មន្រ្តីជំនាញបញ្ជាក់ចម្លាក់​ថ្មកែវរូបផ្តិលដ៏ធំ ជំនួស​ដើម​ពោធិ៍ ដែល​ត្រូវ​ទៅ​នឹង​ឈ្មោះ​ខេត្តពោធិ៍សាត់

សង្គម​និង​សេដ្ឋកិច្ច

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្ត​ពោធិ៍សាត់ ត្រូវបានមើលឃើញថា កំពុងមាន​សក្ដានុពល​សេដ្ឋកិច្ច​សំខាន់ៗ​ទៅលើ​វិស័យពាណិជ្ជកម្ម ​កសិកម្ម នេសាទ ការ​ទាញ​យក​អនុផល​ព្រៃឈើ ​នឹងធនធាន​ថ្មកែវ។ ដើម្បី​បង្ហាញ​ពី​សក្ដានុពល​នៃ​ចម្លាក់​ថ្មកែវ អាជ្ញាធរ បាន​សម្រេច​សាងសង់​រូប​ផ្ដិល​ដ៏​ធំ​នៅ​ចំកណ្ដាល​ទ្រូង​ផ្លូវ​ជាតិ​លេខ​៥​​ នា​ក្រុង​ពោធិ៍សាត់ នៅ​ដើម​ឆ្នាំ​២០១៤ ជានិមិត្តសញ្ញាសម្គាល់របស់ខេត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឡាច ផេងលី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ពោធិ៍សាត់ បានអះអាងក្នុង​ការ​សម្រេច​ដាក់​រូប​សំណាក​ផ្ដិល ជំនួស​ដើម​ពោធិ៍ ដែល​ត្រូវ​ទៅ​នឹង​ឈ្មោះ​ខេត្ត និង​ប្រវត្តិ​ទាក់ទង​តាំង​ពី​ព្រេងនាយ​នោះ​ថា ការ​ពិត​គេ​មិន​ចង់​ដាក់​រូប​សំណាក​ដើម​ពោធិ៍​ពីរ ឬ​បី​នោះ​ទេ ព្រោះ​រូប​សំណាក​ដើម​ពោធិ៍​ក៏​មាន​មួយ​ដើម​ហើយ​ដែរ នៅ​ក្នុង​បរិវេណ​វត្ត​ពោធិ៍​មាន​បុណ្យ ឋិតនៅ​ភូមិ​ដង្កៀបក្ដាម ឃុំ​ស្នាមព្រះ ស្រុក​បាកាន។

លោក ឡាច ផេងលី បានបញ្ជាក់ថា «ក្បាច់​រចនាបថ​ដែល​ឆ្លាក់​នៅ​លើ​ផ្ដិល​នេះ តំណាង​ឲ្យ​ពោធិ៍សាត់ ដែល​ពី​យូរលង់​ណាស់​មក​ហើយ មាន​ជាង​ចម្លាក់​ក្បាច់​ខ្មែរ​យើង​នៅ​ក្នុង​ឯកសារ​បង្ហាញ​ថា មាន​តែ​ខេត្ត​ពោធិ៍សាត់ យើង​ទេ ដែល​ឆ្លាក់​ថ្មកែវ​ហ្នឹង»

ការកសាងរូបចម្លាក់ផ្តិល គឺមានរង្វង់មូលផ្តិលមានអង្កត់ផ្ចិត២០ម៉ែត្រ ជើងទម្រផ្តិលមានបីថ្នាក់មានអង្កត់ផ្ចិត១១,២០ម៉ែត្រ កម្ពស់៣,១៥ម៉ែត្រ តួផ្តិតកម្ពស់ដល់គម្របលើប្រវែង៨,៨៥ម៉ែត្រ និងអង្គត់ផ្ចិតផ្តល់ ប្រវែង៦ម៉ែត្រ អាចផ្ទុកទឹកប្រមាណ១៣៥ម៉ែត្រគូប។

បើតាមលោក ខូយ សុខា អតីតអភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ប្រជាជនក្នុងខេត្តពោធិ៍សាត់ បានទទួលការបណ្តុះបណ្តាលតាំងពីសម័យសង្គមរាស្រ្តនិយម។ បច្ចុប្បន្ននៅទីរួមខេត្តពោធិ៍សាត់ សម្បូណ៌ទៅដោយចម្លាក់ថ្មកែវជាច្រើនកន្លែង មានកន្លែងលក់ដុំ និងលក់រាយផងដែរ។

