ពិត​ជា​ចិត្ត​សប្បុរស​មែន ឧកញ៉ា នួន អក បរិច្ចាគ​ថវិកា​ ៤,០០០​ដុល្លារ​ជា​រៀង​រាល់​ខែ ជួយ​ដល់​មណ្ឌល​កុមារកំព្រា​​មួយ ក្នុង​ខេត្ត កំពង់ស្ពឺ

Uncategorized
0 Shares

ឧកញ៉ា នួន អក បាន​បរិច្ចាគ​ថវិកា​ចំនួន ៤,០០០​ដុល្លារ​ជា​រៀងរាល់ខែ ដល់​មណ្ឌល​កុមារកំព្រា​មួយ ដែល​ស្ថិតនៅ​ភូមិ​ព្រៃ​ជុំ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ លោក ឧកញ៉ា​បាន​បញ្ជាក់ថា ការផ្តល់ជូន​ថវិកា​សប្បុរសធម៌​ដល់​មណ្ឌលកុមារ​កំព្រា​នេះ នឹងធ្វើ​ឡើងជា​រៀងរាល់ខែ​ដែលមាន​រយៈពេល​២០​ឆ្នាំ ដើម្បី​ជួយ​ក្មេង​កំព្រា​នៅក្នុង​មណ្ឌល​នោះ ឱ្យទទួល​បាន​អាហារ សម្លៀកបំពាក់ និង​ការសិក្សា​គ្រប់គ្រាន់​។

​កាលពី​ថ្ងៃទី ៥ វិច្ឆិកា ឆ្នាំ​២០១៩ ឧកញ៉ា នួន អក ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​គ្រូ​បង្វឹក​ផ្នែក​អចលនទ្រព្យ​ឆ្នើម និង​ជា​អ្នកជំនួញ​ដ៏​ជោគជ័យ​មួយរូប​នោះ ធ្វើដំណើរ​ទៅ​មណ្ឌលកុមារ​កំព្រា​មួយ​កន្លែង ដែល​ស្ថិតនៅ​ភូមិ​ព្រៃ​ជុំ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បី​ប្រគល់​ថវិកា​សប្បុរស ចំនួន ៤,០០០​ដុល្លារ និង​សម្ភារ​ចំ​បាច់​មួយចំនួនទៀត ដូចជា សម្ភារ​សិក្សា អង្ករ និង​សម្លៀកបំពាក់​ជាដើម​។​

​ថវិកា​នេះ ត្រូវបាន​ប្រគល់​ទៅ​លោក នូវ សារ៉ាត់ ប្រធាន​មណ្ឌល​កុមារកំព្រា​ឈ្មោះថា មណ្ឌលកុមារ​កំព្រា ឧកញ៉ា នួន អក ព្រៃ​ជុំ​។ បើតាម ឧកញ៉ា នួន អក បាន​បញ្ជាក់ថា គិត​មកទល់ពេលនេះ គឺមាន​រយៈពេល​៨​ខែ​ហើយ ដែល​លោក​បានប្រគល់​ថវិកា​ប្រចាំខែ​ជូន​មណ្ឌលកុមារ​កំព្រា​នេះ រួម​ជាមួយនឹង​សម្ភារ​ចំ​បាច់​មួយចំនួនទៀត ដូចជា​សម្ភារ​សិក្សា អង្ករ និង​សម្លៀកបំពាក់​ជាដើម​។



សប្បុ​ជន​ដដែល បាន​បញ្ជាក់​នៅក្នុងពេល​ប្រគល់​ប្រាក់ឧបត្ថម្ភ​ថា ក្មេង​កំព្រា​ទាំងនោះ ក្រៅពី​ទទួល​បានការ​ទំនុប​បម្រុង ផ្នែក​អាហារ ស្នាក់នៅ និង​សិក្សា​រៀនសូត្រ​ចប់​សញ្ញាបត្រ​ទុតិយភូមិ​(​បាក់​ឌុប​)​ហើយ​នោះ លោកឧកញ៉ា ​នឹង​បន្ត​ជួយ​ដល់​ក្មេង​កំព្រា​ទាំងនោះ​ទៀត ឱ្យទទួល​បានការ​សិក្សា​នៅ​សាកលវិទ្យាល័យ​នានា ទៅតាម​ជំនាញ​ដែល​ពួកគេ​ស្រលាញ់ និង​ចូលចិត្ត​រៀងៗ​ខ្លួន រហូត​ទទួលបាន​ការងារ​ធ្វើ​ប្រចាំជីវិត​។ លោក​បាន​និយាយ​ដូច្នេះ​៖«​ក្មេងៗ​គឺ​ទំពាំង​ស្នង​ឬ​ស្សី ហើយ​ការអភិវឌ្ឍ​ធនធានមនុស្ស គឺជា​ការជួយ​យ៉ាងខ្លាំង​ដល់​ប្រទេសជាតិ​»​។

​នៅក្នុង​ឱកាស​នេះដែរ ឧកញ៉ា នួន អក ក៏បាន​ប្រកាស​ស្វែងរក​ជំនួយ​បន្ថែមទៀត ដើម្បី​ពង្រីក​មណ្ឌលកុមារ​កំព្រា​នេះ សម្រាប់​ជួយ​ដល់​ក្មេង​កំព្រា​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​។ បច្ចុប្បន្ន នៅ​មណ្ឌល​កុមារកំព្រា​នេះ មានលទ្ធភាព​អាចជួយ​ក្មេង​កំព្រា​បាន​ជិត​៥០​នាក់ ប៉ុណ្ណោះ​។ បើតាមឧកញ៉ា នួន អក ក្រៅពី​ជួយ​ដល់​មណ្ឌល​កុមារកំព្រា ក្នុង​ខេត្តកំពង់ស្ពឺ​នេះ លោក​ឧកញ៉ា ក៏បាន​ជួយឧបត្ថម្ភ ថវិកា​ដល់​ម​ណ្ទ​ល​កុមារកំព្រា​មួយកន្លែង​ទៀត នៅក្នុង​ខេត្តសៀមរាប ចំនួន​៤០០០​ដុល្លារ​ក្នុង​មួយខែ​ផងដែរ​៕


ប្រភព៖ ​ថ្មីៗ

0 Shares
Loading...