គម្រោងបើកដំណើរការប្រទេសឡើងវិញនឹងត្រូវលុបចោល ប្រសិនបើក្រោយភ្ជុំបិណ្ឌមានអ្នកឆ្លងកូវីដច្រើន

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈសារជាសំឡេងនៅព្រឹកថ្ងៃទី៦ តុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងក្តីបារម្ភ និងស្ថានភាពចម្លងជំងឺកូវីដ១៩ ក្រោយបុណ្យភ្ជុំបិណ្ឌ។ ថ្លែងបែបនេះ ខណៈពេលដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសកំពុងដើរលេងកម្សាន្តនៅតាមបណ្តារម្មណីយដ្ឋាន ឆ្នេរសមុទ្រ យ៉ាងសប្បាយរីករាយក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរអ្នកកាន់ពុទ្ធសាសនា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យមានការដើរលេខកំសាន្តក្នុងឱកាសភ្ជុំបិណ្ឌ គឺជាការសាកល្បងដ៏ធំរបស់រាជរដ្ឋាភិបាល ចំពោះបញ្ហាកូវីដ-១៩។ បើតាមសម្តេចតេជោ ប្រសិនបើក្រោយភ្ជុំបិណ្ឌ កម្ពុជាមានករណីឆ្លងកូវីដច្រើន ហើយប្រជាជនស្លាប់បាត់បង់ជីវិតដោយសារកូវីដនោះ គម្រោងបើកដំណើរការប្រទេសជាតិឡើងវិញនឹងត្រូវលុបចោល។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «យើងបានប្រុងប្រៀបខ្លួន ដើម្បីនឹងទទួលយកនូវសភាពការណ៍​អាក្រក់ ដែលអាចនឹងកើតមានឡើង ដូចជាករណីនៅឥណ្ឌា បន្ទាប់ពីពិធីសាសនារួចហើយ ការឆ្លងរីករាលដាល បានបង្កឲ្យមានការស្លាប់ ឆ្លង និងស្លាប់យ៉ាងច្រើន….សម្រាប់កម្ពុជាយើងវិញ ករណីយើងក៏ត្រូវត្រៀមបម្រុងទុក នូវករណីអាក្រក់ ដែលអាចកើតមានឡើង​ សម្រាប់សុខភាពសាធារណៈ ក៏ដូចជាសុខភាពរបស់ប្រជាជន របស់យើងផងដែរ»។

សម្តេចតេជោបញ្ជាក់បន្ថែមថា ប៉ុន្តែប្រសិនក្រោយភ្ជុំបិណ្ឌ មិនមានករណីឆ្លងច្រើន វានឹងបង្ហាញពីភាពជោគជ័យ ហើយប្រជាជននៅទូទាំងប្រទេសនឹងចូលរួមសប្បាយរីករាយទាំងអស់គ្នា ហើយគម្រោងបើកដំណើរកំសាន្តនៅទូទាំងប្រទេសឡើវិញផងដែរ៕