ជាមួយគ្នានេះ មន្ទីរ​​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ពោធិ៍សាត់ បាន​លើក​យក​ឯកសារ​សម្អាង​ចំនួន​ពីរ​ក្នុង​ការ​ឲ្យ​និយមន័យ និង​សរសេរ​ឈ្មោះ​ខេត្ត​ពោធិ៍សាត់ គឺ​ទី​មួយ​វចនានុក្រម​សម្ដេច​សង្ឃរាជ ជួន ណាត និង​ទីពីរ សៀវភៅ​កម្ពុជ​សុរិយា ដែល​បោះពុម្ព​នៅ​ឆ្នាំ​២០០៣។ យោង​តាម​ឯកសារ​ទាំង​ពីរ​នេះ​បញ្ជាក់​ថា ពាក្យ “ពោធិ៍សាត់ (Pursat)” គឺ​ជា​ពាក្យ​ត្រឹមត្រូវ​របស់​ខេត្ត​នេះ មិនមែន “ពោធិសាត់ (Podhisat)” នោះ​ទេ។

នៅក្នុង​ឯកសារដដែល បានឲ្យដឹងថា ពោធិ៍សាត់ គឺ​ជា​ឈ្មោះ​ខេត្ត​មួយ​ក្នុង​កម្ពុជា​រដ្ឋ នៅ​ជាប់​ខាង​កើត​ខេត្ត​បាត់ដំបង។ តាម​ពាក្យ​ដំណាល​ពី​ព្រេងនាយ​ថា មាន​ដើម​ពោធិ៍​តូច​មួយ​រសាត់​ច្រាស​ទឹក​មក​ជា​អស្ចារ្យ​ប្លែក ហើយ​គេ​បាន​ស្រង់​យក​ទៅ​ដាំ​នៅ​កន្លែង​មួយ ដោយ​ហេតុ​ដូច្នេះ ទើប​ឲ្យ​ឈ្មោះ​ភូមិ​ប្រទេស​នោះ​ថា ពោធិ៍សាត់ ព្រោះ​ពាក្យ​ថា រសាត់ និង​សាត់ ជា​ពាក្យ​តែ​មួយ​អាច​ប្រើ​ជួស​គ្នា​បាន។ លុះក្រោយមកបាន​ក្លាយ​ជា “ពោធិ៍សាត់” រហូត​ដល់​សព្វថ្ងៃ។

សូមជម្រាបជូនថា ខេត្តពោធិ៍សាត់ ​មាន​ផ្ទៃ​ដី​សរុប ១២,៦៩២​គីឡូម៉ែត្រ​ការ៉េ ឋិត​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស មាន​ព្រំប្រទល់​ជាប់​​ខេត្ត​កំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង និង​ខេត្ត​បាត់ដំបង។

ទឹកដីនៃភូមិសាស្ត្រខេត្តពោធិ៍សាត់ សម្បូរទៅដោយជួរភ្នំធំៗពីរ គឺតំបន់វាលទំនាប និងតំបន់ទន្លេសាប ខ​ណៈតំបន់ជួរភ្នំក្រវាញ និងភ្នំឱរ៉ាល់ គឺជាភ្នំខ្ពង់ជាងគេនៅក្នុងប្រទេសកម្ពុជា ព្រមទាំងមានភ្នំជាច្រើនដែលមានសក្តានុពលធម្មជាតិ ទឹក រ៉ែ និងព្រៃឈើ។

តំបន់វាលទំនាបមានសក្តានុពលខាងវិស័យកសិកម្ម គឺដំណាំស្រូវ និងដំណាំផ្សេងៗទៀត។ រីឯតំបន់បឹងទន្លេសាបមានប្រភពទឹកមិនចេះរីងស្ងួន និងព្រៃលិចទឹក ដែលសម្បូណ៌ ទៅដោយជីវៈចម្រុះ មច្ឆជាតិ និងប្រភេទសត្វសាបជាច្រើន៕