​ស៊ីប​ប្រទេស​កោះតូច​មួយ​នៅ​អឺរ៉ុប មាន​លក្ខខណ្ឌ​ល្អ​ពីរប្រទេស​ផ្សេង​ពិបាក​ធ្វើ​បាន​ ទើបអ្នកមានៗ​​ហ៊ាន​ចាយ​លុយ​រាប់​លាន​ដុល្លារ​ទៅ​វិនិយោគ

អន្តរជាតិ
299 Shares

កោះ​ស៊ីប ដែល​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា សាធារណរដ្ឋ​ស៊ីប​គឺ​មាន​ទីតាំង​លើ​មហាសមុទ្រ​មេឌីទែរ៉ាណេ​ខាងកើត និង​ជា​កោះ​ធំ​ទី ៣ និង​មាន​ប្រជាជន​ច្រើន​បំផុត​ទី ៣ នៃ​តំបន់​មួយ​នេះ។

ថ្វី​បើ​ជា​កោះ​តូច​មាន​ទំហំ​ប្រមាណ ៩ ២៥១ គីឡូ​ម៉ែត្រការ៉េ​ពិតមែន តែ​ស៊ីប​ជា​ប្រទេស​ដែល​ទាក់ទាញ​វិនិយោគិន​ជាច្រើន​ឲ្យ​ចូល​ទៅ​វិនិយោគ​នៅ​ក្នុង​ប្រទេស​របស់ខ្លួន។​ ជាក់ស្ដែង​កាលពី​ឆ្នាំ ២០០១ ស៊ីប​ត្រូវ​បាន​ធនាគារ​ពិភពលោក​ចាត់ទុក​ជា​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​បំផុត​មួយ​លើ​លោក។

កត្តាលក្ខខណ្ឌអំំណោយ​ផល​ពីរ​ចំណុច​ទើប​កោះ​ដ៏ស្រស់ស្អាត​នេះ ទាក់ទាញ​អ្នក​មាន​ៗ​ចង់​ទៅវិនិយោគ​ គឺ​ការប្រើប្រាស់​រូបិយប័ណ្ណ​លុយអឺរ៉ូ រួមទាំង​ងាយស្រួល​ក្នុង​ការ​ស្នើសុំ​លិខិត​ឆ្លងដែន​។

បច្ចុប្បន្ន រូបិយប័ណ្ណ​ដែល​កំពុង​ចរាចរ​នៅ​ក្នុង​ប្រទេស​គឺ លុយ​អឺរ៉ូ​ដែល​អាច​ចាយ​បាន​ទូទាំង​តំបន់​អឺរ៉ុប ហើយ​នេះ​គឺ​ជា​កត្តា​មួយ​នាំ​ឲ្យ​វិនិយោគិន​ជាច្រើន​ពេញចិត្ត​នឹង​បណ្ដាក់ទុន​នៅ​ក្នុង​ប្រទេស។

ក្រៅពី​កត្តា​រូបិយប័ណ្ណ​ ក៏​មាន​កត្តា​ច្រើន​ផ្សេង​ទៀត​ដូចជា កត្តា​អាកាសធាតុ​ល្អ ទី​ជនបទ​ស្រស់​ស្អាត ជាមួយ​ទស្សនីយភាព​សមុទ្រ​ស្រស់​បំព្រង រដ្ឋាភិបាល​ស្ថិរភាព​ ដំណើរ​សេដ្ឋកិច្ច​ល្អ ជាមួយ​ទីផ្សារ​ធំ​ទូលាយ​។

ដោយឡែក​មូលហេតុ​សំខាន់​បំផុត​ដែល​ធ្វើ​ឲ្យ​ស៊ីប​ក្លាយជា​គោលដៅ​សម្រាប់​វិនិយោគិន​គឺ ងាយស្រួល​ដល់​ការ​ស្នើសុំ​លិខិត​ឆ្លងដែន​ទី ២ ជាពិសេស​សម្រាប់​បុគ្គល​ដែល​មាន​គោលបំណង​មក​បណ្ដាក់ទុន​នៅ​ក្នុង​ប្រទេស។

រីឯ​ការ​ស្នើសុំ​លិខិត​ឆ្លងដែន​ទៀតសោត​ គឺ​ចាយ​ពេល​ខ្លី​ប៉ុណ្ណោះ ពោល​ត្រឹម ៦ ខែ ខណៈ​ប្រជាជន​ដែល​កាន់​លិខិតឆ្លងដែន​ស៊ីប​គឺ​អាច​ធ្វើ​ដំណើរ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទិដ្ឋាការ​ដល់​ទៅ ១៧១ ប្រទេស។

ដើម្បី​អាច​ទទួល​បាន​លិខិតឆ្លងដែន​ស៊ីប បុគ្គល​ម្នាក់​ត្រូវ​ចំណាយ​តិច​បំផុត ២,១៥ លាន​អឺរ៉ូ ទៅលើ​ការ​វិនិយោគ​ក្នុង​ប្រទេស ហើយ​មធ្យោបាយ​ពេញ​និយម​បំផុត​គឺ​វិនិយោគ ២ លាន​អឺរ៉ូ​ទៅ​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​រយៈពេល ៥ ឆ្នាំ ខណៈ ១៥ ម៉ឺន​អឺរ៉ូ​ផ្សេង​ទៀត​ឧបត្ថម្ភ​ទៅ​កាន់​រដ្ឋាភិបាល​ក្នុង​ការ​ស្រាវជ្រាវ​អ្វី​មួយ​។

ជាក់ស្ដែង​ចំនួន​វិនិយោគិន​នៅក្នុង​ប្រទេស​ស៊ីប​ក្នុង​មួយឆ្នាំៗ​ គឺ​មាន​ចំនួន​ដល់​ទៅ ៧០០ នាក់ ស្របពេល​ចំណុច​ពិសេស​មួយ​ទៀត​នោះ គឺ​បុគ្គល​អាយុ​ក្រោម ២៨ ឆ្នាំ​អាច​មាន​សិទ្ធិ​ស្នើសុំ​សញ្ជាតិ ហើយ​សូម្បី​តែ​បុគ្គល​ចំណាស់​អាយុ​ច្រើនជាង ៦៥ ឆ្នាំ​ក៏​អាច​ស្នើសុំ​សញ្ជាតិ​នេះ​បាន​ដូចគ្នា៕

ប្រភព: Forbes

​ស៊ីប​ប្រទេស​កោះតូច​មួយ​នៅ​អឺរ៉ុប មាន​លក្ខខណ្ឌ​ល្អ​ពីរប្រទេស​ផ្សេង​ពិបាក​ធ្វើ​បាន​ ទើបអ្នកមានៗ​​ហ៊ាន​ចាយ​លុយ​រាប់​លាន​ដុល្លារ​ទៅ​វិនិយោគ
299 Shares