ព្រឹកនេះគណៈរដ្ឋមន្រ្តីសម្រេចអនុម័ត និងបន្ថែមពាក្យពេចន៍មួយចំនួនលើ “សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន”

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានឲ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៨ ខែតុលានេះ បានសម្រេចអនុម័ត និងបន្ថែមពាក្យពេចន៍មួយចំនួនលើ “សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន” ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាក្របខណ្ឌគតិយុត្តដ៏សំខាន់មួយ ដែលនឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទាញចំពោះវិស័យឯកជនពីបរទេសនិងក្នុងស្រុក ដើម្បីចូលរួម និងជំរុញការអភិវឌ្ឍគម្រោងវិនិយោគសាធារណៈ តាមយន្តការ ភ.រ.ជ ជាតម្រូវការចាំបាច់ក្នុងការទ្រទ្រង់ចីរភាពកំណើនសេដ្ឋកិច្ចរយៈពេលវែង, ការបង្កើនសមត្ថភាពប្រកួតប្រជែង, និងការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា។

សេចក្តីព្រាងច្បាប់ដដែរនេះ នឹងបង្កើតបានក្របខណ្ឌគតិយុត្តមួយ ដែលមានភាពច្បាស់លាស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព និងបំពេញបន្ថែមនូវនីតិវិធី និងគោលការណ៍ណែនាំចាំបាច់មួយចំនួនទៀត ដែលច្បាប់ស្តីពីសម្បទានមិនមានចែង ដោយម្យ៉ាង គឺដើម្បីធានាបានថា ដំណើរការរៀបចំអភិវឌ្ឍគម្រោង តាមយន្តការ ភ.រ.ជ ប្រព្រឹត្តទៅដោយអនុលោមតាមក្របខណ្ឌនិងនីតិវិធីរួមមួយ ដែលបានផ្តល់និង/ឬសន្យានឹងផ្តល់ការគាំទ្ររបស់រដ្ឋជាផ្នែកហិរញ្ញវត្ថុនិង/ឬការគាំទ្រផ្សេងទៀត សម្រាប់គម្រោង។

ទន្ទឹមនឹងនេះ សេចក្តីព្រាងច្បាប់នេះ ក៏ដាក់ចេញផងដែរនូវនីតិវិធីលទ្ធកម្មជ្រើសរើសដៃគូឯកជនដើម្បីអនុវត្តគម្រោង ភ.រ.ជ ទីប្រឹក្សាគាំទ្រដល់ការរៀបចំអភិវឌ្ឍ និងអនុវត្តគម្រោងភ.រ.ជ ក្របខណ្ឌសម្រាប់គ្រប់គ្រង និងតាមដានការអនុវត្តគម្រោងភ.រ.ជ និងយន្តការគាំទ្រហិរញ្ញវត្ថុ ព្រមទាំងការលើកទឹកចិត្តវិនិយោគសម្រាប់គម្រោងភ.រ.ជ។

ក្នុងន័យនេះ សេចក្តីព្រោងច្បាប់ស្តីពី ភ.រ.ជ នេះ នឹងក្លាយជាក្របខណ្ឌគតិយុត្តដ៏សំខាន់មួយ ក្នុងការបង្កើតបរិស្ថានអំណោយផល ដើម្បីបន្តជំរុញការចូលរួមរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ សំដៅជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលដែលវិបត្តិនៃជំងឺកូវីដ-១៩ថមថយ និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងសកលលោក៕