស់ខ្លួន ដែលមានឈ្មោះថា “Spectre”  នឹងត្រូវដាក់លក់នៅលើទីផ្សារនៅត្រីមាសទី ៤ នៃឆ្នាំ ២០២៣  ស្របពេលការតេស្តសាកល្បង នឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខ ។

លោក Torsten Muller-Otvos នាយកប្រតិបត្តិក្រុមហ៊ុន Rolls-Royce ដែលមានទីស្នាក់ការនៅក្នុងប្រទេសអង់គ្លេស បាននិយាយថា ៖ ” ជាមួយនឹងផលិតផលថ្មីនេះ យើងបានកំណត់គោលដៅឆ្ពោះទៅ រកការផលិតតែរថយន្តអគ្គិសនីប៉ុណ្ណោះ នៅត្រឹមឆ្នាំ ២០៣០។ ហើយចាប់ពីពេលនោះទៅ Rolls-Royce នឹងមិនផលិត ឬលក់រថយន្តប្រើចំហេះប្រេងឥន្ធន:ទៀតនោះឡើយ ” ។

ដោយឡែក ក្រុមហ៊ុន BMW មិនបានកំណត់យកកាលបរិច្ឆេតជាក់លាក់ណាមួយ ដើម្បីបញ្ចប់ការផលិតរថយន្តប្រើចំហេះប្រេងឥន្ធន:របស់ខ្លួន នោះទេ តែផ្ទុយទៅវិញពួកគេបានដាក់គោលដៅផលិតរថយន្តដើរដោយថាមពលអគ្គិសនីចំនួន ៥០% នៅត្រឹមឆ្នាំ ២០៣០ ប៉ុន្តែសម្រាប់ក្រុមហ៊ុន Mini ដែលជាក្រហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនវិញ បានប្រកាសកាលពីខែមីនាថា ខ្លួននឹងដំណើការផលិតតែរថយន្តអគ្គិសនី នៅដំណាច់ទសវត្សនេះ ៕

ប្រភព: Kelo.com

ទីបំផុត រថយន្តលំដាប់សេដ្ឋី Rolls Royce ប្រកាសចូលប្រជែងទីផ្សាររថយន្តអគ្គិសនី
63 Shares