វៀតណាម​ប្រកាស​គម្រោងសាងសង់​កំពង់​ផែ​​បន្ថែម ចាយ​ថវិកា​ខ្ទង់ ១៣ ពាន់​លានដុល្លារ

អន្តរជាតិ
102 Shares

កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ប្រទេស​វៀតណាម​បាន​ប្រកាស​ពី​គម្រោង​ថ្មី ដោយ​ចង់​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ​ទៅ​កាន់​ប្រទេស​នៅ​តំបន់​អឺរ៉ុប ដែល​នោះ​គឺ​នឹង​សាងសង់​កំពង់​ផែ​ជាច្រើន​កន្លែង ជាមួយ​ថវិកា​សាងសង់​ប្រមាណ ១៣,៧ ពាន់​លាន​ដុល្លារ​ឯណោះ។

គម្រោង​នោះ​នឹង​មាន​ការ​សាងសង់​កំពង់ផែ​ធំ ២ នៅ​តំបន់ Nam Do Son ភាគ​ខាងជើង​នៃ​ទីក្រុង Hai Phong និង​មួយ​ទៀត​នៅ​តំបន់ Cai Mep ភាគ​ខាងត្បូង​នៃ​ខេត្ត Ba Ria-Vung Tau ខណៈ​បើ​តាម​ការ​អះអាង​ពី​រដ្ឋាភិបាល គឺ​គម្រោង​នេះ​នឹង​ចាយ​ពេល​ចន្លោះ​ពី​ឆ្នាំ ២០២១-២០៣០ ជាមួយ​ចក្ខុវិស័យ​ដល់​ឆ្នាំ ២០៥០​ផង​ដែរ។

កំពង់ផែ​ខ្នាត​ធំ​ទាំង ២ នេះ​ នឹង​ដើរតួ​ជា​កន្លែង​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​សម្រាប់​ការ​នាំចេញ​ទំនិញ​ពី​ប្រទេស​វៀតណាម​ ទៅកាន់​ទីផ្សារ​តំបន់​អឺរ៉ុប​និង​អាមេរិក​ដោយ​ផ្ទាល់​តែ​ម្ដង និង​មិន​ចាំបាច់​ត្រូវ​ចូល​កំពង់ផែ​ប្រទេស​ផ្សេងៗ​ដូច​សព្វថ្ងៃ​ឡើយ។

ក្រៅពី​កំពង់​ផែ​អន្តរជាតិ ២ ខាងលើ នៅ​មាន​កំពង់ផែ ៣៤ កន្លែង​ផ្សេង​ទៀត​ដែល​នឹង​ត្រូវ​បែងចែក​តាម​លំដាប់​លំដោយ​ដូចជា លំដាប់​ទី ១, ២ និង ៣ ស៊ីសង​លើ​ផ្នែក​ទំនិញ​ និង​ទីតាំង​។ កំពង់ផែ​អន្តរជាតិ​ និង​លំដាប់ថ្នាក់​ទី ១ នឹង​ភ្ជាប់​ជាមួយ​ផ្លូវថ្នល់​ និង​ខ្សែ​រថភ្លើង​ពិសេស ស្របពេល​កំពង់ផែ​តូចៗ​ដែល​នៅ​តំបន់​ជ្រៅៗ នឹង​ត្រូវ​ដកចេញ​។

ដោយឡែក បើ​តាម​ការ​លើកឡើង​ពី​ក្រសួង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​កំពង់ផែ​ជា​មធ្យោបាយ​ធ្វើ​ពាណិជ្ជកម្ម​ គឺ​ចំណេញ​ទាំង​ថ្លៃ​ដឹក កាត់​បន្ថយ​សម្ពាធ​ផ្លូវថ្នល់ និង​មិន​សូវ​មាន​ហានិភ័យ​ថែម​ទៀត។

រី​ឯ​ថវិកា​នៃ​គម្រោង​ខ្នាត​យក្ស​នេះ​ផង​ដែរ គឺ​ ៩៥% នឹង​ជា​មូលនិធិ​ទទួល​បាន​ពី​ក្រុមហ៊ុន​ឯកជន​នានា និង​ប្រភព​ស្របច្បាប់​ជា​ច្រើន​ទៀត​៕

ប្រភព: vnexpress

វៀតណាម​ប្រកាស​គម្រោងសាងសង់​កំពង់​ផែ​​បន្ថែម ចាយ​ថវិកា​ខ្ទង់ ១៣ ពាន់​លានដុល្លារ
102 Shares